ភ្នំពេញៈ​មន្ត្រី​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិក​ម្ម​ និង​ជន​បទ​បាន​លើក​ឡើងថា​បញ្ហា​កង្វះ​ទឹក​ស្អាត​និង​អនា​ម័យ​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត ​ដែល​បណ្ដាល​ឱ្យ​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ​ក្រិស​ក្រិន​ និង​ស្គម​ស្គាំង​ធ្វើឱ្យ​រដ្ឋាភិ​បាល​ និង​អង្គ​ការ​ពាក់​ព័ន្ធ​បាន​កំណត់​គោល​ដៅ​ថ្នាក់​ជាតិ​ឆ្នាំ ២០២៣ ​ដោយ​កាត់បន្ថយ​ករណី​នេះ​​ពី​ ៣២​ ភាគ​រយ​មក​ ២៥ ​ភាគ​រយ​ និង​ពី ១០​ ភាគ​រយ​មក​នៅ​ ៨ ​ភាគរ​យ។

អនុ​ក្រុម​ការងារ​បច្ចេក​ទេស​ស្តីពី​ទឹក​ស្អាត​អនា​ម័យ​និង​អាហា​រូប​ត្ថម្ភ​នៃ​ក្រុម​ប្រឹក្សា​ស្តារ​អភិវ​ឌ្ឍន៍​វិស័យ​កសិកម្ម ​និង​ជន​បទ​បាន​រៀប​ចំ​នូវ​ដំណើ​ទស្ស​កិច្ច​សិក្សា​មួ​យរយៈ​ពេល​ ៤​ ថ្ងៃចាប់​ពី​ថ្ងៃទី​ ២៤-២៧ ​ខែឧសភា​នៅ​ក្នុង​ខេត្ត​ចំនួន​ ២​ គឺ​ខេត្ត​កំពង់ធំ​និង​ខេត្ត​សៀម​រាប​ ដើម្បី​ស្វែង​យល់​លើ​ការងារ​អន្ត​រាគមន៍ «គម្រោង​សកម្ម​ភាព​លើក​កម្ពស់​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​អនា​ម័យ​ដែល​គិតគូ​ដល់​អាហា​រូបត្ថម្ភ»។​

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ឆ្លុះ​បញ្ចាំង​ពី​លទ្ធ​ផល​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ លោ​ក ជា សំណាង ជា​សហ​ប្រធាន​អនុ​ក្រុម​ការ​ងារ​លើក​កម្ពស់​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត អ​នាម័យ ​និង​អាហា​រូប​ត្ថ​ម្ភ​នៃ​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជន​បទ​បាន​បញ្ជាក់​ថា​បញ្ហា​កង្វះ​ទឹក​ស្អាត និង​អនា​ម័យ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត​ ដែល​បណ្ដាល​ឱ្យ​កុមារ​ក្រិស​ក្រិន ​និង​ស្គម​ស្គាំង​ក្នុង​នោះ​ ៣២​ ភាគ​រយ​មាន​បញ្ហា​ក្រិស​ក្រិន និង​១០​ភាគ​រយ​មាន​បញ្ហា​ស្គម​ស្គាំង​។

ជាមួ​យ​គ្នា​នោះដែ​រលោក​ក៏បាន​លើក​ឡើង​នូវ​សូច​នាករ​សំខាន់ៗ​ចំនួន​ ៤ ដែលជា​បញ្ហា​ជាក់​ស្តែង​ក្នុង​ការ​កង្វះ​ទឹក​ស្អាត និង​អនា​ម័យ​ជា​មូល​ហេតុ​បណ្តាល​ឱ្យ​កុមារ​ក្រិស​ក្រិន​ និង​ស្គម​ស្គាំង​។

លោក ​ជា ​សំណាង​ បាន​ថ្លែង​ថា៖ «២៩%​នៃ​គ្រួសារ​នៅ​ជន​បទ​មាន​ទម្លាប់​បន្ទោបង់​ពាស​វាល​ពាស​កាល រួម​ទាំង​ការ​ចោល​លាមក​របស់​ទារក​ឬ​កុមារ​តូច និង​ការ​ទុក​ដាក់​លាមក​សត្វ​មិន​ត្រឹម​ត្រូវ គឺជា​ប្រភព​ចម្លង​មេ​រោគ​ទៅ​ដៃ​មនុស្ស ទៅ​ដី​ប្រភព​ទឹក​និង​អា​ហារ»​។

លោក​បាន​ឱ្យ​ដឹង​ថា​៤១​ភាគ​រយនៃ​គ្រួសារ​នៅ​ជនបទ​មិន​ទាន់​ទទួល​បាន​សេវា​ផ្គត់ផ្គ​ង់​ទឹក​ស្អាត​ជា​មូល​ដ្ឋាន​រីឯ​ ៨​៤ ភាគរយនៃ​គ្រួសារ​នៅ​ជនបទ​មិន​ទាន់​ទទួល​បាន​សេវា​ផ្គត់​ផ្គង់ទឹក​ស្អាត​ ដែល​មាន​ការគ្រ​ប់គ្រង​ដោយ​សុវត្ថិ​ភាព​និង​២៣​ភាគ​រយនៃ​គ្រួសារ​នៅ​ជន​បទ​គ្មាន​ឧបក​រណ៍​ឬ​សម្ភារ​លាង​សម្អាត​ដៃ ដែល​មាន​ទឹក​ និង​សាប៊ូ​។

នៅ​ក្នុង​លទ្ធ​ផល​នៃ​ដំណើរ​ទស្សន​កិច្ច​ទាក់​ទង​នឹង​គម្រោង​សកម្ម​ភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនា​ម័យ​ដែល​គិត​គូរ​អាហា​រូប​ត្ថម្ភ បាន​លើក​ឡើង​ថា អនុ​ក្រុម​ការ​ងារ​ទឹក​ស្អាត អនា​ម័យ និង​អាហា​រូប​ត្ថម្ភ បាន​កំណត់​គោល​ដៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​ដោយ​បន្ថយ​អត្រា​ក្រិស​ក្រិន​កុមារ​ក្រោម ​៥​ ឆ្នាំ​ពី ៣២​ ភាគ​រយ​មក ​២៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២៣​។

លទ្ធផល​ដែល​រៀបចំ​ដោយ​អនុ​ក្រុម​ការងារ​ទឹក​ស្អាត អ​នាម័យ និង​អាហារូប​ត្ថម្ភ​បាន​បន្តថា សម្រាប់​អត្រា​ស្គម​ស្គាំង​នឹង​ត្រូវ​បន្ថយ​ពី ​១០ ​ភាគ​រយ​មក​៨​ភាគ​រយ​នៅ​ឆ្នាំ ​២០២៣​។

លោក ​ជា សំណាង បាន​ថ្លែង​ប្រាប់​អ្នក​សារព័​ត៌មាន​ក្នុង​អំឡុង​ពេល​នៃ​ទស្សន​កិច្ច​នេះ​ថា ទិស​ដៅ​របស់​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជន​បទ​ឬក៏​ក្រុម​ការងារ​លើក​កម្ពស់​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត អនា​ម័យ និង​អហា​រូប​ត្ថ​ម្ភ​នឹង​ចុះ​ទៅ​គ្រប់​បណ្តា​ខេត្ត​ផ្សេងៗ​ដែល​មាន​គម្រោង​នេះ​។

លោក​បាន​ថ្លែងថា​៖ «នៅក្នុ​ង​ឆ្នាំ​២០២២​នេះ យើង​នឹងមា​ន​សន្និ​សីទ​ថ្នាក់​ជា​មួយ​ស្តីពី​ទិសដៅ​អនា​ម័យ​ដែល​គិតគូរ​អាហា​រូបត្ថម្ភ​ ដែល​សន្និ​សីទ​ថ្នាក់​ជាតិ​ឆ្នាំនេះ​ជា​សន្និ​សីទ​លើក​ទី ៣ ហើយ ​បន្ទាប់ពី​ក្រុម​ការងារ​យើង​បាន​រៀប​ចំ​តាំងពី​ឆ្នាំ​ ២០១៥ ​មក​»។

បើតា​ម​លោកជា​ សំណាង ដើម្បីឱ្យ​គម្រោង​ទទួល​បាន​លទ្ធ​ផល​ និង​អនុវត្ត​ដោយ​រលូន​មាន​ប្រសិទ្ធ​ភាព និង​មាន​ផល​ប្រយោ​ជន៍​ទៅ​ដល់​សហ​គមន៍​គឺ​តម្រូ​វឱ្យ​មាន​ការ​តាមដាន​បានល្អ ដោយ​ត្រូវមាន​សូច​នាករ​មួយ​ច្បាស់លា​ស់គឺ​​សូច​នាករ​ពាក់​ព័ន្ធ​នឹង​ទឹក​ស្អាត​-អនាម័​យ សូចនា​ករ​ពាក់​ព័ន្ធ​នឹង​ក្មេង​កង្វះ​អាហា​រូប​ត្ថម្ភ​។

ទាក់​ទង​នឹង​អនាម័យ​និង​ទឹក​ស្អាត អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​បាន​លើកឡើ​ងថា ប្រទេស​កម្ពុជា កំពុង​សម្រេច​បាន​នូវ​វឌ្ឍន​ភាព​ជា​បណ្តើរៗ ប៉ុន្តែ​នៅ​ពុំទាន់​គ្រប់​គ្រាន់ដើ​ម្បី​បំពេញ​ទៅតា​ម​ចំណុច​ដៅ​ផ្នែក​អនា​ម័យ និង​ទឹក​ស្អាត​ឡើយ​។​

អង្គការ​នេះ​បាន​បន្តថា បើទោះ​បីជា​ប្រព័ន្ធ​ទឹកស្អាត និង​អនា​ម័យ និង​ទម្លាប់​ប្រើ​ប្រាស់​ទឹកស្អា​ត និង​អនា​ម័យ​បាន​ប្រសើរ​ជាង​មុន​ក៏ដោយ ក៏ប្រទេស​កម្ពុជា នៅតែ​មាន​អត្រា​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់។ពោល​គឺ​ក្នុងចំ​ណោម​ប្រជា​ពលរដ្ឋ​កម្ពុជា​រស់នៅ​ជន​បទ​នៅមាន​ជីវ​ភាព​ក្រីក្រ​​ជាង​គេ​១០​នាក់​មាន​ប្រមាណ​៨​នាក់​ទៅ​ហើយ​ ដែល​នៅ​បន្ទោ​បង់​ក្នុង​ប្រភព​ទឹក​ចំហឬ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ដោយ​មិន​ប្រើ​ប្រាស់​បង្គន់​។

អង្គ​ការ​យូ​នី​សេ​ហ្វ​ថា៖ «កុមារ​បន្ត​ជួប​បញ្ហា​ក្រិស​ក្រិន និង​បាត់​បង់​ជីវិត ​ដោយ​សារ​មូលហេតុ​ពាក់​ព័ន្ធ​នឹង​ទឹក​ស្អាត និង​អនា​ម័យ ​ដែល​គេ​អាច​បង្ការ​ជាមុន​បាន​ដោយ​សារ​ពួកគេ​ពុំមាន​ទឹក​ស្អាត​ប្រើ​ប្រាស់ បង្គន់​អនា​ម័យ​និង​កន្លែង​លាង​ដៃ​នៅ​ក្នុង​សហ​គមន៍​និង​សាលា​រៀន​របស់​ពួក​គេ។ ជាពិ​សេស ​នៅ​តាម​តំបន់​ជន​បទ ប្រជា​ពលរដ្ឋ​មាន​ចំណេះ​ដឹង​តិច​តួច អំពី​សារៈ​សំខាន់​នៃ​អនា​ម័យ​ត្រឹម​ត្រូវ​»៕