ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ថ្លែង​ថា ការ​បង្កើត​ការិយាល័យ​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិ្តបត្តិការ (SDC) នៅ​កម្ពុជា​រយៈពេល ១០​ឆ្នាំ​មក​នេះ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត និង​ភាព​ជា​ដៃគូ​ដ៏​យូរ​អង្វែង​របស់ SDC ជាមួយ​កម្ពុជា ដោយលោក​ចាត់​ទុក SDC គឺ​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ​ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វិស័យ​ផ្សេង​ទៀត។

លោក​លើក​ឡើង​ដូច្នេះ​នា​ឱកាស​ខួប ១០ ឆ្នាំ​នៃ​ការ​បង្កើត​ការិយាល័យ SDC នៅកម្ពុជា និង​ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​ស៊្វីស​នៅ​ក្នុង​តំបន់​មេគង្គ ឆ្នាំ២០២២-២០២៥ នា​ថ្ងៃ​ទី២៧ ខែ​ឧសភា នៅ​រាជធានី​ភ្នំពេញ។

លោកថ្លែងថា ការ​បង្កើត​ការិយាល័យ SDC នៅ​កម្ពុជា​រយៈពេល ១០ ឆ្នាំ​មក​នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​ភាព​ជា​ដៃគូ​ដ៏​យូរ​អង្វែងជាមួយ​កម្ពុជា ហើយ​លោក​បាន​កោត​សរសើរ​ចំពោះ​ប្រទេស​ស៊្វីស និង​ប្រជាជន​ស៊្វីស​ចំពោះ​ការ​គាំទ្រ «ដ៏​សប្បុរស» ដល់​កម្ពុជា​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ផងដែរ។

លោក អ៊ិត សំហេង ថ្លែងថា៖ «SDC គឺជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា តាម​រយៈ​គម្រោង​ផ្សេងៗ ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ច អភិបាល​កិច្ច ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ជាដើម»។

លោកបន្ថែមថា ក្រសួង​ការងារ​របស់​លោក​បាន​ទទួល​ការ​គាំទ្រ​ពី SDC លើ​គម្រោង​ជា​ច្រើន​រួម​ទាំង​ឧបករណ៍​បរិក្ខារ បច្ចេកទេស និង​ហិរញ្ញវត្ថុ។ ប្រទេស​ស៊្វីស និង SDC បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​លើ​ផ្នែក​ឧបករណ៍​បរិក្ខារ បច្ចេកទេស និង​ហិរញ្ញវត្ថុ ដល់​កម្ពុជា​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​បាន​នាំ​យក​បទ​ពិសោធ ចំណេះ​ដឹង និង​បច្ចេក​ទេស​នានា​មក​ជួយ​ដល់​កម្ពុជា។

រដ្ឋមន្ត្រី​រូប​នេះ​បន្ត​ថា៖ «SDC បាន និង​កំពុង​ធ្វើ​ការ​ជាមួយ​ដៃគូ​នានា​ជាច្រើន រួម​ទាំង​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល វិស័យ​ឯកជន និងដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត សម្រាប់​ការ​គាំទ្រ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​រួមបញ្ចូល យុទ្ធសាស្ត្រ​រយៈពេល ៤​ឆ្នាំ ស្រប​តាម​ផែនការ​យុទ្ធសាស្រ្ត​ជា​អាទិភាព​របស់​កម្ពុជា និង​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​កម្ពុជា»៕