
រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ នៅលើសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម។ រូបថត សហការី
កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំពិធីរូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ នៅលើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ហើយរដ្ឋបាលខេត្តគ្រោងនឹងធ្វើពិធីអភិសេក នាពេលឆាប់ៗខាងមុខ។ ទោះជាយ៉ាងណា រដ្ឋបាលខេត្តមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្លែងថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ នេះ លោកបានដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស ចុះពិនិត្យទីតាំងដោយផ្ទាល់ ដើម្បីធ្វើការរៀបចំប្រារព្ធពិធីអភិសេករូបសំណាកខាងលើ ទៅតាមប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងនៅពេលខាងមុខ។
លោកបន្តថា រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណនេះ គឺជាការផ្តួចផ្តើមកសាងឡើងដោយ រូបលោក និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាប័ទ្មចម្លាក់លោត នៃរចនាប័ទ្មខ្មែរបុរាណ និងបានធ្វើការសំយោគរចនាប័ទ្ម ៣បញ្ចូលគ្នា (១) បាពួន (២) អង្គរ និង(៣) បាយ័ន។
ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ "សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ"សន្តិភាព" គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌៕