កណ្តាលៈ រដ្ឋបាល​ខេត្ត​កណ្តាល នឹង​សម្ពោធ​បើក​ឱ្យ​ដំណើរការ​នូវ​ឡ​ប្រព្រឹត្តិកម្ម​សំណល់​វេជ្ជសាស្ត្រ​ស្រុក​អង្គស្នួល នៅ​ថ្ងៃទី​១០ ខែ​មិថុនា គឺនៅ​ប្រមាណ ២ សប្តាហ៍​ទៀត ក្រោម​វត្ត​មាន​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក។

នាថ្ងៃទី២៨ ខែឧសភា នេះ លោក ណុប ដារ៉ា អភិបាលរង​ខេត្តកណ្ដាល រួម​នឹង​មន្ត្រី​ផ្សេង​ទៀត​បាន​ចុះ​ពិនិត្យ​ទីតាំង​ឡ​នេះ​ជាមួយ​ក្រុមការងារ​ពិធីការ​របស់​លោក ហ៊ុន ម៉ាណែត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ចំការ​គួយ ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដើម្បី​ត្រៀមរៀបចំ​ពិធី​សម្ពោធ។

រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​នា​ថ្ងៃទី​២៨ ខែ​ឧសភា តាម​រយៈហ្វេសប៊ុក​ថា៖ «ពិធី​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ឡ​ប្រព្រឹត្តិកម្មសំណល់​វេជ្ជសាស្ត្រ របស់​ក្រុមហ៊ុន ប៊ុន លាង លី គ្លូប៊ល នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ ២០២២ ខាងមុខ​នេះ»៕