ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃ​ទី ២៨ ​ខែឧសភា ​ឆ្នាំ ២០២២ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គជប) ​បានទទួល​ពាក្យ​ស្នើសុំ​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​ប្រមាណ ​១៦ ម៉ឺន​នាក់ ​ក្នុង​នោះ​ជាង​៧ម៉ឺន​នាក់​មកពី​អង្គការ ​សមាគម​ជាង​ ៧០ ​អ្នកសង្កេតការណ៍​មកពី​គណបក្ស​នយោបាយ​ទាំង​ ១៧ ​មាន​ជាង​៨ម៉ឺន​នាក់ ​និង​ភ្ញៀវ​ពិសេស​ចំនួន ​៣ ស្ថាប័ន ​សម្រាប់​សង្កេត​ការណ៍​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ​អាណត្តិ​ទី ៥​ ឆ្នាំ ២០២២។

លោក​ សោម សូរីដា ​អ្នកនាំពាក្យ ​គ.ជ.ប. ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២៩ ​ឧសភា ​ថា ​កាលបរិច្ឆេទ​នៃ​ការទទួល​ពាក្យ​អ្នក​សង្កេតការណ៍​បោះឆ្នោត ​ត្រូវបាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី ២៨ ​ខែឧសភា ​ដោយ​ទទួលបាន​អ្នកសង្កេតការណ៍​បោះឆ្នោត ​ជាង ​៧ ម៉ឺន​នាក់ ​និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​មាន​ជាង​ ៨ ម៉ឺន​នាក់។ ក្រៅ​ពីនេះ​ ក៏មាន​ការចូលរួម​ច្រើន​ទៀត​ពី​ស្ថាប័ន​ព័ត៌មាន ​ដែល​នេះ​បង្ហាញ​ពី​ចំណុច​ល្អ ​សម្រាប់​ការបោះឆ្នោត​ឃុំ​-សង្កាត់​ ឆ្នាំ ២០២២ ។

លោក​បន្តថា ​ដំណើរការ​បោះឆ្នោត ​និង​រាប់​សន្លឹកឆ្នោត ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៥​ ខែមិថុនា ​ឆ្នាំ ២០២២ ​នឹង​មាន​ការចូលរួម​ច្រើន​ពី​ភាគី​ពាក់ព័ន្ធ​ ដោយ​ក្នុង​នោះ​មាន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ អ្នក​សង្កេតការណ៍​បោះឆ្នោត ​អ្នកសារព័ត៌មាន ​និង​មាន​ភ្ញៀវ​ពិសេស ​ពី​ប្រទេស​ជប៉ុន​ អូស្ត្រាលី​ និង​សហភាព​អឺរ៉ុប។

លោក​ថ្លែងថា​៖ «អ៊ីចឹង ​យើង​សង្ឃឹមថា ​ ជាបន្ត​បន្ទាប់​ទៀត ​មុន​ថ្ងៃទី ៣ ​ខែមិថុនា ​នឹង​មាន​ភ្ញៀវ​ពិសេស ​សុំ​សង្កេត​មើល​ការបោះឆ្នោត ​និង​រាប់​សន្លឹក​ឆ្នោត ​បន្តទៀត ​ប៉ុន្តែ ​អ្នក​សង្កេត​ការណ៍​បោះឆ្នោត ​បានបិទ​បញ្ចប់​ហើយ»។

បើ​តាម ​លោក​សោម សូរីដា ​ គ.ជ.ប. ​បានចេញ​សេចក្ដី​សម្រេច ​លេខ ​១៧៩ គ.ជ.ប​ស.ស.រ ​ចុះ​ថ្ងៃទី ២៣ ​ខែឧសភា ​ឆ្នាំ ២០២២ ​ អនុញ្ញាត​ជូន​ភ្ញៀវ​ពិសេស​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​អាណត្តិទី ៥ ​ឆ្នាំ ២០២២ ​រហូតដល់​ថ្ងៃទី ២ ​ខែមិថុនា ​ឆ្នាំ ២០២២ ​មុន​ ១ ថ្ងៃ​នៃ​ការបោះ​ឆ្នោត។ ភ្ញៀវ​ពិសេស ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​អាណត្តិទី ៥ ​ឆ្នាំ ២០២២ ​គឺជា​ប្រតិភូ​នៃ​ស្ថានទូត​ ឬ​ស្ថាន​តំណាង​បរទេស​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដែល​ចូលរួម​ពិនិត្យ​មើល​ការបោះឆ្នោត ​មិនមែន​ក្នុង​នាមជា​អ្នក​សង្កេតការណ៍។

ស្ថានទូត ​និង​ស្ថាន​តំណាង​បរទេស​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដែលមាន​បំណង​មក​ពិនិត្យ​មើល​ការបោះឆ្នោត​នេះ ​ក្នុង​រយៈពេល​ខ្លី​ត្រូវ​ធ្វើ​លិខិត​ជូនដំណឹង​មក ​គ.ជ.ប. ​ដោយ​ភ្ជាប់មក​ជាមួយ​នូវ​បញ្ជី​រាយនាម​ភ្ញៀវ​ពិសេស ​និង​អ្នកបក​ប្រែ​ភាសា ​រួមទាំង​រូបថត​ទំហំ ​៤x៦ ​ចំនួន​ ១ សន្លឹក​ក្នុង​ម្នាក់ៗ។

ពាក់​ព័ន្ធ​នឹង​ការបោះ​ឆ្នោត​នេះ ​នៅ​ថ្ងៃទី ២៩ ​ខែឧសភា ​ឆ្នាំ ២០២២ ​គណបក្ស​នយោបាយ​មួយចំនួន ​បានបើក​យុទ្ធនាការ​ឃោសនា​ធំ​នៅ​រាជធានី​ភ្នំពេញ ​ដើម្ប​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ។

លោក​ ឯម សុខសុវណ្ណ ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ ​នៃ​គណបក្ស​យុវជន​កម្ពុជា ​ ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី ២៩ ​ឧសភាថា ​គណ​បក្ស​យុវជន​កម្ពុជា​បានរៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ ​ជាយុទ្ធនាការ​ឃោសនា​ទ្រង់ទាយ​ធំ ​ដែល​មាន​អ្នក​ចូល​រួម​ចំនួន ​២ ០០០ នាក់។

លោក​បន្តថា ​ដោយ​មាន​ការជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​យុវជន​កម្ពុជា ​ស្ថិតនៅ​ភូមិ​ទួល​ពង ​សង្កាត់​ចោមចៅ​ទី ១ ​ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដង្ហែ ​ដោយ​លោក​ ពេជ ស្រស់ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ​នៅ​ថ្ងៃអាទិត្យ​ទី ២៩ ​ខែឧសភា​ ឆ្នាំ ២០២២ ​វេលា​ម៉ោង​ ២:០០ នាទី ​រសៀល ​ដល់​ម៉ោង​ ៩:០០ នាទី ​យប់។

លោក ​សុខ ប៉េងឡុង ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន ​នៃ​គណបក្ស​កម្ពុជា​និយម ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី ២៩ ​ឧសភា​ថា ​គណបក្ស​បាន ​ជ្រើស​រើស​ថ្ងៃអាទិត្យ​ទី ២៩ ​ខែឧសភា ​ជាថ្ងៃ​ហែក្បួន​ឃោសនា​បោះឆ្នោត ​ហើយ​មាន​ទីតាំង​ជួបជុំ​នៅ​ខាង​មុខ​ផ្សារ ​PC ​សង្កាត់​បឹង​ទំពន់​ទី ២​ នៅ​វេលា​ម៉ោង ​៧:៣០ នាទី​ព្រឹក ​ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជិត​ ១០០ នាក់។

ដោយ​ឡែក ​គណបក្ស​ភ្លើងទៀន ​នៅ​ថ្ងៃទី ២៩ ​ខែឧសភា ​បានជួបជុំ​ដង្ហែ​ក្បួន​ឃោសនា ​នៅ​ទូទាំង ១២ សង្កាត់ ​ក្នុង​ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ​និង​រចនាសម្ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​របស់​គណបក្ស​ភ្លើង​ទៀន ​និង​អ្នកគាំទ្រ​រាប់រយ​នាក់​ផង​ដែរ។

ក្រៅពី​ហែក្បួន ​និង​ចុះ​ចែក​ខិត្តប័ណ្ណ ​នៅតាម​ខ្នងផ្ទះ​របស់​ប្រជាពលរដ្ឋ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជាប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​ខេត្ត​ព្រៃវែង ​និង​បាត់ដំបង ​នៅ​ថ្ងៃទី ២៩​ ខែឧសភា ​បានអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ថ្នាក់ដឹកនាំ ​និង​សមាជិក ​សមាជិកា​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ​គ.២៧ ​នៅ​វិមាន​ ៧ មករា ​នៃ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ ស ខេង ​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ ​និង​សមាជិក​ សមាជិកា​គណៈកម្មាធិការ​គណបក្ស ​គ.២៧ ​ទាំងអស់ ​ដែលបាន​យក​អស់​កម្លាំង​កាយចិត្ត​លះបង់​ពេល​វេលា ​ប្រាជ្ញា​ស្មារតី ​និង​ធនធាន ​រួបរួម​សាមគ្គី​គ្នា​ចុះ​ទៅ​បំពេញ​ការងារ​គណបក្ស ​គ.២៧ ​ទាំង​ក្រុមការងារ​គណ​បក្ស​ ក្រុម​ការងារ​រាជរដ្ឋាភិបាល ​និង​កិច្ចការ​ស្នូល​នៅ​អគ្គនាយកដ្ឋាន ​និង​អង្គភាព​នានា​នៅ​ក្រសួង​មហាផ្ទៃ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​គ.ជ.ប.​ នៅ​ថ្ងៃទី ២៨ ​ខែឧសភា ​ឱ្យដឹងថា ​សភាពការណ៍​ទូទៅ ​នៃ​ដំណើរការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុង​ថ្ងៃទី ៨ ​បានប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​មាន​សន្តិសុខ ​សុវត្ថិភាព ​សណ្តាប់ធ្នាប់​ល្អ ​គ្មាន​អំពើហិង្សា​ និង​គ្មាន​ការគំរាម​កំហែង។

បើ​តាម ​គ.ជ.ប. ​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-​សង្កាត់ ​អាណត្តិ​ទី ៥​ ឆ្នាំ ២០២២ ​មាន​រយៈពេល​ ១៤ ថ្ងៃ ​ចាប់ពី​ថ្ងៃទី ២១​ ខែឧសភា ​ដល់​ថ្ងៃទី ៣​ ខែមិថុនា ​ឆ្នាំ ២០២២។ រាល់​សកម្មភាព​ឃោសនា​ត្រូវ​គោរព​ច្បាប់ ​បទបញ្ជា ​និង​នីតិវិធី​ រួមទាំង​សេចក្ដី​ណែនាំ​របស់ ​គ.ជ.ប.៕