លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សារាចរ​ណែនាំ​ពី​ការថែទាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​ ​២០២២ ដោយ​ទឹកភ្លៀង​បានចាប់ផ្តើម​ធ្លាក់​លឿន​ជាង​បណ្តា​ឆ្នាំមុនៗ និង​រាយប៉ាយ​ស្ទើរ​គ្រប់​តំបន់​ដែល​បានផ្តល់​អំណោយផល​ដល់​ការដាំដុះ​ដំណាំ​ស្រូវ​ដើមរដូវ​។

​យោងតាម​សារាចរ ចុះ​ថ្ងៃទី​២៧ ខែឧសភា ដែល​ចុះហត្ថលេខា​ដោយ​លោក វេ​ង សាខុន បាន​លើកឡើងថា គិត​ត្រឹម​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ កសិករ​សម្រេច​ដាំ​ដុះ​ដំណាំ​ស្រូវវស្សា​បាន​ចំនួន ៥០២ ៧៩៩​ហិកតា ស្មើនឹង​១៩,១៩% នៃ​ផែនការ ២ ៦១៩ ៥០០ ហិកតា ក្នុងនោះ​ស្រូវស្រាល​ចំនួន ៣១៧ ៦៦៣​ហិកតា​, ស្រូវកណ្តាល​ចំនួន ៩៩ ៣១១​ហិកតា​, ស្រូវធ្ងន់​ចំនួន ៧៩ ០៤៥ ហិកតា​, ស្រូវចម្ការ​ចំនួន ៦៣៧​ហិកតា និង​ស្រូវ​ឡើង​ទឹក​ចំនួន ៦ ១៤៣​ហិកតា​។

​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ក្នុង​រយៈពេល​ដូចគ្នា ការដាំដុះ​ដំណាំ​ស្រូវវស្សា​មាន​ភាពយឺត​ជាង ព្រោះ​តំបន់​មួយចំនួន​លិច​ទឹក និង​ជោកជាំ​ពេក​មិនអាច​ភ្ជួរ​រាស់​កើត​។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ បាន​ជួបប្រទះ​នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ដើមរដូវ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ប្រមាណ ៦ ០១៦​ហិកតា និង​ខូចខាត​ចំនួន ៣ ៥១៣​ហិកតា ក្នុងនោះ​ខេត្តបន្ទាយមានជ័យ​មាន​ផ្ទៃដី​ប៉ះពាល់​ចំនួន ៤ ៦៦៤​ហិកតា និង​ខូចខាត​ចំនួន ២ ៣៨០​ហិកតា និង​ខេត្ត​ត្បូងឃ្មុំ​មាន​ផ្ទៃដី​ប៉ះពាល់ ចំនួន ១ ៣៣៧​ហិកតា និង​ផ្ទៃដី​ខូចខាត​ចំនួន ១ ១៣៣​ហិកតា​។​

​លោក វេ​ង សាខុន បាន​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ ក្រសួង មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត​ទាំងអស់ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ វិធានការ​ចាំបាច់ និង​បន្ទាន់​មួយចំនួន​ដើម្បី​បង្កបង្កើនផល​សម្រេចបាន​ល្អប្រសើរ​។​

​លោក​បាន​លើកឡើងថា ៖ «​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ចុះ​ណែនាំ​កសិករ​ឱ្យ​យកចិត្តទុកដាក់​ពិនិត្យ​ស្រែ និង​ត្រៀមលក្ខណៈ​រៀបចំ​ដីស្រែ ជាពិសេស​ត្រូវ​បិទ​ភ្លឺ និង​បូមទឹក​ចេញពី​ក្នុង​ស្រែ ករណី​មានការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ដើមរដូវ​នេះ និង​ត្រូវ​ចុះ​ជំរុញ​ឱ្យ​ប្រជាកសិករ​ចាប់ផ្តើម​ដាំ​ដុះ​ស្រូវ​រដូវវស្សា​ពឹង​ទឹកភ្លៀង​នៅ​តំបន់​ខ្ពស់ ដែល​កសិករ​ទម្លាប់ ដាំ​ដុះ​ក្នុង​ខែកក្កដា ឬ​ខែសីហា ឱ្យប្រញាប់​ប្រញាល់​ដាំ​ដុះ ព្រោះ​ឆ្នាំនេះ​មិន​មានកូន​រដូវប្រាំង​ទេ​»​។​

​រដ្ឋមន្ត្រី​រូបនេះ​បាន​ណែនាំ​ឱ្យ​ចុះ​ណែនាំ​បច្ចេកទេស​ថែទាំ​ដំណាំ​ស្រូវ ដូចជា​ការប្រើប្រាស់​ជី​បំប៉ន ថ្នាំ​កសិកម្ម និង​ការគ្រប់គ្រង​សមាសភាព​ចង្រៃ ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

​លោក​ថា ៖ «​ត្រូវ​ណែនាំ​កសិករ​ឱ្យ​ត្រៀម​ឧបករណ៍ សម្ភារ និង​គ្រាប់​ពូជស្រូវ សម្រាប់​ដាំ​ដុះ​ស្តារឡើងវិញ​ក្នុងករណី មានការ​ខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់ ហើយ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​ត្រូវ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ផលប៉ះពាល់ និង​ការខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​»​។​

​ក្រសួង​និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន សំដៅ​ជួយ​អន្តរាគមន៍​ដល់​កសិករ​ក្រីក្រ និង​អ្នក​ងាយ​រងគ្រោះ​ដែល​ខ្វះ​លទ្ធភាព​រក​គ្រាប់​ពូជស្រូវ ដើម្បី​លើកសំណើ​សុំ​មក​គណៈកម្មាធិការ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា (​ប​.​ស​.​ប​.​ក​)​ផងដែរ​។​

​លោក វេ​ង សាខុន បាន​សង្កត់ធ្ងន់ថា ៖ «​អគ្គនាយកដ្ឋាន​កសិក​ម្ម អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត ត្រូវ​សហការ​ឱ្យបាន​ល្អជា​មួយ​នឹង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន និង ដៃគូ​អភិវឌ្ឍន៍​នានា អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​ជោគជ័យ​»៕