ភ្នំំពេញៈ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន (Phankham Viphavanh) ជំរុញ​ឱ្យ​ខេត្ត​ចាំប៉ាសាក់ និង​ខេត្ត​អត្តពឺ​ដែល​ជាប់​កម្ពុជា​សហការ​ជាមួយ​ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​ព្រះវិហារ​ ដើម្បី​ពង្រីក​ចំណង​មិត្តភាព​រវាង​ខេត្ត និង​ខេត្ត​នៃ​ប្រទេស​ទាំង ២ ខណៈ​ភាគីកម្ពុជា-ឡាវ បាន​ឯកភាព​ឱ្យ​ខេត្ត​ជាប់​ព្រំដែន​ជាមួយគ្នា​ជួប​ប្រជុំ​ពិគ្រោះ​យោបល់​គ្នា​ជា​ប្រចាំ។

កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​រតនគិរី លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​ខេត្ត​ដែល​ជាប់​ព្រំដែន កម្ពុជា-ឡាវ លើ​កិច្ចការ​បន្ត​ពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្រោម​អធិបតី​ភាព លោក Viphavanh នៅស្រុកខូង ខេត្ត​ចាំប៉ាសាក់ ប្រទេស​ឡាវ។

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា ថា៖ «ឯកឧត្តម ផនខាំ វីផាវ៉ាន បាន​ជំរុញ​ដល់​ខេត្ត​ចាំប៉ាសាក់ និង​ខេត្ត​អត្តពឺ ដែល​ជាប់​ជាមួយ​ខេត្ត​របស់​ប្រទេស​កម្ពុជា ត្រូវ​រួម​សហការគ្នា​ជាមួយ​ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​ព្រះវិហារ ធ្វើយ៉ាងណា​ត្រូវ​កសាង​ឱ្យ​បាន​នូវ​ការ​ពង្រីក​ចំណង​មិត្តភាព ស្មារតី​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត និង​ខេត្ត​ដែល​ជា​ភូមិផង​របងជាមួយគ្នា»។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា៖ «ភាគី​ទាំងពីរ​បាន​ឯកភាព​ឱ្យ​ខេត្ត​ជាប់​ព្រំដែន​ធ្វើការ​ជួប​ប្រជុំ និង​ពិគ្រោះ​យោបល់​គ្នា​ជា​ប្រចាំ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ជួយ​គ្នា​ទៅវិញ​ទៅមក លើ​គ្រប់​វិស័យ​ដែល​បម្រើ​ផល​ប្រយោជន៍​ទៅវិញ​ទៅមក»។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោក Viphavanh បាន​អរគុណ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ផ្ដល់​វ៉ាក់សាំង​កូវីដ​១៩ រថយន្ត​ផ្ទុក​វ៉ាក់សាំង និង​ថវិកា​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​ឡាវ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា លោក Viphavanh បាន​បង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល ដែល​ស្តែង​ចេញ​ពី​ចំណង​មិត្តភាព «ដ៏​ជិតស្និទ្ធ​និង​រាក់ទាក់​បំផុត» រវាង​ប្រទេស​ទាំង ២ ក៏​ដូចជា រវាង​ខេត្ត​ដែល​ជាប់​ព្រំដែន​ជាមួយ​គ្នា ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង កម្ពុជា-ឡាវ ដល់​កម្រិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរ​អង្វែង​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ក្នុង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង សង្គម-វប្បធម៌៕