ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កែសម្រួល​ផ្ទៃដី​ទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពី​តំបន់​៣ បញ្ចូលមក​តំបន់ ​២ នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ​ ១ ៦៥៨ គ្រួសារ​សម្រាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល​។​

​យោងតាម​អនុក្រឹត្យ​លេខ ១១១ អនក្រ​.​បក ចុះហត្ថលេខា​ដោយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៧ ខែឧសភា​ដោយ​ឱ្យដឹងថា បាន​សម្រួល​ផ្ទៃដី​ទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ចេញពី​តំបន់​៣ នៃ​បឹង​ទន្លេសាប ដែល​កំណត់ដោយ​អនុក្រឹត្យ​លេខ​១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១ បញ្ចូលមក​តំបន់ ២ ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន ១ ៦៥៨ គ្រួសារ ប្រើប្រាស់ និង​អាស្រ័យ​ផល​។

​អនុក្រឹត្យ​នេះ​បន្តថា ក្នុងនោះ ១.​ឃុំ​កំពង់​ពោធិ៍ ឃុំ​កំពង់​លួង់ ឃុំ​អ​ន្សា​ចំបក់ ឃុំ​អូរសណ្តាន់ ស្រុក​ក្រគរ ដី​ទំហំ ១ ១២២ ហិកតា ៤៥ អា ជូន​ប្រជាពលរដ្ឋ​ចំនួន ៧០៦ គ្រួសារ​។ ២.​ឃុំ​ក​ញួ​រ ឃុំ​រាំង​ទិល ឃុំ​ស្យា ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ដី​ទំហំ ១ ១៦៩ ហិកតា ៧២ អា ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៨៥ គ្រួសារ​។ និង ៣.​ឃុំ​បឹង​បត់​កណ្តោល ឃុំ​មេទឹក និង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ដី​ទំហំ ១ ១៥៦ ហិកតា ៦០ អា ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៦៧ គ្រួសារ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​កាលពី​ថ្ងៃទី ២៧ ខែឧសភា ថ្លែងថា​បឹង​ទន្លេសាប​ជា​បឹង​ដ៏​ធំ​មួយ ហើយ​ជា​បឹង​ដែលមាន​ប្រភព​ត្រី​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ថែរក្សា និង​អភិរក្ស​។ តំបន់​បឹង​ទន្លេសាប​ចែកចេញជា​៤​តំបន់ ហើយ​តំបន់​ទី​៤ ជា​តំបន់​ដែល​ទាមទារ​ឱ្យមាន​ការអភិរក្ស​ជាដាច់ខាត​។​

​លោក​បន្តថា តំបន់​បឹង​ទន្លេសាប​នេះ ចែកជា​២​កត្តាចាំបាច់ ដែល​កត្តា​ទី​១ ការអភិរក្ស និង​កត្តា​ទី​២ គឺ​ត្រូវតែ​គិតដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​នោះ​។ បញ្ហា​បឹង​ទន្លេសាប ត្រូវ​គិត​លើ​គោលការណ៍​សំខាន់​៣ ហើយ​គោលការណ៍​ដែល​ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​គោលការណ៍​ថ្លឹងថ្លែង​ជាមួយ​ការអភិរក្ស និង​គោលការណ៍​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាក់ស្តែង​។

​លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ទៅដល់​ខេត្ត​ទាំង​៦​ដែល​ស្ថិត​នៅជាប់​នឹង​បឹង​ទន្លេសាប ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​។ ជាមួយគ្នានេះ លោក​ក៏បាន​ណែ​នាំឱ្យ​ពិនិត្យ​ពិចារណា​ស្ថានភាព​ជាក់ស្តែង ដោយ​កាត់​ឆ្វៀល​ដី​ពី​តំបន់​២ និង​តំបន់​៣ ជូនទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាក់ស្តែង និង​ឱ្យ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣​ឡើងវិញ ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​។

​លោក​ក៏បាន​ណែនាំ​ឱ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដឹកនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងការ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣​នេះ​ជាពិសេស​បាន​ណែនាំ​ឱ្យ​រៀបចំ​ជា​បង្គោល​ធំៗ​នៅតាម​ព្រំប្រទល់​ដែល​ត្រូវ​បែងចែក​តំបន់​បឹង​ទន្លេសាប​នេះ​។

​លោក​ថ្លែងថា​៖«​ទីតាំង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​រាប់សិប​ឆ្នាំ​មកហើយ​នោះ គឺ​ត្រូវ​រក្សា និង​ចេញ​កម្មសិទ្ធិ​ជូន​ពួកគាត់ ហើយ រាជរដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នកមានអំណាច និង​អ្នកមាន​លុយ ហើយ​ទៅ​ជ្រក​ក្រោមរូបភាព ជា​ពលរដ្ឋ ហើយ​បាន​កាប់​ទន្ទ្រាន​ដី​ដែល​ត្រូវបាន​ហាមឃាត់​នៅ​បឹង​ទន្លេសាប​។ ភូមិឋាន និង​តាំងទី​លំនៅ​របស់​ប្រជាពលរដ្ឋ ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​នោះ មិនអាច​រុះរើ​ចេញ​បាន​នោះឡើយ ដូច្នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួង​ធនធានទឹក ក្រសួងកសិកម្ម និង​អាជ្ញាធរខេត្ត ត្រូវធ្វើ​ការពិនិត្យ​មើល​ថា តើ​កន្លែង​ណា​គោក​រាក់ ហើយ​ត្រូវ​បូម​ស្តារឡើងវិញ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ផ្ទៃដី​ដែល​កាត់​ឆ្វៀល គឺ​សំដៅ​អ្នក​អាស្រ័យ​ផល​យូរ​ឆ្នាំ មិន​រាប់​អ្នក​ទើប​ទៅកាន់​កាប់​ត្រឹមតែ​២ ឬ​៣​ឆ្នាំ​នោះទេ​។ លោក​ក៏បាន​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​កាត់​ឆ្វៀល​ដី​ជូន​ហើយ​នោះ សូមកុំ​បន្ត​កាប់​ទន្ទ្រាន​ដី​ដែល​ត្រូវបាន​អភិរក្ស​បន្តទៅទៀត​។ ដី​ដែល​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ គឺជា​ដី​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​យ៉ាងតិច​បំផុត​១០​ឆ្នាំ ឬ​ដី​ដែល​មិនមែនជា​ដី​លិច​ទឹក ដែល​អាចឱ្យ​ប្រកបមុខរបរ​កសិកម្ម​បាន​យ៉ាង​ងាយស្រួល​។

​ជាមួយគ្នានេះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែ​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ទៅលើ​ពលរដ្ឋ​របស់ខ្លួន ដែល​រស់នៅ និង​អាស្រ័យ​ផល​លើដី​ជុំវិញ​បឹង​ទន្លេសាប​នេះ ដោយ​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ នឹងចូលរួម​អនុវត្ត​នូវ​កិច្ចការងារ​នេះ​ប្រកបដោយ​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព ដើម្បី​ផលប្រយោជន៍​ប្រជាជន​៕