ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ថ្លែងថា ការបង្កើត​ការិយាល័យ​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​ (SDC) នៅ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ​មកនេះ​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ភាពជា​ដៃគូ​ដ៏យូរអង្វែង​ជាមួយ​កម្ពុជា ដោយ​លោក​ចាត់ទុក SDC ជា​ម្ចាស់ជំនួយ​ដ៏​សំខាន់​ដែល​បាន​ជួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វិស័យ​ផ្សេងទៀត​។

លោក​លើកឡើង​ដូច្នេះ​នាឱកាស​ខួប​ ១០​ ឆ្នាំ​នៃ​ការបង្កើត​ការិយាល័យ​ SDC នៅ​កម្ពុជា និង​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ស្វ៊ីស​នៅ​តំបន់​មេគង្គ ឆ្នាំ​ ២០២២-២០២៥ នា​ថ្ងៃទី​ ២៧ ខែឧសភា នៅ​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា ការបង្កើត​ការិយាល័យ SDC នៅ​កម្ពុជា​រយៈពេល​ ១០​ ឆ្នាំ​មកនេះ គឺជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ភាពជា​ដៃគូ​ដ៏​យូរអង្វែង​ជាមួយ​កម្ពុជា​។ លោក​កោតសរសើរ​ចំពោះ​ប្រទេស​ស្វ៊ីស និង​ប្រជាជន​ស្វ៊ីស​ចំពោះ​ការគាំទ្រ «​ដ៏សប្បុរស​» ដល់​កម្ពុជា​លើ​គ្រប់​វិស័យ រួមទាំង វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ​។

លោក​ អ៊ិត សំហេង ថ្លែងថា​៖ «SDC គឺជា​ម្ចាស់ជំនួយ​ដ៏សំខាន់​មួយ ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​គម្រោង​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច អភិបាលកិច្ច ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ជាដើម​»​។

បើតាម​លោក​រដ្ឋមន្ត្រី ក្រសួង​ការងារ​បានទទួល​ការគាំទ្រ​ពី SDC លើ​គម្រោង​ជាច្រើន រួមទាំង​ឧបករណ៍​បរិក្ខារ បច្ចេកទេស និង​ហិរញ្ញវត្ថុ​។ ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍន៍​ជំនាញ​ដំណាក់កាល​ទី​ ១ និង​ដំណាក់កាល​ទី​ ២ កម្មវិធី​«​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា​»​។ ដំណាក់កាល​ទី​ ១ និង​ដំណាក់កាល​ទី​ ២ គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) តាម​អនឡាញ ​និង​កំពុង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ច្បាប់ TVET ជាដើម​។

លោក​ថា ប្រទេស​ស្វ៊ីស និង​ SDC បានផ្តល់​ជំនួយ​យ៉ាងច្រើន​លើ​ផ្នែក​ឧបករណ៍​បរិក្ខារ បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​បាន​នាំយក​បទពិសោធ ចំណេះដឹង និង​បច្ចេកទេស​នានា​មកជួយ​ដល់​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «SDC បាននិង​កំពុង​ធ្វើការ​ជាមួយ​ដៃគូ​នានា​ជាច្រើន រួមទាំង​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត សម្រាប់​ការគាំទ្រ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​រួមបញ្ចូល​យុទ្ធសាស្ត្រ​រយៈពេល ៤​ ឆ្នាំ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជា​អាទិភាព​របស់​កម្ពុជា និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​»​។

លោក អ៊ិត សំហេង បាន​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក ការអភិវឌ្ឍ​ប្រព័ន្ធ ​TVET ​ជា​អាទិភាព​ខ្ពស់បំផុត​ក្នុង​ការ​គ្រប់​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​។ រដ្ឋាភិបាល​ក៏បាន​ធ្វើការ​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​លើ​វិស័យនេះ ដើម្បី​ខិតខំ​រត់តាម​ឱ្យទាន់​មហិច្ឆតា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា និង​ទីផ្សារ​ការងារ ព្រមទាំង​ដើម្បី​រត់តាម​ឱ្យទាន់​ក្តីរំពឹង​កាន់តែ​ខ្ពស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​មាន​ការងារ​ធ្វើ​ល្អ និង​កម្រិតជីវភាព​កាន់តែ​ប្រសើរឡើង​។

លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូត​ស្វ៊ីស​ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ បាន​ធ្វើការ​កោតសរសើ​រ​ចំពោះ​ភាពជា​ដៃគូ​យូរអង្វែង​របស់ខ្លួន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា វិស័យ​ឯកជន អង្គការ​អន្តរជាតិ និង​សង្គម​ស៊ីវិល​។

លោកស្រី​ត្រូវបាន​ស្រង់​សម្តី​ដោយ​ក្រសួង​ការងារ​ថា​៖ «​ពួកយើង​នៅទីនេះ គឺ ដើម្បី​រួមចំណែក​ដល់​អនាគត​នៃ​ប្រទេស​ដ៏​ស្រស់ស្អាត​នេះ និង​ប្រជាជន​ទាំង​ក្មេង និង​ចាស់​។ ប្រទេស​ស្វ៊ីស​ចូលរួម​ធ្វើការ​នៅក្នុង​បរិបទ​តំបន់​ផងដែរ ក្នុង​គោលបំណង​ពង្រឹងឡើង​វិញ​នូវ​យន្តការ និង​ស្ថាប័ន​ក្នុង​តំបន់ ដូចជា អាស៊ាន​ជាដើម​»​។

លោកស្រី​លើកឡើងថា ក្នុងឆ្នាំនេះ ប្រទេស​កម្ពុជា​ទទួល​បន្ទុក​ «​យ៉ាងសំខាន់​» ក្នុងនាម​ជា​ប្រធាន​អាស៊ាន ដោយ​កម្ពុជា​នឹង​ដើរតួ​ជា​អ្នកដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​តំបន់​។ ប្រទេស​ស្វ៊ីស រង់ចាំ​ធ្វើការ​ជាមួយ​កម្ពុជា ក្នុងនាម​ជា​ដៃគូ សន្ទនា​តាម​វិស័យ​ជាមួយ​អាស៊ាន​។

ក្នុងជំនួប​ជាមួយ​លោក ​គង់ ភោគ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃទី​ ២៧ ខែឧសភា លោកស្រី Helene Budliger Artieda បាន​ពិភាក្សា​អំពី​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ភាពជា​ដៃគូ​អាស៊ាន​-​ស្វ៊ីស ជំនួយ​មនុស្សធម៌​ដល់​មីយ៉ាន់ម៉ា និង​បញ្ហា​តំបន់​ផ្សេងទៀត​។ លោកស្រី​បាន​សរសេរ​លើ​ Twitter បន្ទាប់ពី​ជំនួប​ថា​៖ «[​យើង​] រង់ចាំ​ធ្វើការ​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន គឺ​ភាពជា​ដៃគូ​អាស៊ាន​-​ស្វ៊ីស​»៕