The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ ខេត្ត​កំពង់​ចាម សម្រេច​ផាក​ពិន័យ​ ប្រធាន​ក្រុម​ទ្រទ្រង់​​ស្រុក​កង​មាស​នៃគណបក្ស​ភ្លើង​ទៀន​ ​៥​ លាន​រៀល​

គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ ខេត្ត​កំពង់​ចាម សម្រេច​ផាក​ពិន័យ​ ប្រធាន​ក្រុម​ទ្រទ្រង់​​ស្រុក​កង​មាស​នៃគណបក្ស​ភ្លើង​ទៀន​ ​៥​ លាន​រៀល​

Content image - Phnom Penh Post
លោក គង់ រ៉ៃយ៉ា ប្រធាន​ក្រុម​ទ្រទ្រង់​​ស្រុក​កង​មាស ​នៃគណបក្ស​ភ្លើង​ទៀន​។ រូបថត ហ្វេសប៊ុក ​

គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ ខេត្ត​កំពង់​ចាម សម្រេច​ផាក​ពិន័យ​ ប្រធាន​ក្រុម​ទ្រទ្រង់​​ស្រុក​កង​មាស​នៃគណបក្ស​ភ្លើង​ទៀន​ ​៥​ លាន​រៀល​

កំពង់ចាមៈ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ នៃ​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ ខេត្ត​កំពង់​ចាម លោក យឹម ​សុធានី កាលពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា​ឆ្នាំ ២០២២ បាន​សម្រេច​ ផាក​ពិន័យ​លោក គង់​ រ៉ៃយ៉ា ប្រធាន​ក្រុម​ទ្រទ្រង់​ស្រុកកង​មាស ​និង​ជា​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ឃុំ​ស្តៅ នៃ​ស្រុក​កង​មាស​ ចំនួន ​៥​ លាន​រៀន ស្រប​តាម​មាត្រា ១៧១​ និង​មាត្រា ១៨១ នៃច្បាប់​ស្តីពីការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​។

ទោះជា​យ៉ាង​ណា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ក៏បាន​​រក្សា​សិទ្ធិ​បោះឆ្នោត​ និង​ រក្សា​ឈ្មោះ​ ក្នុង​បញ្ជី​បេក្ខ​ជន​គណ​បក្ស​ភ្លើង​ទៀន ទាំង ១៥ នាក់ ដែល​ត្រូវ​បាន​គណ​បក្ស​ប្រជា​ជន​ប្តឹង​ ស្រប​តាម​មាត្រា ៦៥ និង មាត្រា ១៨១ ​ស្តីពី​ការ​បោះ​ឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​។

គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ស្រុក​កង​មាស កាល​ពីថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ ២០២២ បាន​ប្តឹង​លោក​ គង់ រ៉ៃយ៉ា​ និង បេក្ខជន​គណ​បក្សភ្លើង​ទៀន​សរុប​ចំនួន​ ១៥ នាក់ ​នៅ​ឃុំ​ទាំង​ ១១ ក្នុង​ស្រុក​កង​មាស ទៅ​គណៈកម្ម​ការរៀបចំ​ការបោះឆ្នោត​ ខេត្ត​កំពង់​ចាម ពាក់​ព័ន្ធ​នឹង​ការ​ចែក​លុយ​ជា​សាធា​រណៈ​ ជូន​សកម្ម​ជន​របស់​ខ្លួន​ ក្រោយ​ពី​ផ្សះផ្សារ​ មិន​ត្រូវ​រ៉ូវ​គ្នា នៅ​គណៈ​កម្មការ​ឃុំ​ សង្កាត់​រៀបចំ​ការ​បោះឆ្នោ​ត ។​

លោក ឈីម ចាន់​ធឿន ប្រធាន​លេខា​ធិការ​ដ្ឋាន​ រៀបចំ​ការ​បោះ​ឆ្នោត​ ខេត្តកំពង់​ចាម​ ប្រាប់​ភ្នំពេញប៉ុស្តិ៍​ នៅថ្ងៃទី​ ២៩ ខែឧស​ភាថា លោក​សុំមិន​ធ្វើអត្ថា​ធិប្បាយ ​ជុំវិញ​សេចក្តី​សម្រេច​នេះ​ទេ ប៉ុន្តែ​ ក្រោយ​ពីការ​សម្រេច​ របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ គូរ​ភាគី​ទាំង​ចុង​ចោទ និង ដើម​ចោទ​ មាន​រយៈ​ពេល ​៣ ថ្ងៃ ដើម្បី​ប្តឹង​បន្ត​ទៅ​គណៈ​កម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន ។

លោក​ថ្លែង​ថា៖ « បន្ទាប់ពី​ចេញ​សេចក្តី​សម្រេច​នេះ ៣ ថ្ងៃ ​បន្ទាប់ បើមិន​មាន​ការប្តឹង​ទៅ គ.ជ.ប ទេ ពួកគេ​ទទួល​យក សេចក្តី​សម្រេច​របស់​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពង់​ចាម​ហើយ​»។

ភ្នំពេញ​ប៉ុស្តិ៍មិន​អាច​ទាក់​ទង​ លោក​ មឿន​ ផា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ស្រុក​កង​មាស​ ដើម្បី​សុំធ្វើ​អត្ថា​ធិប្បាយ​បានទេ នៅ​ថ្ងៃ​ទី ២៩ ខែ​ឧសភា ដោយ​លោក​បាន​ទទួល​ទូរស័ព្ទ​ ប៉ុន្តែ​លោក​ឆ្លើយ​ថា ស្តាប់​មិន​លឺ​ ហើយ​ក៏ចុច​ផ្តាច់​វិញ។

លោក​ គង់ រ៉ៃយ៉ា ប្រធាន​ក្រុម​ទ្រទ្រង់​ស្រុក​កងមាស​ នៃ​គណ​បក្ស​ភ្លើង​ទៀន​ ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍នៅ​ថ្ងៃទី​ ២៩​ ខែ​ឧស​ភា​ថា លោក​មិន​ពេញ​ចិត្ត​ ចំពោះ​ការ​សម្រេច​នេះ​ទេ ហើយ​លោក​នឹង​បន្ត​សិក្សា​ជាមួយ​នឹងមេធាវី​បន្ត​ប្តឹង​ទៅ គជប​ ទៀត​ នៅថ្ងៃទី​ ៣០ ខែ​ឧសភា ។

លោក​បន្ត​ថា ការផាក​ពិន័យ​ ៥ ​លាន​រៀល​នេះ​ មិន​ពាក់​ព័ន្ធ​នឹង​ការចែក​លុយ​ ទៅ​បេក្ខជន​ឃុំទាំង​ ១១ នៃ​ស្រុក​កង​មាស​របស់​គណ​បក្ស​ភ្លើង​ទៀន នោះ​ទេ ប៉ុន្តែ អង្គជំនុំ​ជម្រះ​ បាន​សម្រេច​ផាកពិ​ន័យ​ ទៅលើការ​ប្រើប្រាស់​ពាក្ស​សំដី មិន​សម​រម្យ​ទៅ​លើបុគ្គល​ណាមួយ​ជាសា​ធារណៈ ។ ​ប៉ុន្តែ លោក​ចោទ​សួរ​​ថា ហេតុ​អ្វី​បាន​ជាអង្គ​ជំនុំជម្រះ​របស់​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​កំព​ង់​ចាម សម្រេច​បែប​នេះ​នោះ​ទេ​ ។

លោក​បញ្ជាក់​​ថា៖ ​«វីដូ​អូ ដែលខ្ញុំ​បង្ហោះ​ចែក​ថវិកា និង​សម្ភារ  ទៅ​បេក្ខជន​ឃុំ​នៅតាម​ឃុំនីមួយៗ​នៃស្រុកមា​ស​ ខ្ញុំបាន​និយាយ​ច្បាស់​ណាស់​​នៅ​ក្នុង​វីដេអូ​ ។ ខ្ញុំបាន​សរសេរ Caption ច្បាស់​ណាស់ ប៉ុន្តែ ​មាន​មនុស្ស​មួយ​ចំនួន​ យក​វីដេអូហ្នឹង​ ទៅ​ផុស មិន​បាន​ដាក់​សំឡេង​​ខ្ញុំ​ទេ ដែល​គេ​ថា ចែក​លុយ​ទៅ​កាន់​ពលរដ្ឋ ឬអ្នក​គាំទ្រ​ ជាការ​ទិញ​ទឹក​ចិត្ត​ជាដើម​ »។

លោក​បញ្ជាក់​ថា អ្នក​ដែល​យក​រូប​លោក​ទៅបង្ហោះ ​ដើម្បី​បង្ខូច​កិត្តិយ​ស និង​លាបព័ណ៌លោ​ក ធ្វើឱ្យគេ​យល់​ច្រឡំ ថា​លោក មាន​លុយ​រាប់​ពាន់​ដុល្លារ ​ទៅទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​បោះឆ្នោត​ឱ្យ​នោះ គួរ​តែត្រូ​វ​មាន​ទោស​ព្រហ្មទណ្ឌ ​បើសិន​ជា​លោក​ប្តឹង​ទៅ​តុលា​ការ និងគួរតែ​រក​យុត្តិ​ធម៌​ជូន​លោក ទើប​ត្រឹម​ត្រូវ ប៉ុន្តែ​បែជា​ចោទ​លោក​ជាជន​ល្មើស​ទៅ​វិញ។

លោក​ សោម សូរីដា អ្នក​នាំ​ពាក្យ គជប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៩ ខែ​ឧសភា​ថា​ ករណី​លោក​ គង់ រ៉ៃយ៉ា ​នេះ​ គឺបាន​ចែក​អំណោយ​ជា​ថវិកា​ដល់​សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន​ នៅក្នុងស្រុក​កង​មាស​ ខេត្តកំពង់​ចាម។ មិន​ត្រឹម​តែចែក​ថវិកា​ទេ លោក ​គង់ រ៉ៃយ៉ា បាន​បង្ហោះ​ នៅ​លើ​បណ្តាញ​សង្គម​ និង​បាន​វាយប្រហារ​ជាពាក្យ​សំដី ​និង​ចោទ​ប្រកាន់​មក​លើ​គណបក្ស​កាន់​អំណាច​ ។

លោក​បន្ត​ថា ករណី​នេះ គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ ខេត្ត​កំព​ង់​ចាម បាន​ទទួល​ពាក្យ​បណ្តឹង​ ពីគណ​បក្ស​ប្រជា​ជន​ពាក់ព័ន្ធ​នឹង​ការ​ទាម​ទារ​ឱ្យលុប​ឈ្មោះ​បេក្ខជន​គណ​បក្ស​ភ្លើង​ទៀន​ ចេញពី​បញ្ជី​បេក្ខជន​ ឈ​រ​ឈ្មោះ​បោះ​ឆ្នោត​ ប៉ុន្តែ ករណី​នេះ អាចធ្វើទៅ​បាន​ បើ​សិន​ជា​ជន​ជាប់​ចោទ​ មិន​អនុវត្ត​តាម​សេចក្តី​សម្រេច​ របស់​អង្គជំនុំ​ជម្រះ ​និង​មិន​រាង​ចាល​នូវ​ទង្វើរ​របស់​ខ្លួន​ ។

ទោះជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ករណី​គូរ​ភាគី​ណាមួយ​មិន​ពេញ​ចិត្ត សេចក្តី​សម្រេច​នេះ​ ពួក​គេអាច​ប្តឹង​ ជំទាស់​បន្តមក​ គជប ដែល​ជា​ស្ថាប័ន​ចុង​ក្រោយ នៃ​ការ​ដោះ​ស្រាយ​បណ្តឹង និង​បិទ​ផ្លូវ​តវា។ នៅពេល​ដែល​ទទួល​ពាក្យ​បណ្តឹង​ គជប នឹង​ចាត់​ឱ្យ​ក្រុម ការងារ​បច្ចេក​ទេស​ស៊ើប​អង្កេត និង​ស្រាវ​ជ្រាវ ដើម្បី​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត មុ​ន​នឹងធ្វើការ​សម្រេច​ ដែល​នៅ​ក្នុង​ការ​ដោះ​ស្រាយ​​បណ្តឹង​ខាង​លើនេះ​ គជប មាន​រយៈ​ពេល​ ៣ ថ្ងៃ។

លោក​ថ្លែង​ថា៖ « នៅ​ គជប នេះ បន្ទាប់ពី​អង្គភាព​ជំនាញ​ រៀបចំ​របាយ​ការណ៍ពាក់​ព័ន្ធ​ទៅនឹង​ការ​ប្តឹង​នេះ គជប នឹង​បើក​សវនា​ការ​ជា​សាធា​រណៈ ដើម្បី​ដោះស្រាយ​បណ្តឹង​ ។ យើង​នឹង​មាន​ក្រុម​ការ​ងារ​បច្ចេក​ទេស​មួយ ​សហការ​ជាមួយ​នឹង គណៈ​កម្មការ​រៀបចំ​ការ​ការ​បោះឆ្នោត​ ខេត្តកំ​ពង់​ចាម ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ បន្ថែម​ទៀត​ »។

មាត្រា ​១៨១ នៃច្បាប់​ស្តីពីការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ចែង​ថា ត្រូវ​ផាក​ពិន័យ​ជាប្រាក់​ពី ៥ លាន រៀល ទៅ ១០ លាន​រៀល និង​ត្រូវ​ព្រមាន​ជាលាយ​លក្ខណ៍​អក្សរ ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោ​ត ដោយ​ពុំទាន់​គិត​ដល់​ទោស​ព្រហ្ម​ទណ្ឌផ្សេង​ទៀត ចំពោះ​ជនណា ដែល​តាម​​គ្រប់​មធ្យោ​បាយ ប្រមាថ​ជាសា​ធារ​ណៈ ចំពោះ​គណបក្ស​នយោបាយ​ណាមួយ​ ឬ​បេក្ខជន​ឈរ​ឈ្មោះបោះ​ឆ្នោត​ ឬញុះញ​ង់ឱ្យ​មានការ​រើស​អើង ទៅ​លើ​សមាជិក​នៃជាតិ​ពន្ធ ក្រុម​ជាតិ ពូជ​សាសន៍ ឬនៃ​សាសនា​ណាមួយ ជាកំណត់​នៅក្នុង​ពេលឃោសនា​ បោះឆ្នោ​ត និង​ពេល​បោះឆ្នោ​ត ។

មាត្រា​នេះ​បន្តថា ក្នុង​ករណី​ដែល​នៅតែ​មិន​គោរពតាម​ការ​ព្រមាន​ខាង​លើ ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការបោះ​ឆ្នោត​ ត្រូវ​លុប​ឈ្មោះ​ជន​ប្រព្រឹត្ត​អំពើ​ល្មើស​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ សម្រាប់​រយៈ​ពេល ៥ ឆ្នាំ និង​ត្រូវ​លុប​បេក្ខភាព​របស់​សាមី​ខ្លួន​ ចេញ​ពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ករណី ដែល​ជន​ប្រព្រឹត្ត​អំពើ​ល្មើស​នោះ ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ។

បើតាម​ គជប ក្នុ​ង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត ​នៅទូទាំង​២៥ រាជ​ធានី​ខេត្ត ចាប់​តាំងពី​ថ្ងៃទី ២១ ​ខែឧសភា រហូត​ទល់​ថ្ងៃទី ២៨ ខែ​ឧសភា​ឆ្នាំ ២០២២ គជប បាន​ទទួល​ពាក្យ​បណ្តឹង​ ពី​គណ​បក្ស​នយោ​បាយ​នានា ជាពិសេស​បណ្តឹង​​​​​​​​​ច្រើន​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា សរុប​ចំនួន​ ៣៨ បណ្ដឹង​ ដែល​ជាករណីសុំ​ឱ្យផ្តន្ទា​ទោស។ ក្នុង​ចំណោម​ពាក្យបណ្តឹង​ទាំង​ ៣៨ នោះ​ មាន ៩ បណ្ដឹង បាន​ប្ដឹង​បន្ត​ទៅ គណៈក​ម្មការ​ធិការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ (គធ.ខប) ៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍