ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) អះអាងថា ថ្ងៃទី ២៧ ខែឧសភា ដែលជាថ្ងៃទី ៧ នៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ របស់គណបក្សនយោបាយ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
គជប បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៧ ខែឧសភា ថា៖ «ចំពោះសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទី៧នេះគឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង»។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងថ្ងៃទី៧នេះ គណបក្សនយោបាយបានធ្វើសកម្មភាពស្វែងរកការគាំទ្រ តាមរយៈការឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់។
សកម្មភាពឃោសនាតាមរយៈការជួបប្រជុំ ការចែកខិត្តបណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយនៅតែផុលផុស ខណៈសកម្មភាពហែក្បួនត្រូវបានរៀបចំនៅតាមឃុំ សង្កាត់មួយចំនួនផងដែរ។
សេចក្តីប្រកាសព័ត៌មានបន្តថា ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យសម្រាប់សកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ បិទផ្សាយរូបភាព និងចាក់មេក្រូ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពចំនួន៥៥ឃុំសង្កាត់ គណបក្សភ្លើងទៀនចំនួន ៣៥ ឃុំសង្កាត់ គណបក្សខ្មែររួបរួមជាតិចំនួន ១៨ ឃុំសង្កាត់ គណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៦ឃុំសង្កាត់ គណបក្សខ្មែរស្រឡាញ់ជាតិចំនួន៦ឃុំ សង្កាត់ ហើយគណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សឆន្ទៈខ្មែរបានធ្វើសកម្មភាពចំនួន១ឃុំ សង្កាត់។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ចំពោះការហែក្បួនគណបក្សភ្លើងទៀនបានធ្វើសកម្មភាព ៣ ឃុំ គណបក្សហ្វ៊ុនស៊ិនប៉ិចបានហែក្បួនចំនួន ១ ឃុំ និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនចំនួន១ឃុំ។
ការឃោសនាបោះឆ្នោតឃុំ សង្កាត់គឺមានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ខណៈថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា៕