ភ្នំពេញៈ សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​ ០២:៤៥នាទី បានធ្វើ​ការ​ស្រាវជ្រាវ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​សម្លាប់​ប្រពន្ធ​ដោយ​កាត់​ក កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ ២០២២។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​នេះ អនុវត្ត​តាម​បទបញ្ជា​របស់​លោក ស ថេត អគ្គស្នងការ​រង និង​ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​នេះ​បន្ត​ថា លោក សុង លី ស្នងការ​រង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​ដឹក​នាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែកព្នៅ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕