មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ឱ្យ​ម្ចាស់​ឬ​នាយក​រោងចក្រ សហគ្រាស​ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ត្រូវ​ប្រកាស​អធិការកិច្ច​ការងារ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ឱ្យបាន​មុន​ដំណាច់​ខែមិថុនា និង​មុន​ដំណាច់​ខែធ្នូ នៃ​ឆ្នាំ​នីមួយៗ​។​

​លោក អ៊ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើង​ដូចនេះ​តាមរយៈ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​​ ២៧ ខែឧសភា ស្តីពី​ការអនុវត្ត​របប​ស្វ័យ​ប្រកាស​អធិការកិច្ច​ការងារ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​។

​លោក​បានឱ្យដឹងថា ៖ «​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ឱ្យមាន​កាតព្វកិច្ច​ស្វ័យ​ប្រកាស​អធិការកិច្ច​ការងារ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចំនួន ២ លើក​ក្នុង​មួយឆ្នាំ គឺ​លើក​ទី​១ ឱ្យបាន​មុន​ដំណាច់ខែ​មិថុនា និង​លើក​ទី​២ ឱ្យបាន​មុន​ដំណាច់​ខែធ្នូ នៃ​ឆ្នាំ​នីមួយៗ តាមរយៈ​គេហទំព័រ​៖ https://sicms.mlvt.gov.kh ចាប់ពី​ថ្ងៃទី​ ១ ខែ មិថុនា ឆ្នាំ​ ២០២២»​។​

​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ក្នុង​របាយការណ៍​ស្វ័យ​ប្រកាស​អធិការកិច្ច​ការងារ​មាន​ចំណុច​អាទិភាព​ចំនួន​៣១ ដែលមាន​កំណត់​នៅក្នុង​លិខិត ដាក់​កំហិត​របស់​អធិការ​ការងារ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវអនុវត្ត​ឱ្យ​ខាន​តែ​បាន​តាម​លិខិត​ដាក់​កំហិត​នេះ ក្នុងករណី​ល្មើ​សនឹង​ចំណុច​អាទិភាព​ណាមួយ​នឹងត្រូវ​ទទួលរង​ការផាកពិន័យ​ភ្លាមៗ​ពី​អធិការ​ការងារ​យោងតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

​ជាមួយគ្នានេះដែរ លោក​ក៏បាន​ក្រើនរំឭក​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ផងដែរ ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ដែលជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅតាម​រោងចក្រ សហគ្រាស​។

​លោក អ៊ិត សំហេង ថា ៖ «​ដូច្នេះ លោក​/​លោកស្រី ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រាជធានី ខេត្ត និង​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី ខេត្ត ដើម្បី​ជំរុញ​និង​រៀបចំ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ជូន​កម្មករនិយោជិត​នៅតាម​រោងចក្រ សហគ្រាស ដោយ​អាច​បន្ត​ដំណើរការ ផលិតកម្ម​/​អាជីវកម្ម​តាម​ធម្មតា​»​។​

​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា អធិការ​ការងារ នឹង​ចុះ​ធ្វើ​អធិការកិច្ច​ការងារ​ពិសេស ដើម្បី​ត្រួតពិនិត្យ​ទិន្នន័យ​កម្មករនិយោជិត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​។ ក្នុងករណី​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​មិន​បានធ្វើ​របាយការណ៍​ស្វ័យ​ប្រកាស​អធិការកិច្ច​ការងារ តាម កាលកំណត់ និង​មិន​ព្រម​អនុវត្តតាម នឹងត្រូវ​ទទួល​ការពិន័យ ឬ​ផ្តន្ទាទោស​តាមច្បាប់ និង ការចាត់វិធានការ​តាមផ្លូវ​ច្បាប់​ពី​ក្រសួង​៕