
រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ លោក កើត រិទ្ធ ថ្លែងក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់ លោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ជំនួស លោក ជីវ ចាន់តារា ដែលត្រូវបានផ្ទេរមុខតំណែងទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពតវិញកាលពីថ្ងៃទី២៧ ខែឧសភា។ ក្រសួងយុត្តិធម៌
តាកែវៈ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ លោក កើត រិទ្ធ បានណែនាំដល់ចៅក្រមទាំងអស់នៃអយ្យការអមសាលាដំបូងខេត្តតាកែវ គប្បីព្យាយាមធ្វើការសម្របសម្រួល និងការផ្សះផ្សាវិវាទក្នុងសំណុំរឿងរដ្ឋប្បវេណីក្នុងប្រព័ន្ធតុលាការ ក្រោយពីទទួលបានពាក្យបណ្តឹង ដើម្បីអាចបញ្ចប់វិវាទនោះឱ្យបានឆាប់រហ័សផង និងម៉្យាងទៀត ធ្វើឱ្យគូភាគីទទួលបាននូវលទ្ធផលឈ្នះ-ឈ្នះ ទាំងអស់គ្នា ដែលនេះក៏ជាយុត្តិធម៌មួយសម្រាប់គូភាគីផងដែរ។
ការណែនាំរបស់លោក កើត រិទ្ធនេះ ធ្វើឡើង នៅក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់ លោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ជំនួស លោក ជីវ ចាន់តារា ដែលត្រូវបានផ្ទេរមុខតំណែងទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពតវិញកាលពីថ្ងៃទី២៧ ខែឧសភា។
លោកបន្តថា ការព្យាយាមសម្របសម្រួល និងការផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគីក្នុងសំណុំរឿងរដ្ឋប្បវេណី គឺត្រូវធ្វើឡើងផ្អែកតាមស្មារតីនៃមាត្រា៩៧ និង២២០ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលផ្តល់សិទ្ធិឱ្យចៅក្រមអាចសាកល្បងធ្វើការសម្របសម្រួល និងផ្សះផ្សារវាងគូភាគី នៅគ្រប់ដំណាក់កាលនៃនីតិវិធីតុលាការ ដើម្បីបញ្ចប់វិវាទនៅក្នុងសំណុំរឿងរដ្ឋប្បវេណី។
លោកថ្លែងថា៖«ទន្ទឹមនេះ ផ្អែកតាមមាត្រា ២២២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ការសម្របសម្រួល និងការផ្សះផ្សាដែលធ្វើឡើងនៅក្នុងប្រព័ន្ធតុលាការ នៅក្រោយពេលដែលតុលាការទទួលបានពាក្យបណ្តឹង គឺមានតម្លៃគតិយុត្តរឹងមាំ ដោយហេតុថា កំណត់ហេតុស្តីពីការសះជា ដែលជាលទ្ធផលនៃការផ្សះផ្សាបញ្ចប់វិវាទនៅក្នុងប្រព័ន្ធតុលាការ គឺមានអានុភាពអនុវត្តដូចសាលក្រមស្ថាពរ»។
លោកបញ្ជាក់ទៀតថា ការជំរុញការសម្របសម្រួល ផ្សះផ្សាបញ្ចប់វិវាទដោយតុលាការ និងតាមរយៈយន្តការសន្ធានកម្ម ត្រូវបានចាត់ទុកជាការងារអាទិភាពដ៏សំខាន់មួយ ក្នុងការងារកែទម្រង់វិស័យយុត្តិធម៌ ស្របតាមអនុសាសន៍ដឹកនាំ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់វិវាទដែលអាចសម្រុះសម្រួលគ្នាបាន ដើម្បីធានាបាននូវស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា ដែលជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវពង្រឹងកិច្ចសហការឱ្យបានកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន និងដោយប្រកាន់ឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ, ឧត្តមគតិជាតិ និងភាពស្មោះត្រង់ ដើម្បីពង្រឹងការអនុវត្តច្បាប់ បន្តចូលរួមចំណែកថែរក្សានូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងផ្តល់សេវាយុត្តិធម៌ឱ្យបានកាន់តែល្អប្រសើរ៕