
ដើមឈើដួលរលំនៅតំបន់អង្គរ នៃខេត្តសៀមរាប កាលពីយប់ថ្ងៃទី ២៧ ឧសភា និងមន្ត្រីនគរបាលចុះពិនិត្យមើល។ រូបថត នគរបាល
សៀមរាបៈ ដើមឈើចំនួន ១២ ដើមនៅរមណីយដ្ឋាននានា ក្នុងតំបន់អង្គរ បានបាក់ដួលរលំដោយសារភ្លៀង ១ មេធំ រួមនឹងខ្យល់បក់ខ្លាំង នៅយប់ថ្ងៃទី ២៧ ខែឧសភា ប៉ុន្តែមិនបណ្តាលមានគ្រោះថ្នាក់ដល់មនុស្សឡើយ នេះបើតាមស្នងការនគរបាលខេត្តសៀមរាប។ ការដួលរលំដើមឈើទាំងនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា អះអាងថា មិនប៉ះចំប្រាសាទបុរាណនោះទេ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថ្លែងនៅថ្ងៃទី ២៩ ខែឧសភាថា ករណីដួលដើមឈើនៅរមណីយដ្ឋាននានា ក្នុងតំបន់អង្គរមិនប៉ះចំលើប្រាសាទឡើយ ហេតុនេះការដួលដើមឈើទាំងនោះ ក៏មិនបានធ្វើឱ្យមានការខូចខាតដល់ប្រាសាទបុរាណនោះដែរ។ លោកថា ការដួលនោះទៀតសោត កើតឡើង ដោយសារភ្លៀងធំ និងមានខ្យល់ខ្លាំង ប៉ុន្តែគិតត្រឹមថ្ងៃទី២៩ខែឧសភា មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងយកដើមឈើនោះចេញហើយ។
លោកថ្លែងថា៖ «មិនដួលអីនៅលើប្រាសាទទេ វាគ្រាន់តែដួលនៅជិតហ្នឹង អត់មានប៉ះពាល់ខូចខាតអីដល់ប្រាសាទទេ។ ឥឡូវយើងដកដើមឈើហ្នឹងចេញហើយ ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ»។
លោក ឡុង កុសល ប្រាប់ថា អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់លើការថែទាំ និងប្រុងប្រយ័ត្ន ចំពោះការដួលរលំដើមឈើផ្សេងៗនៅក្នុងតំបន់អង្គរ ដោយមានក្រុមការងារដើរពិនិត្យមើលហានិភ័យដើមឈើជារៀងរាល់ពេល។ ការពិនិត្យមើលនោះមិនមែនធ្វើឡើងសម្រាប់តែប្រាង្គប្រាសាទនោះទេ គឺក្នុងភូមិដ្ឋានរបស់អ្នកស្រុក ដែលរស់នៅជុំវិញនោះក៏ពិនិត្យដែរ។
លោកថ្លែងថា៖ «នៅពេលណាដែលយើងឃើញថា ដើមឈើវាមានហានិភ័យ យើងធ្វើការដក ឬកាត់នូវមែកឈើមួយចំនួន ដែលអាចជាបញ្ហានោះចេញ តែបើសិនជា ទាំងដើមតែម្តង ដែលមានបញ្ហា ក៏គេអាចដកទំាងដើមបានដែរ»។
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ថ្លែងនៅថ្ងៃទី ២៩ ខែឧសភាថា ការដួលរលំដើមឈើនៅតំបន់អង្គរមិនបានធ្វើឱ្យអ្នកណាម្នាក់រងរបួស ឬស្លាប់នោះទេ។ ចំពោះការដួលរលំដើមឈើទាំងនោះ មន្ត្រីនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌបានចុះទៅពិនិត្យធ្វើរបាយការណ៍ និងបានរាយការណ៍ទៅអាជ្ញាធរជាតិអប្សរា ដើម្បីយកដើមឈើនោះចេញ។
របាយការណ៍របស់នគរបាលខេត្តសៀមរាបបានឱ្យដឹងថា ការដួលរលំដើមឈើក្នុងតំបន់អង្គរ នៅយប់ថ្ងៃទី ២៧ ខែឧសភា មាននៅប្រាសាទបន្ទាយស្រីចំនួន ២ ដើម រមណីយដ្ឋានភ្នំក្បាលស្ពានចំនួន ៣ ដើម និងប្រាសាទបេងមាលា ចំនួន ៧ ដើម។
ក្នុងរបាយការណ៍បញ្ជាក់ថា នៅប្រាសាទបន្ទាយស្រី ដួលនៅនៅវេលាម៉ោង ១៨ និង ៤០ នាទី មានដើមធ្លក ចំនួន ១ ដើម ស្ថិតនៅខាងលិចរោងអភិរក្សប្រាសាទបន្ទាយស្រី ដួលរលំទៅទិសអាគ្នេយ៍ និងដើមពង្រចំនួន ១ ដើម បានដួលនៅក្បែររោងសហគមន៍ផ្សារប៉ាវ៉ីស ។
ចំណែកនៅរមណីយដ្ឋានភ្នំក្បាលស្ពានចំនួន ៣ ដើម គឺដួលនៅវេលាម៉ោង ៥ និង ៣៥ នាទីល្ងាច មានដើមព្រីង ដើមពពាលខែ និងដើមឆ្នូតទ្រ។ រីឯនៅប្រាសាទបេងមាលា ដួលនៅវេលាម៉ោងប្រហែល ១៨ និង៥នាទី មានដើមឈើ ចំនួន ៧ ដើម រួមមាន ដើមស្រឡៅចំនួន ១ ដើម ដើមស្ដៅយោងចំនួន ១ ដើមដើមម្កាក់ព្រៃចំនួន ១ ដើមដើមសង្កែចំនួន ៣ ដើម និង ដើមក្រសាំងចំនួន ១ ដើម៕