
ទីតាំងឃាតកម្មក្មេងស្រីអាយុ ១៣ ឆ្នាំ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី ២៩ ឧសភា។ រូបថត CPU
កំពង់ធំៈ នគរបាលនឹងបញ្ជូនបុរសសង្ស័យម្នាក់ទៅសាលាដំបូងខេត្តនៅថ្ងៃទី ៣០ ឧសភាបន្ទាប់ពីចាប់ខ្លួនបាន ២ ថ្ងៃពាក់ព័ន្ធករណីរឹតកសម្លាប់ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ ដោយសារតែមានគំនុំជាមួយឪពុកម្តាយក្មេងរងគ្រោះប្រព្រឹត្តនៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក កាលពីថ្ងៃទី ២៧ ឧសភា។
លោក ទិត្យ សំណាង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ខេត្តកំពង់ធំឱ្យដឹងនៅថ្ងៃទី ២៩ ឧសភា ថា ជនសង្ស័យឈ្មោះ បួន យ៉ិក ភេទប្រុស អាយុ ២៦ ឆ្នាំ រីឯក្មេងស្រីរងគ្រោះឈ្មោះ សារីន ភ័ត្រា អាយុ ១៣ ឆ្នាំ និងមានសតិមិនគ្រប់។ ពួកគេរស់នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្អុក ។
លោកថា៖ «ជនសង្ស័យយើងទើបចាប់បានម្សិលមិញ (ថ្ងៃទី ២៨ ឧសភា) យើងបញ្ជូនគាត់ទៅតុលាការនៅថ្ងៃ ៣០ ឧសភា»។
លោកបានរៀបរាប់តាមម្តាយក្មេងរងគ្រោះថា កាលពីព្រឹកថ្ងៃទី ២៧ ឧសភា គាត់បានបាត់កូនហើយបានមកប្តឹងផ្ទាល់មាត់នៅអធិការដ្ឋាននគរបាលស្រុក។ ពេលនោះនគរបាលបានចាត់ចែងស្រាវជ្រាវរហូតដឹងថា គេបានឃើញឈ្មោះ បួន យ៉ិក បានឌុបក្មេងរងគ្រោះតាមម៉ូតូ។ ក្រោយពីបានតម្រុយមកទើបកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរកជនសង្ស័យឃើញនៅថ្ងៃទី ២៨ ឧសភា នៅក្នុងភូមិដែលគេកំពុងរស់នៅ ហើយសមត្ថកិច្ចបានហៅជនសង្ស័យទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។
នៅពេលសមត្ថកិច្ចសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាឌុបក្មេងរងគ្រោះទៅកន្លែងស្ងាត់ក្បែរមាត់ស្ទឹងកំពង់ថ្មហើយបានដោះអាវដែលពាក់នៅខ្លួនរបស់គេរឹតករហូតដល់ដាច់ខ្យល់ស្លាប់។ បន្ទាប់ពីសម្លាប់រួច រូបគេបានយកការុងពណ៌សច្រកក្មេងរងគ្រោះហើយចងមាត់ការុងដឹកយកទៅបោះចូលទៅក្នុងទឹកស្ទឹងកំពង់ថ្ម និងបានជិះម៉ូតូត្រឡប់មកផ្ទះវិញរហូតដល់ថ្ងៃទី ២៨ ឧសភា ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។ ចំពោះមូលហេតុសម្លាប់នោះ ដោយសារតែគេខឹងមានទំនាស់ពាក្យសម្តីជាមួយឪពុកម្តាយក្មេងស្រី ហើយក៏ចង់សងសឹកមិនដឹងជាធ្វើអ្វីកើតក៏សម្លាប់កូនរបស់ពួកគាត់ទៅ៕