ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រកាស​ឱ្យ​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស​ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ត្រូវ​ប្រកាស​អធិការ​កិច្ចការងារ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ឱ្យបាន​មុន​ដំណាច់​ខែមិថុនា និង​មុន​ដំណាច់​ខែធ្នូ​នៃ​ឆ្នាំ​នីមួយៗ​។

ការលើកឡើង​របស់​លោក អ៊ិត សំហេង ដូចនេះ​បាន​ធ្វើឡើង​តាមរយៈ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​ ២៧ ខែឧសភា​ស្តីពី​ការអនុវត្ត​របប​ស្វ័យ​ប្រកាស​អធិការកិច្ច​ការងារ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​។

លោក​បាន​បញ្ជាក់ថា​៖ «​ម្ចាស់ ឬ​នាយក​រោងចក្រ​សហគ្រាស​ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ឱ្យមាន​កាតព្វកិច្ច​ស្វ័យ​ប្រកាស​អធិការកិច្ច​​ការងារ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចំនួន​ ២​ លើក​ក្នុង​ ១​ ឆ្នាំ​គឺ​​លើក​ទី​ ១ ឱ្យបាន​មុន​ដំណាច់​ខែមិថុនា​ និង​លើក​ទី​ ២ ឱ្យបាន​មុន​ដំណាច់​ខែធ្នូ​នៃ​ឆ្នាំ​នីមួយៗ​​តាមរយៈ​គេហទំព័រ​៖ https://sicms.mlvt.gov.kh ចាប់ពី​ថ្ងៃទី​ ១ ខែមិថុនា ឆ្នាំ​ ២០២២»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀត​ថា ក្នុង​របាយការណ៍​ស្វ័យ​ប្រកាស​អធិការ​កិច្ចការងារ​មាន​ចំណុច​អាទិភាព​ចំនួន​ ៣១​ ដែលមាន​កំណត់​នៅក្នុង​លិខិត​ដាក់​កំហិត​របស់​អធិការ​ការងារ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវអនុវត្ត​ឱ្យខាង​តែបាន​តាម​លិខិត​ដាក់​កំហិត​នេះ​។ ​ក្នុងករណី​ល្មើ​សនឹង​ចំណុច​អាទិភាព​ណាមួយ នឹងត្រូវ​ទទួលរង​ការផាកពិន័យ​ភ្លាមៗ​ពី​អធិការ​ការងារ​យោងតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​។

ជាមួយ​គ្នា​នេះដែរ លោក​ក៏បាន​ក្រើនរំឭក​ដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស​ផងដែរ​ពី​ការចាក់​វ៉ាក់សាំង​កូវីដ-១៩ ដែលជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅតាម​រោងចក្រ សហគ្រាស​។

លោក អ៊ិត សំហេង បន្តថា​៖ «​ដូច្នេះ លោកអ្នក​ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រាជធានី ខេត្ត និង​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ខេត្ត ដើម្បី​ជំរុញ​ និង​រៀបចំ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជូន​កម្មករនិយោជិត​នៅតាម​រោងចក្រ​សហគ្រាស​ដោយ​អាច​បន្តដំណើរ​ការផលិតកម្ម​/​អាជីវកម្ម​តាម​ធម្មតា​»​។

សេចក្តី​ជូនដំណឹង​បានបញ្ជាក់​ថា អធិការ​ការងារ​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ការងារ ជាពិសេស ដើម្បី​ត្រួតពិនិត្យ​ទិន្នន័យ​កម្មករ​និយោជិត​ចាក់​វ៉ាក់សាំង​កូវីដ​-១៩​។ ​ក្នុងករណី​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស​មិន​បានធ្វើ​របាយការណ៍​ស្វ័យ​ប្រកាស​អធិការកិច្ច​ការងារ តាម​កាលកំណត់ និង​មិន​ព្រម​អនុវត្តតាម​នឹងត្រូវ​ទទួល​ការពិន័យ ឬ​ផ្តន្ទាទោស​តាមច្បាប់ និង​ការចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ពី​ក្រសួង​។

បើតាម​ប្រកាស​ស្តីពី​ការដាក់​ឱ្យ​ដំណើរការ​របប​ស្វ័យប្រកាស​អធិការកិច្ច​ការងារ និង​ធ្វើ​អធិការកិច្ច​ការងារ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​ការងារ​កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំមុន បានឱ្យ​ដឹងថា អធិការ​ការងារ​នឹងធ្វើ​អធិការកិច្ច ការងារ​សាមញ្ញ​តែ​ ១ ​លើក​នៅក្នុង​ ១ ​ឆ្នាំ នៅតាម​រោងចក្រ សហគ្រាស លើកលែង​តែ​អធិការកិច្ច​ការងារ ពិសេស​តាមដាន​ការដាក់​កំហិត តាម​បណ្តឹង ឬ​ទទួលបាន​ព័ត៌មាន​អំពី​ការរំលោភច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា​៕