ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​ឆ្នាំ ២០២០-២០២១ និង​ប្រកាស​បើក​វគ្គបណ្ដុះ​បណ្ដាល​ឆ្នាំ ២០២២ របស់​សាលាភូមិន្ទ​រដ្ឋបាល នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ខាង​មុខ នៅ​មណ្ឌលសន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​សាលាភូមិន្ទ​រដ្ឋបាល។

សេចក្តីជូន​ដំណឹង​បញ្ជាក់​នា​ថ្ងៃទី​២៨ ខែ​ឧសភា ថា៖ «សូម​គណៈគ្រប់គ្រង មន្ត្រី សាស្ត្រាចារ្យ សិស្សមន្ត្រី​ជាន់​ខ្ពស់​ជំនាន់​ទី​១២ សិស្ស​មន្ត្រី​ជាន់​ខ្ពស់​ជំនាន់​ទី​១១ សិស្ស​មន្ត្រី​ក្រម​ការ​ជំនាន់​ទី៩ កម្មសិក្សាការី​ឆ្នាំ ២០២០ កម្មសិក្សា​ការី​ឆ្នាំ ២០២១ កម្មសិក្សាការី​ឆ្នាំ ២០២២ និងសិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍​នៃ​សាលាភូមិន្ទ​រដ្ឋបាល មេត្តា​ជ្រាប​ជា​ព័ត៌មាន»៕