ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​នៅតែមាន​សង្ឃឹមថា កិច្ចប្រឹងប្រែង​របស់​កម្ពុជា​នឹង​ចូលរួម​ចំណែក​កសាង​មូលដ្ឋានគ្រឹះ «​ដ៏រឹងមាំ​» ដើម្បី​ស្វែងរក​សន្តិភាព​ដល់​ប្រទេស​មីយ៉ាន់ម៉ា ទោះបី​វិបត្តិ​នៅ​ប្រទេស​នេះ​មាន​លក្ខណៈ​ចាក់​ស្រែះ​ជ្រៅ​ក៏ដោយ​។

លោក​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ ដើម្បី​ជូន​ព័ត៌មាន​លើក​ទី​ ២ ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ស្តីពី​បញ្ហា​មីយ៉ាន់ម៉ា នា​ថ្ងៃទី​ ២៧ ខែឧសភា ដែល​រហូតមក​ដល់ពេល​នេះ​មាន​រយៈពេល​ ៥ ​ខែ បន្ទាប់ពី​លោក​បាន​ជូន​ព័ត៌មាន​លើកដំបូង​កាលពីដើម​ខែមករា​។

លោក ប្រាក់ សុខុន ដែលជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​បាន​សរសេរ​ថា ប្រទេស​មីយ៉ាន់ម៉ា​នៅតែ​បន្ត​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ​ជាច្រើន ដូចជា​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច ជំងឺ​រាតត្បាត​កូវីដ​ ១៩ និង​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ ដោយ​លោក​អះអាង​ថា​៖ «​យ៉ាងណាក្តី មិនមែន​មានន័យ​ថា អស់សង្ឃឹម​នោះទេ ដរាបណា​យើង​ទាំងអស់​រួមទាំង​អាស៊ាន និង​សហគមន៍​អន្តរជាតិ​បន្ត​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មីយ៉ាន់ម៉ា​ប្រកប​ដោយ​ការ​ស្ថាបនា​ផ្ទុយ​ពី​នយោបាយ​ឯកោ​និយម​»​។

លោក​បន្តថា​៖ «​កម្ពុជា​ទទួល​ស្គាល់ថា វិបត្តិ​មីយ៉ាន់ម៉ា គឺមាន​លក្ខណៈ​ចាក់ស្រែះ​ជ្រៅ​។ ស្របពេល​ដែល​យើង​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន យើង​នៅតែ​សង្ឃឹមថា កិច្ចប្រឹងប្រែង​នោះ​នឹងចូលរួម​ចំណែក​កសាង​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​មួយ​ ដើម្បី​ស្វែងរក​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ទាំងមូល​»​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ខណៈពេល​ដែល​លោក​ទន្ទឹងរង់ចាំ​ដំណើរ​ទស្សនកិច្ច​លើក​ទី២​ ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា នៅពេល​ដ៏ខ្លី​ខាងមុខនេះ លោក​តែងតែ​គិតពី​ចំណុច​សំខាន់ៗ​ចំនួន​ ៥ គឺ ទី​១ ការបញ្ឈប់​អំពើហិង្សា ទី​២​ គឺ​ការចូលរួម​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុងន័យ​ស្ថាបនា ទី​៣ ​គឺ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ទី​៤ គឺ​ជំនួយ​មនុស្សធម៌ និង​ជាពិសេស​ចុងក្រោយ​ គឺ​សុទិដ្ឋិនិយម​។

កាលពី​ខែមីនា ប្រេសិត​ពិសេស​រូបនេះ​បានធ្វើ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយបាន​ជួប​ជាមួយ​ឥស្សរជន​សំខាន់​ ៤​ ក្រុម​ផ្សេងគ្នា នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុងនោះ​រួមមាន ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) តួអង្គ​ក្រៅ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ អង្គទូត និង​ទីភ្នាក់ងារ​ឯកទេស​របស់​អង្គការ​សហប្រជាជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ការបរទេស​កម្ពុជា​ចេញផ្សាយ​នា​ថ្ងៃទី​ ២៨ ខែឧសភា បញ្ជាក់ថា ជំនួប​ទាំងនេះ​បាន​ផ្តល់​ឱកាស​ដល់​លោក​ ប្រាក់ សុខុន បាន​ស្តាប់ ពិភាក្សា និង​បញ្ជាក់​អំពី​ការត្រៀម​ជួយ​ជ្រោមជ្រែង​ដល់​ប្រទេស​មីយ៉ាន់ម៉ា តាមរយៈ​ក្របខ័ណ្ឌ​អាស៊ាន ដើម្បី​សម្រេចបាន​វឌ្ឍនភាព​បន្ថែមទៀត​ក្នុង​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច ឬ​ហៅថា កុងសង់ស៊ីស​។

លោក ប្រាក់ សុខុន ថ្លែងប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា តួអង្គ​ទាំងអស់​បាន​លើកឡើង​ដូចៗ​គ្នា​អំពី​សេចក្តី​ប្រាថ្នា​ចង់ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ និង​ចង់បាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​មនុស្សធម៌​នៅលើ​មូលដ្ឋាន ដែលជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន​​មីយ៉ាន់ម៉ា​។ លោក​លើកឡើង​ថា​៖ «​តួអង្គ​នយោបាយ​ផ្សេងៗ​គ្នា​នៅ​ប្រទេស​មីយ៉ាន់ម៉ា គួរប្រកាន់​ជំហរ​បើកចំហ​បន្ថែមទៀត​សម្រាប់​ការសន្ទនា​ក្នុងន័យ​ស្ថាបនា ដើម្បី​កសាង​ការយោគយល់​គ្នា ជំនឿ និង​ទំនុកចិត្ត​ទៅវិញ​ទៅមក ដែល​អំណោយផល​ដល់​ដំណើរការ​សន្តិភាព​ប្រកប​ដោយ​បរិយាប័ន្ន និង​អាច​ទុកចិត្តបាន​នៅ​មីយ៉ាន់ម៉ា​»​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជាថ្មី​អំពី​ការត្រៀមខ្លួន និង​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ធ្វើជា​អ្នក​ស្តាប់​យ៉ាង​យកចិត្ត​ទុកដាក់ និង​ជា​អ្នកសម្របសម្រួល​ដ៏​ស្មោះត្រង់​សម្រាប់​មីយ៉ាន់ម៉ា ហើយ​អាទិភាព​ជាបន្ទាន់​គឺ​ត្រូវ​ដាក់ចេញ​នូវ​អ្វីដែល​បាន​ព្រមព្រៀងគ្នា​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កាលពីដើម​ខែឧសភា​ ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្តល់ជំនួយ​មនុស្សធម៌​ឱ្យបាន​ទាន់ពេលវេលា​ទៅដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​បំផុត​គ្មាន​ការរើសអើង​។

លោក ប្រាក់ សុខុន បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ​ថា ពេលនេះ លោក​កំពុង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​ ២ នាពេល​ខាងមុខ ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជំរុញ​ឱ្យមាន​វឌ្ឍនភាព​បន្ថែមទៀត​ក្នុងការ​អនុវត្ត​កុងសង់ស៊ីស ​៥​ ចំណុច​។ លោក សង្ឃឹមថា​នឹង​អាច​ជួប​ភាគី​ពាក់ព័ន្ធ​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន បន្ថែម​លើ​អ្នក​ដែល​បាន​ជួប​រួចហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ថ្លែងថា ការចង់បាន​យ៉ាងខ្លាំង​ពី​ភាគី​ដែល​កំពុង​តស៊ូ​ប្រឆាំងនឹង​រដ្ឋាភិបាល​បច្ចុប្បន្ន​មីយ៉ាន់ម៉ា​នោះ​គឺ​ការដោះលែង​លោកស្រី​ អ៊ុងសាន ស៊ូជី អតីត​មេដឹកនាំ​ស៊ីវិល​មីយ៉ាន់ម៉ា និង​ការកំណត់​អំពី​ជោគវាសនា​នៃ​អ្នកដឹកនាំ​របស់​ពួកគេ​ឱ្យបាន​ប្រាកដប្រជា​។

លោក​បន្តថា បើកាលណា​នៅតែ​មាន​ការឃុំឃាំង​លោកស្រី​ អ៊ុងសាន ស៊ូជី និង​នៅតែ​មានការ​រឹតត្បិត​សេរីភាព​នយោបាយ​របស់​ពួកគេ​ទៅ​អនាគត ដំណើរការ​នៃ​ការសន្ទនា​ប្រហែល​ជា​មាន​ឧបសគ្គ​ច្រើន ហើយ​ការឈាន​ទៅដល់​បទ​ឈប់​បាញ់​ក៏មាន​ការលំបាក​ដែរ​ ប្រសិន​បើ​បទ​ឈប់​បាញ់​នេះ ផ្តល់​ផលប្រយោជន៍​ទៅដល់​ក្រុម​យោធា​មីយ៉ាន់ម៉ា​ច្រើនជាង តែ​ប្រសិនបើ​វា​ផ្តល់​ផលប្រយោជន៍​ទាំងសងខាង​ដោយ​ស្មើគ្នា ប្រហែល​ជា​ភាគី​ទាំង​ ២ អាច​ទទួលយក​បទ​ឈប់​បាញ់​នេះ​។

លោក យង់ គិមអេង ថ្លែងថា​៖ «​ប៉ុន្តែ​រឿង​ដែល​សំខាន់​ថា ការទទួល​ ឬ​មិន​ទទួល​ [​បទ​ឈប់​បាញ់​] លទ្ធផល​យ៉ាងណា គឺ​វា​ស្ថិតនៅលើ​ការសម្រេច​របស់​ភាគី​ទាំងអស់​របស់​មីយ៉ាន់ម៉ា​ ហើយក៏​វា​ស្ថិតនៅលើ​ភាព​ប៉ិនប្រសប់​នៃ​ការ​សម្របសម្រួល​របស់​អាស៊ាន ក៏ដូចជា​សហគមន៍​អន្តរជាតិ​ផងដែរ​»៕