ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា កម្ពុជា និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃទៀត​ប្តេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់តែ​សកម្ម​ ដើម្បី​កសាង​អនាគត​ទ្វីបអាស៊ី និង​ពិភពលោក​ឱ្យ​ត្រចះត្រចង់ ព្រមទាំង​បន្ត​ពង្រឹង​ឯកភាព​អាស៊ាន ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ កម្ពុជា រួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់តែ​សកម្ម​ឡើង​ទៀត​ក្នុង​ការកសាង​អនាគត​ដ៏ត្រចះត្រចង់​សម្រាប់​ទ្វីបអាស៊ី និង​ពិភពលោក​»​។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​នៅ​​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​ ២៧ ស្ដីពី​ «​អនាគត​របស់​អាស៊ី​» ​នៅ​ថ្ងៃទី​ ២៧ ខែឧសភា នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​តាម​ប្រព័ន្ធ​វីដេអូ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​បន្ត​ពង្រឹង​មជ្ឈភាព និង​ឯកភាព​អាស៊ាន​ ដើម្បី​ធានា​ឱ្យបាន​នូវ​ភាពធន់ និង​ភាពរឹងមាំ​របស់​​អាស៊ាន​ក្នុង​ការប្រឆាំង​នឹង​សម្ពាធ និង​ឥទ្ធិពល​ដែល​កើតចេញ​ពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ខ្លាំងក្លា​ឡើងៗ ក៏ដូចជា បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​»​។

លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា​រួមជាមួយ​រដ្ឋ​សមាជិក​-​អាស៊ាន​ផ្សេងទៀត​នឹង​បន្ត​ជំរុញ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​គំនិត​ផ្តួចផ្តើម និង​វិធានការ​នានា ដែល​ត្រូវបាន​ដាក់ចេញ​ក៏ដូចជា ការទាញយក​អត្ថប្រយោជន៍​ឱ្យ​បានជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ជាមួយ​គ្នា​នឹង​ការបង្កើន​ការតភ្ជាប់​ទាំង​ផ្នែក​រូបវន្ត និង​ផ្នែក​ឌីជីថល​។

នៅ​ចំពោះមុខ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​មកពី​បណ្ដា​ប្រទេស​អាស៊ី​ដទៃទៀត លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា កម្ពុជា​នឹង​រួបរួម​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងទៀត​ប្តេជ្ញា​នឹង​បន្ត​ខិតខំ​ពង្រឹង​សមត្ថភាព​នៃ​សហគ្រាស​មីក្រូ តូច និង​មធ្យម ព្រមទាំង​លើកកម្ពស់​សហគ្រិនភាព ក្នុង​ចំណោម​ស្ត្រី និង​យុវជន ក៏​ដូចជា ពង្រឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និង​បញ្ហា​ប្រឈម​នៃ​យុគសម័យ​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ សំដៅ​ពន្លឿន​ការស្តារ​ឡើងវិញ​នូវ​សង្គម​-​សេដ្ឋកិច្ច ក្រោយពី​វិបត្តិ​កូវីដ​ ១៩ ឱ្យបាន​ប្រកប​ដោយ​ចីរភាព និង​​បរិយាប័ន្ន​។

លោក​មាន​ក្តីសង្ឃឹម «​យ៉ាង​មុតមាំ​» ​ថា សន្និសីទ​នេះ​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស្អិតល្មួត​រវាង​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​បន្ថែមទៀត​ជូន​ដល់​តំបន់ និង​សកលលោក​ទាំងមូល​។

ក្នុង​វេទិកា​ដដែល​នេះ លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​អាស៊ី​ត្រូវតែ​ធ្វើការ​ព្រម​គ្នា ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ដែល​មាន​ការបើកចំហ មាន​តម្លាភាព ប្រកប​ដោយ​បរិយាប័ន្ន​បំពេញ​បន្ថែម និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​បន្ត​រក្សា និង​ពង្រឹង​នូវ​ការឯកភាព និង​សាមគ្គីភាព​រវាង​បណ្តា​ប្រទេស​នានា​ក្នុង​ទ្វីបអាស៊ី ដែលជា​គន្លឹះ​យ៉ាងសំខាន់​ក្នុង​ការ​លើកកម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ​នានា​ក្នុង​តំបន់ និង​ពិភពលោក​។ ក្នុងន័យនេះ អាស៊ាន​ជា​អង្គការ​តំបន់​មួយ ដែល​ដើរតួនាទី​មិនអាច​ខ្វះ​បាន​ក្នុង​ការចូលរួម​ចំណែក​សម្រេច​ឱ្យបាន​នូវ​គោលដៅ ប្រកប​ដោយ​គុណ​តម្លៃ​ដ៏ថ្លៃថ្លា​ទាំងនោះ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា អាស៊ាន​តាមរយៈ​យន្តការ​នានា ដូចជា អាស៊ាន​បូក​ ៣ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​បាន​ប្រមូលផ្ដុំ​មហាអំណាច​ធំៗ មហាអំណាច​ទំហំ​មធ្យម និង​រដ្ឋ​តូចៗ​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​រួមគ្នា​កសាង​ជំនឿ និង​ទំនុកចិត្ត​ទៅវិញ​ទៅមក ព្រមទាំង​ពង្រឹង​និម្មាបនកម្ម​តំបន់​ផ្អែកលើ​វិធាន​នៃ​ច្បាប់​ដែលមាន​អាស៊ាន​ជា​ស្នូល​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ខែឧសភា ថា កម្ពុជា​មានបំណង​ប្រែក្លាយ​តំបន់​អាស៊ាន​ឱ្យ​ក្លាយជា​ស្ពាន​សន្តិភាព និង​ការអភិវឌ្ឍ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​ប្រកប​ដោយ​​ចីរភាព និង​សុខដុមរមនា​។

លោក​បន្តថា អាស៊ាន «​ត្រូវតែ​» រក្សា​ជំហរ​រឹងមាំ និង​ជា​អ្នកដឹកនាំ​អនាគត​របស់ខ្លួន​ចៀសវាង​ការ​រើសយក​មហាអំណាច​ណាមួយ​ជា​បង្អែក និង​បោះបង់​មហាអំណាច​មួយទៀត ហើយ «​ត្រូវតែ​»​ បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ល្អ​ទាំង​ជាមួយ​មហាអំណាច​ធំៗ​ និង​អំណាចកណ្តាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល និង​ការ​ជ្រៀតជ្រែក​នយោបាយ​ផ្ទៃក្នុង​រដ្ឋ​​ណាមួយ​។

អ្នកវិភាគ​រូបនេះ​ថ្លែងថា​៖ «​ដូចដែល​យើង​បាន​ឃើញ​ហើយ​អាវុធ​មិនអាច​បញ្ចប់សង្គ្រាម​បានទេ ជាក់ស្តែង​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា អ៊ុយក្រែន និង​ឧបទ្វីប​កូរ៉េ​ជាដើម ដែល​សង្គ្រាម​នៅតែ​បន្ត​ហួងហែង និង​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​របស់​ខ្លួន និង​ការអភិវឌ្ឍ​ប្រទេស​។ ប្រទេស​ទាំងអស់​សុទ្ធសឹង​តែ​ជា​មិត្ត​របស់​អាស៊ាន និង​កម្ពុជា​។ ដូចនេះ​ប្រទេស​ទាំងនោះ​ត្រូវគោរព​តាម​គោលការណ៍​ស្នូល​មជ្ឈភាព​​អាស៊ាន​»៕