The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សុខាភិបាល​សម្រេច​ឱ្យប្រើ​ឱសថ ផាកឡូវីដ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​មាន​អាយុ​ពី​ ១២​ ឆ្នាំ​ឡើង

ក្រសួង​សុខាភិបាល​សម្រេច​ឱ្យប្រើ​ឱសថ ផាកឡូវីដ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​មាន​អាយុ​ពី​ ១២​ ឆ្នាំ​ឡើង

Content image - Phnom Penh Post
ឱសថ​ព្យាបាល​ជំងឺ​កូវីដ​ទើប​សម្រេច​ឱ្យ​ប្រើ​ប្រាស់​។ រូប ក្រសួង​សុខាភិបាល

ក្រសួង​សុខាភិបាល​សម្រេច​ឱ្យប្រើ​ឱសថ ផាកឡូវីដ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​មាន​អាយុ​ពី​ ១២​ ឆ្នាំ​ឡើង

ភ្នំពេញៈ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ និង​បង្កើតបាន​ភាពស៊ាំ​សហគមន៍​រឹងមាំ ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩ ក្រសួង​សុខាភិបាល និង​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បានសម្រេច​ឱ្យប្រើ​ប្រាស់​ឱសថ​ផាកឡូវីដ (PAXL0VID)​ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​សម្រាប់​អ្នក​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើងទៅ​។

ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង បែងចែក និង​ផ្គត់ផ្គង់​ឱសថ​យុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ នៃ​គណៈកម្មការជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៧ ខែឧសភា​ថា កន្លងមក​ក្រុមការងារ​បាន​ចែកចាយ​ឱសថ​ម៉ូលណាទ្រីស​ (MOLNATRIS) ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ ​១៩​ ចំពោះ​មនុស្ស​ចាប់ពី​អាយុ​ ១៨ ​ឆ្នាំ​ឡើងទៅ​។

គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​លើកឡើង​​ថា​៖ «​ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​បង្កើតបាន​ភាពស៊ាំ​សហគមន៍​រឹងមាំ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩ ក្រុមការងារ​បាន​នាំចូល​បន្ថែម​ឱសថ ផាកឡូវីដ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ចំពោះ​មនុស្ស​ចាប់ពី​អាយុ ១២ ​ឆ្នាំ​ឡើងទៅ​»​។

ឱសថ​ប្រភេទ​នេះ​នឹងត្រូវ​ចែកចាយ​ដល់​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និង​សាធារណជន​ចាប់ពី​ថ្ងៃទី​ ៣០ ខែឧសភា ឆ្នាំ​ ២០២២ តទៅ ហើយ​ប្រជាពលរដ្ឋ​អាច​រក​ទិញ​បាន​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ឱសថ​ផាកឡូវីដ (PAXLOVID) លក់​ក្នុងតម្លៃ ៩៥ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ដូស ហើយ​បុគ្គល​ម្នាក់ មាន​សិទ្ធិ​បញ្ជា​ទិញ​ពី​ ១ ដល់ ៥ ​ដូស​។ យោងតាម​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បានឱ្យដឹងថា មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និង​សាធារណជន អាច​បញ្ជា​ទិញ​ឱសថ​ទាំង​ ២​ ប្រភេទ ដោយផ្ទាល់​នៅ​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ និង​សាខា​ប្រៃសណីយ៍​កម្ពុជា​នៅតាម​ខេត្ត​។

សម្រាប់​មន្ទីរពេទ្យ​ឯកជន​គ្លីនិក ឱសថស្ថាន និង​ឱសថស្ថាន​រង មាន​សិទ្ធិ​បញ្ជា​ទិញ​ពី​ ១០ ដល់​ ៥០​ ដូស​ហើយ​អាច​លក់​បន្ត​មិន​លើសពី ១០៥ ​ដុល្លារ​ក្នុង​ ១ ​ដូស​។ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង និង​សាធារណជន​អាច​បញ្ជា​ទិញ​សាជាថ្មី​យ៉ាងតិច​ ១​ សប្តាហ៍​ក្រោយ​បញ្ជា​ទិញ​លើកចុងក្រោយ​។

គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ បញ្ជាក់ថា​៖ «​ករណី​មន្ទីរពេទ្យ​ឯកជន​គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង ឬ​អ្នកលក់ យកទៅ​លក់​បន្ត​លើសពី​តម្លៃ កំណត់​ខាងលើ ក្រុមការងារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ជា​ធរមាន​»​។

ទាក់ទង​នឹង​ការប្រើប្រាស់​ឱសថ​ផាកឡូវីដ ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ឱសថ​នេះ​គឺជា​ប្រភេទ​ថ្នាំ​គ្រាប់​សម្រាប់​លេប ១ ​ប្រអប់​មាន​ ២​ កំប៉ុង ស្មើនឹង​ចំនួន​ ៣០ ​គ្រាប់ ដែល​កំប៉ុង​បិទ​ស្លាក​ពណ៌​ក្រហម​មាន​ថ្នាំ​គ្រាប់ ណីម៉ាទ្រីយ៉ា​ ១៥០ ​មិល្លីក្រាម​ចំនួន​ ២០ គ្រាប់ និង​កំប៉ុង​បិទ​ស្លាក​ពណ៌​បៃតង​មាន​ថ្នាំ​គ្រាប់​រីតូណាវា ១០០ ​មិលី្លក្រាម ចំនួន​ ១០​ គ្រាប់​។ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា​៖ «​ឱសថ ផាកឡូវីដ​ប្រើ​សម្រាប់​អ្នកជំងឺ​កូវីដ​ ១៩​ ចាប់ពី​កម្រិត​ស្រាល​ទៅ​មធ្យម ចំពោះ​មនុស្ស​ចាប់ពី​អាយុ ១២​ ឆ្នាំ​ឡើងទៅ​ដោយ​ត្រូវ​លេប​ក្រោយ​ទទួលទាន​អាហារ​រួច ឬ​ពេល​ពោះ​ទទេ និង​ត្រូវ​លេប​ទាំងមូល​ជាមួយ​ទឹក​ដោយ​មិនត្រូវ​ទំពា កាច់ ឬ​កិនបំបែក​ឡើយ​»​។

អ្នកជំងឺ​ត្រូវ​លេប​ម្តង​ទាំង​ ២ ​មុខ​ចូលគ្នា (​ស្មើនឹង​ ៣​ គ្រាប់​ដែល​លេបថ្នាំ​គ្រាប់ ណឺម៉ាទ្រីវា ១៥០ ​មិល្លីក្រាម​ចំនួន​ ២​ គ្រាប់ និង​ថ្នាំ​គ្រាប់​រីតូណាវា ១០០ ​មិល្លីក្រាម ចំនួន ​១ ​គ្រាប់​) និង​លេប ១​ ថ្ងៃ ២ ​ដង (​រៀងរាល់ ១២ ​ម៉ោង​ម្តង សម្រាប់​រយៈពេល ៥ ​ថ្ងៃ​)​។

សម្រាប់​ការប្រតិកម្ម​រំខាន​ក្នុង​ការ​ប្រើប្រាស់​ឱសថ​នេះ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ឱសថ​នេះ​បណ្តាល​ឱ្យមាន​ផល​រំខាន​ដូចជា ភ្លាវមាត់ រាក សម្ពាធ​ឈាម​កើនឡើង និង​ឈឺ​សាច់ដុំ​ផងដែរ​។ អ្នកជំងឺ​ត្រូវ​លេប​ឱសថ​នេះ​ ១​ ថ្ងៃ​ ២ ​ដង រៀងរាល់ ​១២​ ម៉ោង​ម្តង សម្រាប់​រយៈពេល​ ៥ ​ថ្ងៃ ហើយ​ត្រូវ​រក្សាទុក​ឱសថ​នេះ​នៅក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់​ចន្លោះ​ពី​ ២០ ​ទៅ​ ២៥​ អង្សាសេ​ ឬ​អាច​រក្សាទុក​នៅ​សីតុណ្ហភាព​ពី​ ១៥ ​ទៅ​ ៣០ ​អង្សា​សេ​ពេលធ្វើ​ដំណើរ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍