សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ និង​ពន្យល់​បន្ថែម​អំពី​ខ្លឹមសារ​នៃ​អនុសាសន៍​របស់​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​អង្គរ ជូន​ទៅដល់​ផ្នែក​ជំនាញ​ទាំង​អស់នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្ងៃទី​ ២៧ ខែ ឧសភា ឆ្នាំ​ ២០២២ ​នេះ នាទី​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​ការចូលរួម​ពី​លោក​សាស្ត្រាចារ្យ Azedine Beschaouch លេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ អគ្គនាយករង ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​មន្ត្រី​ជំនាញ​មួយចំនួនទៀត​។​

​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា លោក​ ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បានផ្តល់​អនុសាសន៍​ណែនាំ​ដល់​ក្រុមការងារ​គ្រប់​ជំនាញ​ទាំងអស់ ត្រូវ​បង្កើន​កិច្ចសហការ​ណ៍ ចែករំលែក​ព័ត៌មាន និង​បទពិសោធ​ដល់​គ្នា​ទៅវិញទៅមក ដើម្បីឱ្យ​ដំណើរការ​នៃ​ការអនុវត្ត​គម្រោង​នៅតាម​ការដ្ឋាន​នីមួយៗ​កាន់តែ​ល្អប្រសើរ និង​ស្របតាម​អនុសាសន៍​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​អង្គរ​។​

​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ និង​ពន្យល់​បន្ថែម​អំពី​ខ្លឹមសារ​នៃ​អនុសាសន៍ របស់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ គឺមាន​សារៈសំខាន់​ណាស់​នៅក្នុង​ការតាមដាន ត្រួតពិនិត្យ ទៅលើ​ប្រសិទ្ធភាព​ការងារ​នៅតាម​ការដ្ឋាន​នីមួយៗ​។ ក្នុងនោះ​ជា​រៀងរាល់ខែ លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​ដឹកនាំ​ការប្រជុំ ចុះ​ត្រួតពិនិត្យ ជាក់ស្តែង លើ​ការ​អនុវត្តតាម​ទីតាំង​ការដ្ឋាន​នីមួយៗ​មិនដែល​ខកខាន​ឡើយ​៕