ភ្នំពេញៈ យុទ្ធនាការ​មួយ​ឈ្មោះថា ​«​ខ្ញុំ​សន្សំ​»​ ត្រូវបាន​ធ្វើឡើង​រយៈពេល ៥ ​ខែ ចាប់ពី​ខែឧសភា ដល់​ខែកញ្ញា ​ឆ្នាំ ​២០២២​ នេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ប្រសិទ្ធភាព​ថាមពល និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​យុទ្ធនាការ​នេះ​កាលពី​ថ្ងៃទី​២៥ ខែឧសភា​បានឱ្យដឹងថា ស្របតាម​ការប្តេជ្ញា​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ យុទ្ធនាការ​លើ​បណ្តាញ​សង្គម​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា «​ខ្ញុំ​សន្សំ​» ឬ «iSave» ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​ប្រសិទ្ធភាព​ថាមពល​។ តាមរយៈ​ការស្វែងយល់​និង​អនុវត្ត​ទម្លាប់​ងាយៗ អ្នកប្រើប្រាស់​តាម​ផ្ទះ​និង​ម្ចាស់​អាជីវកម្ម​នឹង​អាច​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល ចំណេញ​ថវិកា និង​រួមចំណែក​បង្កើត​បរិស្ថាន​ប្រកបដោយ​សុខភាព​។

​យុទ្ធនាការ​«​ខ្ញុំ​សន្សំ​»​ត្រូវបាន​គាំទ្រ​ដោយ​ការិយាល័យ Foreign Commonwealth and Development Office (FCDO)​ របស់​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស ហើយ​ត្រូវ​បានរៀបចំ​ដោយ​ក្រុមហ៊ុន​Carbon Trust ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​កាត់បន្ថយ​កាបូន​ក្នុង​តំបន់​អាស៊ាន និង​អនុវត្ត​ដោយ​ដៃគូ ដែល​រួមមាន​ស៊ី​អ៊ិន​វេស​មិន ដែលជា​សហគ្រាស​សង្គម​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស ធុន​តូច​របស់​សហគ្រិន​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កិច្ច​ផ្តួចផ្តើម​មួយ​នេះ​មាន​គោលបំណង​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ក្នុងប្រទេស​កម្ពុជា​ក្នុងការ​ធន់​ទៅនឹង​អាកាសធាតុ កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ក្នុងការ​ចូលរួមចំណែក​កាត់បន្ថយ​ការបំពុល​ជាស​កល ទៅតាម​លទ្ធភាព​និង​ធនធាន​របស់ខ្លួន​។ កម្ពុជា​ក៏បាន​បង្ហាញ​ពី​ទស្សនវិស័យ​និង​យុទ្ធសាស្ត្រ​ដែលជា​ត្រីវិស័យ​ដឹកនាំ​ប្រទេស​ទៅកាន់​សេដ្ឋកិច្ច​ដែលមាន​តុល្យភាព​កាបូន​ទូទាំងប្រទេស​នៅត្រឹម​ឆ្នាំ​២០៥០​។

​លោកស្រី ​Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​សេចក្តី​ប្រកាសថា​៖ «​ការផ្លាស់ប្តូរ​របត់​ទៅ​កាន់​ថាមពល​ស្អាត​ដែល​ដើរ​ទន្ទឹមគ្នា​នឹង​ប្រសិទ្ធភាព​ថាមពល​ក្លាយជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ធានា​នូវ​សន្តិសុខ​អាកាសធាតុ​និង​ថាមពល និង​ភាពរុងរឿង​សម្រាប់​ប្រទេស​កម្ពុជា​និង​ពិភពលោក​ទាំងមូល​»​។​

​លោកជំទាវ​បាន​បន្តថា សន្និសីទ​ក្រុងប៉ារីស​លើក​ទី​២៦ របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បានទទួល​ភាពជោគជ័យ​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង ក្លាស​ហ្គូ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោយពី​ភាគី​ចំនួន ១៩៧​ភាគី​បាន​យល់ព្រម​នៅក្នុង​កតិកាសញ្ញា​អាកាសធាតុ​ទីក្រុង​ក្លាស​ហ្គូ មូលមតិ​គ្នា​ទៅលើ​ភាពចាំបាច់​នៃ​សកម្មភាព​លើ​អាកាសធាតុ​។ ដើម្បី​បន្ត​ភាពជោគជ័យ​មួយ​នេះ​នៅក្នុង​ឆ្នាំ​២០២២ និង​ឆ្លើយតប​នឹង​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ការផ្លាស់ប្តូរ​ជាស​កល​ក្នុងការ​ប្រើប្រាស់​ថាមពល​ស្អាត​និង​ប្រកបដោយ​ប្រសិទ្ធភាព​ពិតជា​មានការ​ចាំបាច់​ខ្លាំងណាស់​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖«​នៅ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ពួកយើង​ពិតជា​មាន​សេចក្តី​រីករាយ​ក្នុង​ការបន្ត​ការគាំទ្រ​របស់​យើង​ទៅលើ​ប្រទេស​កម្ពុជា ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​សម្រាប់​សន្តិសុខ​ថាមពល​នៅថ្ងៃនេះ​និង​នាពេល​អនាគត​»​។​

«​ខ្ញុំ​សន្សំ​» មាន​គោលបំណង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​សហគ្រិន​ជា​ស្ត្រី យុវជន និង សាធារណជន​អំពី​ការប្រើប្រាស់​ថាមពល​ប្រកបដោយ​ទំនួល​ខុសត្រូវ​។ តាមរយៈ​ទំព័រ​របស់ខ្លួន «​ខ្ញុំ​សន្សំ​» នឹង​ផ្តល់​វិធីសាស្ត្រ​ងាយៗ សាមញ្ញ ក៏ដូចជា​ព័ត៌មាន​នានា ដែល​អាចឱ្យ​ប្រជាជន​តាម​ផ្ទះ​ឬ​សហគ្រិន​អាច​ប្រើប្រាស់​ជា​ក្បួន​ណែនាំ​ស្តីពី​ការប្រើប្រាស់​និង​ការសម្រេចចិត្ត​ប្រចាំថ្ងៃ​ទាក់ទង​នឹង​ថាមពល មានដូចជា​៖​ពន្យល់​ពី​និយមន័យ​នៃ​ប្រសិទ្ធភាព​ថាមពល ជាមួយនឹង​ឧទាហរណ៍​, ពន្យល់​ពី​សារៈសំខាន់​នៃ​ការលាង​សម្អាត​ម៉ាស៊ីនត្រជាក់ និង​របៀប​ដែល​វា​អាច​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​, កំណត់​អេក្រង់​កុំព្យូទ័រ​ទៅជា sleep mode ឬ​បិទ​កុំព្យូទ័រ​ឱ្យបាន​ត្រឹមត្រូវ​ពេល​មិន​ប្រើ​, ចែករំលែក​គន្លឹះ​ក្នុងការ​សន្សំសំចៃ​ថវិកា​តាមរយៈ​ការទិញ​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ឬ​សម្ភារ​ការិយាល័យ​ដែលមាន​ស្លាក​សញ្ញា​ប្រសិទ្ធភាព​ថាមពល​, ប្រើ​បន្ទះ​ថាមពល​ឆ្លាត​វៃ​ដែល​អាច​រកឃើញ​នៅពេលដែល​ឧបករណ៍​ស្ថិតនៅក្នុង​standby mode និង​កាត់​បន្ថយថាមពល​ដើម្បី​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​។​

​លោក ​Chris Stephen នាយក​នៃ​ក្រុមហ៊ុន Carbon Trust ប្រចាំ​តំបន់​អាស៊ី និងអាហ្វ្រិកបាន​ថ្លែងថា មតិ​ដែល​បានមកពី​ការពិភាក្សា​ក្រុម​បាន​បង្ហាញថា បើទោះបីជា​ពួកគេ​មានការ​ចាប់អារម្មណ៍​លើ​ការ​សន្សំ​ថាមពល​ក៏ដោយ ក៏​កង្វះ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ប្រសិទ្ធភាព​ថាមពល​នៅតែ​ជា​បញ្ហា​ចោទ​។ «​ខ្ញុំ​សន្សំ​» មាន​គោលបំណង​ជួយ​លុប​គម្លាត​នេះ​ដោយ​ផ្តល់នូវ​ព័ត៌មាន​និង​មាតិកា​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់ ដើម្បី​ធ្វើឱ្យ​វា​ងាយស្រួល​សម្រាប់​ពួកគេ​ក្នុងការ​ទទួលបាន​ដំបូន្មាន​ដែល​ពួកគេ​ត្រូវការ​ដើម្បីឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថាមពល និង​ដើម្បី​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ថាមពល​ជាដើម​៕