ភ្នំពេញៈ ការបង្កបង្កើន​ស្រូវ​រដូវវស្សា​ឆ្នាំនេះ​មាន​សម្ទុះ​យឺត​ជាង​ឆ្នាំមុន ដោយសារ​តំបន់​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំងពេក​តាំងពី​ដើមរដូវ បណ្ដាល​ឱ្យ​ជន់​លិច​ដីស្រែ​មិនអាច​ធ្វើការ​ភ្ជួរ​រាស់ ដាំដុះ​ស្រូវ​បាន​។ ទន្ទឹមនឹង​នេះ ជំនន់​ទឹកភ្លៀង​ក៏បាន​បង្ក​ផលប៉ះពាល់ និង​ខូចខាត​ស្រូវ​ដើម​រដូវវស្សា​របស់​ប្រជាកសិករ​សរុប​ជាង​ ១​ ម៉ឺន​ហិកតា​។ នេះ​បើ​យោងតាម​សារាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម ស្ដីពី​ការថែទាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​ ២០២២​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​គូសបញ្ជាក់​នៅក្នុង​សារាចរ​ណែនាំ​នោះ​កាលពី​ថ្ងៃទី​ ២៧ ខែឧសភា ថា គិត​ត្រឹម​ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំ​ ២០២២ កសិករ​សម្រេច​ដាំដុះ​ដំណាំ​ស្រូវវស្សា​បាន​ចំនួន ៥០២ ៧៩៩ ​ហិកតា ស្មើនឹង​ ១៩,១៩% នៃ​ផែនការ ២ ៦១៩ ៥០០ ហិកតា ក្នុងនោះ​ស្រូវស្រាល​ចំនួន ៣១៧ ៦៦៣​ ហិកតា ស្រូវកណ្តាល​ចំនួន ៩៩ ៣១១ ​ហិកតា ស្រូវធ្ងន់​ចំនួន ៧៩ ០៤៥ ហិកតា ស្រូវចម្ការ​ចំនួន ៦៣៧ ​ហិកតា និង​ស្រូវ​ឡើង​ទឹក​ចំនួន ៦១៤៣ ​ហិកតា​។ ប៉ុន្តែ​តួលេខ​នេះ នៅមាន​ភាពយឺតយ៉ាវ​ជាង​ឆ្នាំមុន បើ​ប្រៀបធៀប​ទៅនឹង​សម្ទុះ​ការងារ​ដាំដុះ​ស្រូវ​រដូវវស្សា​ក្នុង​រយៈពេល​ដូចគ្នានេះ ព្រោះ​តំបន់​មួយចំនួន​លិច​ទឹក​ជោកជាំ​ខ្លាំងពេក មិនអាច​ភ្ជួរ​រាស់​កើត​។

លោក​បាន​បន្តថា មិន​ត្រឹមតែ​ធ្វើឱ្យ​ការងារ​ដាំដុះ​ស្រូវ​រដូវវស្សា​មាន​ភាពយឺតយ៉ាវ​នោះទេ ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នា​ដើម​រដូវវស្សា​នេះ​បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង ជន់​លិច​ប៉ះពាល់​ស្រូវ​ដើមរដូវ​វស្សា​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ​សរុប ៦ ០១៦​ ហិកតា និង​ខូចខាត​ចំនួន ៣ ៥១៣ ​ហិកតា ក្នុងនោះ​ខេត្ត​បន្ទាយមានជ័យ​មាន​ផ្ទៃដី​ប៉ះពាល់​ចំនួន ៤ ៦៦៤ ​ហិកតា និង​ខូចខាត​ចំនួន ២ ៣៨០ ​ហិកតា និង​ខេត្ត​ត្បូងឃ្មុំ​មាន​ផ្ទៃដី​ប៉ះពាល់​ចំនួន ១ ៣៣៧ ​ហិកតា និង​ផ្ទៃដី​ខូចខាត​ចំនួន ១ ១៣៣ ​ហិកតា​។

ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង និង​ឈានទៅ​សម្រេចបាន​តាម​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ដើម្បី​ឱ្យ​លទ្ធផល​នៃ​ការងារ​បង្កបង្កើនផល​សម្រេចបាន​ល្អប្រសើរ​ទៅតាម​ផែនការ​គ្រោងទុក និង​ក្នុងស្ថានភាព​ដែលមាន​ការគំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ផង​នោះ លោក វេង សាខុន បាន​ណែនាំ​ឱ្យ​កសិករ​យកចិត្ត​ទុកដាក់​ពិនិត្យ​ស្រែ និង​ត្រៀមលក្ខណៈ​រៀបចំ​ដីស្រែ ជាពិសេស​ត្រូវ​បិទ​ភ្លឺ និង​បូមទឹក​ចេញពី​ក្នុង​ស្រែ ក្នុង​ករណី​មានការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ដើមរដូវ​។ សម្រាប់​ប្រជាកសិករ​នៅ​តំបន់​ខ្ពស់ ដែល​ដាំដុះ​ស្រូវ​រដូវវស្សា​ដោយ​ពឹងផ្អែក​លើ​ទឹកភ្លៀង និង​មាន​ទម្លាប់​ដាំដុះ​ក្នុង​ខែកក្កដា ឬ​ខែសីហា​ត្រូវ​ប្រញាប់ប្រញាល់​ភ្ជួរ​រាស់​ដី​ដាំ​ដុះ​ពី​ពេលនេះ​ទៅ ព្រោះ​ឆ្នាំនេះ​មិនមាន​កូន​រដូវប្រាំង​នោះទេ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។ រូបថត Veng Sakhon page

លោក​បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​តាម​អង្គភាព​ក្រោម​ឱវាទ​នៃ​ក្រសួង មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ រាជធានី-​ខេត្ត​ទាំងអស់​ត្រូវ​ចុះ​ពិនិត្យ​ណែនាំ​ផ្ដល់​បច្ចេកទេស​ថែទាំ​ដំណាំ​ស្រូវ ដូចជា​ការប្រើប្រាស់​ជី​បំប៉ន ថ្នាំ​កសិកម្ម និង​ការ​គ្រប់គ្រង​សមាសភាព​ចង្រៃ​ឱ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ជាពិសេស​ត្រូវ​ចុះពិនិត្យ និង​វាយតម្លៃ​ផលប៉ះពាល់ និង​ការខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​ច្បាស់លាស់ ដោយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​សំដៅ​ជួយ​អន្តរាគមន៍​ដល់​កសិករ​ក្រីក្រ និង​អ្នក​ងាយ​រងគ្រោះ​ដែល​ខ្វះ​លទ្ធភាព រក​គ្រាប់ពូជ​ស្រូវ​មក​ដាំដុះ​ស្ដារឡើងវិញ ដើម្បី​លើកសំណើ​សុំ​មក​គណៈកម្មាធិការ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា (​ប.ស.ប.ក​)​។

លោក​ ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូង​ឃុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​មកទល់​ថ្ងៃទី​ ២៩ ខែឧសភា​នេះ ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​បានធ្វើ​ការដាំដុះ​ស្រូវ​ដើម​រដូវវស្សា​បាន​ប្រមាណ​ ៤១​ ភាគរយ​នៃ​ផែនការ​ ៣១ ០០០ ​ហិកតា​។ ប៉ុន្តែ​ផ្ទៃដី​ចំនួន ២ ៤៧១ ​ហិកតា ក្នុងចំណោម​ផ្ទៃដី​ដែល​ដាំដុះ​ស្រូវ​ដើមរដូវ​វស្សា​រួច​ប្រមាណ​ ៤១ ​ភាគរយ​នេះ​បាន​រង​ផលប៉ះពាល់​ និង​ខូចខាត​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​។

លោក​ថ្លែងថា​៖ «​នៅពេលនេះ ក្រុមការងារ​យើង​កំពុង​ចុះ​ពិនិត្យ និង​ស្រង់​ទិន្នន័យ​បន្ថែម​ពី​ផលប៉ះពាល់​ និង​ខូចខាត​ដំណាំ​ស្រូវ​ដើម​រដូវវស្សា​នេះ ដើម្បី​ធ្វើការ​វាយតម្លៃ និង​លើកសំណើ​ទៅ​គណៈកម្មាធិការ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា សុំ​គ្រាប់​ស្រូវពូជ​សម្រាប់​ផ្ដល់ជូន​ដល់​កសិករ​ក្រីក្រ​ខ្វះ​លទ្ធភាព ដើម្បី​ដាំ​ស្ដារ​ឡើងវិញ​»​។

លោក ពិសិដ្ឋ ថា ដំណាំ​ស្រូវ​ដែល​កំពុង​រង​ផលប៉ះពាល់​ និង​ខូចខាត​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​ នៅពេល​នេះ​មាន​នៅ​ក្នុងស្រុក​ចំនួន​ ៤ គឺ ស្រុក​ពញាក្រែក ត្បូងឃ្មុំ តំបែរ និង​ស្រុក​អូររាំងឪ​។ ក្រៅពី​ការងារ​ចុះ​ត្រួតពិនិត្យ​ប្រមូល​ទិន្នន័យ​ពី​ផលប៉ះពាល់​ និង​ខូចខាត​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង ក្រុមការងារ​បាន​ណែនាំ​ដល់​កសិករ ដែល​នៅ​តំបន់​ខ្ពស់​ធ្វើការ​រៀបចំ​ភ្ជួរ​រាស់ ពង្រាប​ដីស្រែ​ឱ្យ​ស្មើ និង​លើកភ្លឺស្រែ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​រក្សា​ទឹក​ទុក និង​កាត់បន្ថយ​ការចំណាយ​ទៅលើ​ថ្លៃ​ជី និង​ថ្នាំ​គីមី​កសិកម្ម​។

លោក​ថ្លែងថា​៖ «​ការរៀបចំ​ដីស្រែ​បាន​ល្អ មិន​គ្រាន់តែ​អាច​កាត់បន្ថយ​នូវ​ហានិភ័យ​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​ទេ ថែមទាំង​អាចជួយ​កាត់បន្ថយ​ថ្លៃ​ជី និង​ថ្នាំ​គីមី​​កសិកម្ម​ផងដែរ ខណៈ​ជី និង​ថ្នាំ​កសិកម្ម​កំពុង​ឡើងថ្លៃ​»​។

លោក ម៉ក់ សារុន អាយុ​ ៦៨ ​ឆ្នាំ ជា​ប្រជាកសិករ​នៅ​ភូមិ​បត់ទន្លា ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​បាន​និយាយថា មិន​ថា តែ​ជី​ និង​ថ្នាំ​កសិកម្ម​ទេ​ដែល​ឡើងថ្លៃ សូម្បីតែ​ថ្លៃ​ភ្ជួរ​ដី​ក៏​គេ​ឡើងថ្លៃ​ដែរ​ឥឡូវនេះ ព្រោះ​គេ​អះអាងថា ប្រេង​វា​ឡើងថ្លៃ​។

លោក​ សារុន ដែល​អះអាងថា ទើបតែ​ខូចខាត​ស្រូវពង្រោះ​ដើម​រដូវវស្សា​ឆ្នាំនេះ​អស់​ ៣ ​ហិកតា ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​និយាយថា​៖ «​នៅ​រដូវវស្សា​ឆ្នាំនេះ ​ខ្ញុំ​នឹង​អ្នកភូមិ​ខំ​តែ​អរ​ ព្រោះ​ឃើញ​មាន​ភ្លៀង​តាំងពី​ដើមរដូវ ដឹងអី​មេឃ​ភ្លៀង​ឥត​ឈប់​។ ឥឡូវ​ខូច​ស្រូវ​ឯង​អស់​ ៣ ​ហិកតា ហើយ​មិន​ខូច​តែ​ខ្ញុំ​ទេ គឺ​អ្នកភូមិ​ទាំងអស់​ជាង​ ៣០០ ​គ្រួសារ ក្នុង​ ១​ គ្រួសារ​ខូច​ស្រូវ​អស់​តិច​បំផុត​ក៏​កន្លះ​ហិកតា​ដែរ​»​។ នៅពេល​នេះ ជំនន់​ទឹកភ្លៀង​កំពុង​លិច​ដីស្រែ​៕

វីដេអូ៖