ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទបញ្ចប់ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៨ ខែឧសភានេះបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងផ្តោតសំខាន់ទៅលើការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបិទដំណើរការឃោសនាបោះឆ្នោត, និង ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៤:០០នាទីល្ងាច នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប ក្រោមអធិបតីភាព លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បបញ្ជាក់ថា ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទាំង១៧ ចាប់តាំងពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២រហូតមកទល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយគ្រប់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕