ភ្នំពេញៈ អ្នកប្រើប្រាស់ និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​ភ្លើងអគ្គិសនី​អះអាង​ថា ការ​សន្សំសំចៃ​ថាមពល​អគ្គិសនី​ជា​រឿង​ល្អ និង​មាន​ប្រយោជន៍​ក្នុង​ការបង្កើន​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ ខណៈ​យុទ្ធនាការ «​ខ្ញុំ​សន្សំ​» លេចមុខ​ឡើង​ដោយ​សំអាងថា ខ្លួន​នឹង​ផ្តល់​វិធីសាស្ត្រ​ងាយៗ ទាក់ទង​ការ​សន្សំសំចៃ​ថាមពល​អគ្គិសនី​ជាមួយ​នឹង​ការប្រើប្រាស់​ឧទាហរណ៍​បច្ចេកវិទ្យា ដើម្បី​ការពារ​ការប្រែប្រួល​អាកាសធាតុ​។

លោក សេង វីរៈ ជាងភ្លើង​អគ្គិសនី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ថ្លែង​នៅ​ថ្ងៃទី​ ២៩ ខែឧសភា​ថា ការ​សន្សំសំចៃ​ថាមពល​អគ្គិសនី​ជា​រឿង​សំខាន់​មួយ ដែល​ពលរដ្ឋ​ភាគច្រើន​តែង​ចង់បាន ប៉ុន្តែ​ការចង់បាន​នោះ​គឺ​ភាគច្រើន​មិន​សំដៅទៅ​ផ្នែក​មួយ​នៃ​ការចូលរួម​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នោះទេ គឺ​ពួកគាត់​គ្រាន់តែ​ចង់ឱ្យ​ជាងភ្លើង​ជួយ​តភ្ជាប់​បណ្តាញ​អគ្គិសនី​យ៉ាងណា​ឱ្យបាន​ត្រឹមត្រូវ​ប៉ុណ្ណោះ​។ ការ​សន្សំសំចៃ​ក្នុងការ​ប្រើប្រាស់​ភ្លើងអគ្គិសនី​អាចធ្វើ​បាន​ដោយ​តភ្ជាប់​អំពែរ​ភ្លើង​ឱ្យបាន​ត្រឹមត្រូវ ដោយ​ប្រៀបធៀប​មើល​ទៅលើ​ឧបករណ៍​ប្រើប្រាស់​ប្រចាំថ្ងៃ​ក្នុងផ្ទះ​ដូចជា ទូ​ទឹកកក ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ ឧបករណ៍​បំពង​សំឡេង ជាដើម​។

លោក​ថ្លែងថា​៖ «​ដូច​យើង​រែក​ទឹក​អ៊ីចឹង ស្មា​យើង​ទទួល​បាន​តែ​ម្ខាង បើ​ដាក់​ ២ ​ទៅ​វា​ធ្ងន់ ភ្លើង​ក៏​អ៊ីចឹង​ដែរ បើ​យើង​ចង់ឱ្យ​វា​អស់​តិច យើង​ថ្លឹងថ្លែង​ទៅ​ដាក់​អំពែរ​ភ្លើង​ឱ្យ​ស៊ីគ្នា​ជាមួយ​ឧបករណ៍​ប្រើប្រាស់​ទៅ​គឺ​វា​អស់​តិច​ទៅតាម​ហ្នឹងហើយ​។ ការ​សន្សំសំចៃ​គឺ​យើង​អាចធ្វើ​បានតែ​តាម​វិធីសាស្ត្រ​ហ្នឹង បើ​ទៅ​លួច​គីឡូ​ភ្លើង​កាត់ត​ពី​គេ​អី អាហ្នឹង​គេ​ថា យើង​ចោរ​ហើយ​»​។

ប្រឡូក​ក្នុង​វិស័យ​ជាង​ភ្លើង​អគ្គិសនី ១៤ ឆ្នាំ លោក សេង វីរៈ ថ្លែង​ទៀតថា បើ​មាន​ការ​ផ្សព្វផ្សាយ​ឱ្យមាន​ការយល់ដឹង​អំពី​វិធីសាស្ត្រ​សន្សំសំចៃ​ថាមពល​ភ្លើងអគ្គិសនី​បន្ថែម​លើ​នេះ​ទៀត​កាន់តែ​ល្អប្រសើរ​។ ការចូលរួម​ថែរក្សា​បរិស្ថាន និង​ការប្រែប្រួល អាកាសធាតុ​ជា​រឿង​សំខាន់​ដែល​គ្រប់គ្នា​ត្រូវ​ចូលរួម​ចំណែក ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ធ្វើការ​គ្រប់គ្រង​តែឯង​បានទេ​ក្នុង​រឿងនេះ​។

លោក សុខ ភាក់ ប្រជាពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ ថ្លែង​នៅ​ថ្ងៃទី ២៩ ខែឧសភា​ថា ការ​សន្សំសំចៃ​ថាមពល​ជា​រឿង​ល្អ​មួយ ខណៈ​ការផ្សព្វផ្សាយ​ឱ្យមាន​ការ​យល់ដឹង និង​ចូលរួម​ក្នុងការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ក៏មាន​ជា​បន្តបន្ទាប់ ជាក់ស្តែង​មាន​កម្មវិធី​បិទ​ភ្លើង​អគ្គិសនី​ទូទាំង​ពិភពលោក ឬ​ទូទាំង​ប្រទេស ដើម្បី​បរិស្ថាន​ជាដើម ដែល​បានរួម​ចំណែក​ពញ្ញាក់​ស្មារតី​ឱ្យ​ពលរដ្ឋ​មាន​ការ​យល់ដឹង​ពី​ការយកចិត្ត​ទុកដាក់​ចំពោះ​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​។ លោក​ថា ការប្រើប្រាស់​ថាមពល​អគ្គិសនី​គឺ​ចាំបាច់ ប៉ុន្តែ​អ្នក​ប្រើប្រាស់​មិនគួរ​ខ្ជះខ្ជាយ​ពេក​ទេ​។

លោក​បាន​ថ្លែងថា​៖ «​អគ្គិសនី​យើង​មិនដែល​ប្រើ​ពេញ​ ១​ ថ្ងៃ​ទេ ជាធម្មតា​គឺ​ប្រើ​ពេលយប់ គ្រួសារ​ខ្លះ​គាត់​បើក​ទាំងយប់​ទាំង​ថ្ងៃ ដែល​ធ្វើឱ្យ​ខាត​ខ្ជះខ្ជាយ​ថាមពល អ៊ីចឹង​យើង​ត្រូវ​គិត​ឡើងវិញ​ថា​ការ​សន្សំសំចៃ​ថាមពល​បានរួម​ចំណែក​ក្នុង​ហិរញ្ញវត្ថុ​គ្រួសារ​បាន​ច្រើន អ៊ីចឹង​ពេលណា​ចាំបាច់​ចាំ​យើង​ប្រើ​»​។

លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ថ្លែង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​យុទ្ធនាការ ខ្ញុំ​សន្សំ ដែល​ធ្វើឡើង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២៥ ខែឧសភា​បានឱ្យ​ដឹងថា ការផ្លាស់ប្តូរ​របត់​ទៅ​កាន់​ថាមពល​ស្អាត​ដែល​ដើរ​ទន្ទឹមគ្នា​នឹង​ប្រសិទ្ធភាព​ថាមពល​ក្លាយជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ធានា​នូវ​សន្តិសុខ​អាកាសធាតុ​ថាមពល និង​ភាពរុងរឿង​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​។

លោកស្រី​បន្តថា សន្និសីទ​ក្រុងប៉ារីស​លើក​ទី​ ២៦ របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បាន​ទទួល​ភាពជោគជ័យ​ដ៏ធំ​មួយ​នៅក្នុង​ទីក្រុង ក្លាសហ្គូ ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ក្រោយពី​ភាគី​ចំនួន ១៩៧​ ភាគី​បាន​យល់ព្រម​នៅក្នុង​កតិកាសញ្ញា​អាកាសធាតុ​ទីក្រុង​ក្លាសហ្គូ មូលមតិ​គ្នា​ទៅលើ​ភាពចាំបាច់​នៃ​សកម្មភាព​លើ​អាកាសធាតុ​។ ដើម្បី​បន្ត​ភាពជោគជ័យ​មួយ​នេះ​នៅក្នុង​ឆ្នាំ​ ២០២២ និង​ឆ្លើយតប​នឹង​គោលដៅ​​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ការផ្លាស់ប្តូរ​ជា​សកល​ក្នុង​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ពិតជា​មានការ​ចាំបាច់​ខ្លាំងណាស់​។

លោកស្រី​ថា​៖ «​នៅ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ពួកយើង​ពិតជា​មាន​សេចក្តី​រីករាយ​ក្នុង​ការបន្ត​ការគាំទ្រ​របស់​យើង​ទៅលើ​ប្រទេស​កម្ពុជា​ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​សម្រាប់​សន្តិសុខ​ថាមពល​នៅថ្ងៃនេះ និង​នាពេល​អនាគត​»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​យុទ្ធនាការ ខ្ញុំ​សន្សំ កាលពី​ថ្ងៃទី​ ២៥ ខែឧសភា បានឱ្យ​ដឹងថា ស្រប​តាម​ការប្តេជ្ញា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ យុទ្ធនាការ​លើ​បណ្តាញ​សង្គម​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា «​ខ្ញុំ​សន្សំ​» ឬ «I Save» ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​ប្រសិទ្ធភាព​ថាមពល​តាមរយៈ​ការស្វែងយល់ និង​អនុវត្ត​ទម្លាប់​ងាយៗ អ្នកប្រើប្រាស់​តាម​ផ្ទះ​ និង​ម្ចាស់​អាជីវកម្ម​នឹង​អាច​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល ចំណេញ​ថវិកា និង​រួមចំណែក​បង្កើត​បរិស្ថាន​ប្រកប​ដោយ​សុខភាព​។

យុទ្ធនាការ​ «​ខ្ញុំ​សន្សំ​» ​ត្រូវបាន​គាំទ្រ​ដោយ​ការិយាល័យ Foreign Commonwealth and Development Office (FCDO) របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ហើយ​ត្រូវ​បានរៀបចំ​ដោយ​ក្រុមហ៊ុន Carbon Trust ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​កាត់បន្ថយ​កាបូន​ក្នុង​តំបន់​អាស៊ាន និង​អនុវត្ត​ដោយ​ដៃគូ ដែល​រួមមាន​ស៊ីអ៊ិនវេសមិន ដែលជា​សហគ្រាស​សង្គម​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​ធុន​តូច​របស់​សហគ្រិន​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។

កិច្ច​ផ្តួចផ្តើម​មួយ​នេះ​មាន​គោលបំណង​ពន្លឿន​ការផ្លាស់ប្តូរ​ក្នុងប្រទេស​កម្ពុជា ក្នុង​ការធន់​ទៅនឹង​អាកាសធាតុ កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។ ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ក្នុង​ការចូលរួម​ចំណែក​កាត់បន្ថយ​ការបំពុល​ជា​សកល​ទៅតាម​លទ្ធភាព និង​ធនធាន​របស់ខ្លួន​។ កម្ពុជា​ក៏បាន​បង្ហាញ​ពី​ទស្សនវិស័យ​ និង​យុទ្ធសាស្ត្រ​ដែលជា​ត្រីវិស័យ​ដឹកនាំ​ប្រទេស​ទៅកាន់​សេដ្ឋកិច្ច​ដែលមាន​តុល្យភាព​កាបូន​ទូទាំង​ប្រទេស​នៅត្រឹម​ឆ្នាំ​ ២០៥០​។

តាមរយៈ​ទំព័រ​របស់ខ្លួន «​ខ្ញុំ​សន្សំ​» ថា នឹង​ផ្តល់​វិធីសាស្ត្រ​ងាយៗ សាមញ្ញ ក៏ដូចជា​ព័ត៌មាន​នានា ដែល​អាចឱ្យ​ប្រជាជន​តាម​ផ្ទះ​ ឬ​សហគ្រិន​អាច​ប្រើប្រាស់​ជា​ក្បួន​ណែនាំ​ស្តីពី​ការ​ប្រើប្រាស់​ និង​ការសម្រេចចិត្ត​ប្រចាំថ្ងៃ​ទាក់ទង​នឹង​ថាមពល​មាន​ដូចជា​៖ ​ពន្យល់​ពី​និយមន័យ​នៃ​ប្រសិទ្ធភាព​ថាមពល​ជាមួយ​នឹង​ឧទាហរណ៍​, ពន្យល់​ពី​សារៈសំខាន់​នៃ​ការលាង​សម្អាត​ម៉ាស៊ីន​ត្រជាក់ និង​របៀប​ដែល​វា​អាច​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​, កំណត់​អេក្រង់​កុំព្យូទ័រ​ទៅជា sleep mode ឬ​បិទ​កុំព្យូទ័រ​ឱ្យបាន​ត្រឹមត្រូវ​ពេល​មិន​ប្រើ​, ចែករំលែក​គន្លឹះ​ក្នុងការ​សន្សំសំចៃ​ថវិកា​តាមរយៈ​ការទិញ​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ឬ​សម្ភារ​ការិយាល័យ​ដែលមាន​ស្លាក​សញ្ញា​ប្រសិទ្ធភាព​ថាមពល​, ប្រើ​បន្ទះ​ថាមពល​ឆ្លាតវៃ​ដែល​អាច​រកឃើញ​ នៅពេល​ដែល​ឧបករណ៍​ស្ថិតនៅក្នុង standby mode និង​កាត់​បន្ថយ​ថាមពល​ ដើម្បី​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​។

លោក Chris Stephen នាយក​នៃ​ក្រុមហ៊ុន Carbon Trust ប្រចាំ​តំបន់​ថ្លែងថា បើទោះបី​ជា​ពួកគេ​មានការ​ចាប់អារម្មណ៍​លើ​ការ​សន្សំ​ថាមពល​ក៏ដោយ ក៏​កង្វះ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ប្រសិទ្ធភាព​ថាមពល​នៅតែ​ជា​បញ្ហា​ចោទ​៕