ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានៅតែមានសង្ឃឹមថា កិច្ចប្រឹងប្រែងរបស់កម្ពុជានឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះ «ដ៏រឹងមាំ» ដើម្បីស្វែងរកសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ា ទោះបីវិបត្តិនៅប្រទេសនេះមានលក្ខណៈចាក់ស្រែះជ្រៅក៏ដោយ។
លោកបានសរសេរនៅលើហ្វេសប៊ុក ក្រោយពីបញ្ចប់កិច្ចប្រជុំដើម្បីជូនព័ត៌មានលើកទី២ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ា នាថ្ងៃទី២៧ ខែឧសភា ដែលរហូតមកដល់ពេលនេះមានរយៈពេល ៥ ខែ បន្ទាប់ពីលោកបានជូនព័ត៌មានលើកដំបូងកាលពីដើមខែមករា។
លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានសរសេរថា ប្រទេសមីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជាវិបត្តិនយោបាយ និងសេដ្ឋកិច្ច ជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយលោកអះអាងថា៖ «យ៉ាងណាក្តី មិនមែនមានន័យថាអស់សង្ឃឹមនោះទេ ដរាបណាយើងទាំងអស់ រួមទាំងអាស៊ាននិងសហគមន៍អន្តរជាតិ បន្តប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ាប្រកបដោយការស្ថាបនា ផ្ទុយពីនយោបាយឯកោនិយម»។
លោកបន្តថា៖ «កម្ពុជាទទួលស្គាល់ថាវិបត្តិមីយ៉ាន់ម៉ាគឺមានលក្ខណៈចាក់ស្រែះជ្រៅ។ ស្របពេលដែលយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងនាមជាប្រធានអាស៊ាន យើងនៅតែសង្ឃឹមថាកិច្ចប្រឹងប្រែងនោះនឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ាទាំងមូល»។
រដ្ឋមន្ត្រីរូបនេះអះអាងថា ខណៈពេលដែលលោកទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកទី២ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលដ៏ខ្លីខាងមុខនេះ លោកតែងតែគិតពីចំណុចសំខាន់ៗចំនួន៥ គឺ ទី១គឺការបញ្ឈប់អំពើហិង្សា ទី២គឺការចូលរួមប្រាស្រ័យទាក់ទងគ្នាក្នុងន័យស្ថាបនា ទី៣គឺយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ទី៤គឺជំនួយមនុស្សធម៌ និងជាពិសេសចុងក្រោយគឺសុទិដ្ឋិនិយម៕