ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​នឹងមិន​ដាក់ខ្លួន ​ជា​កូនបំណុល​របស់​អ្នកណាមួយ​ទេ ហើយ​ចិន​ក៏​មិនមែន​ជា​ប្រទេស​តែមួយគត់ ដែល​កម្ពុជា​ខ្ចីប្រាក់ ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​ជាប់អន្ទាក់​បំណុល​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នោះ​ទេ ហើយ​ចិន​ក៏​គ្មាន​បំណង​ដាក់​កម្ពុជា​ជា​អន្ទាក់​បំណុល​របស់​ចិន​ដែរ​។

លោក ហ៊ុន សែន បាន​ថ្លែង​ដូចនេះ​ជា​ការ​ឆ្លើយតប​នឹង​សំណួរ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​ ២៧ ស្តីពី​អនាគត​របស់​អាស៊ី​នា​ថ្ងៃ​សុក្រ​តាម​ប្រព័ន្ធ​អនឡាញ ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​រយៈពេល​ ២​ ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ២៦-២៧ ខែឧសភា ឆ្នាំ ​២០២២​។ លោក​មានប្រសាសន៍​ថា​៖ «​អ្វីដែល​យើងខ្ញុំ​ខ្ចី យើង​មានការ​ប្រុងប្រយ័ត្ន​ខ្លួនឯង យើងខ្ញុំ​មានច្បាប់​ទាក់ទង​នឹង​ការខ្ចី​បុល ហើយ​បើ​គិត​មកដល់​ពេលនេះ ពិតាន​សម្រាប់​ការខ្ចី​របស់​យើង ដែល​គេ​អនុញ្ញាត​ឱ្យ​ខ្ចី​រហូតដល់​ ៤០% ​នៃ​ផលិតផល​ក្នុងស្រុក យើងខ្ញុំ​ទើបនឹង​ខ្ចី​ ២៣%​ ប៉ុណ្ណោះ ដែល​នៅ​សេសសល់​ទំហំ​សម្រាប់​ការខ្ចី​បន្តទៀត​»​។ លោក​ ហ៊ុន សែន​បញ្ជាក់ដែរថា កម្ពុជា​មិនមែន​ចេះតែ​ខ្ចី​ដោយ​មិនបាន​គិតគូរ​អំពី​ស្ថានភាព​បំណុល​ដែល​យើង​អាច​ដោះស្រាយ​បាន​នោះទេ​។ ដូច្នេះ​លោក​មិន​យល់ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹងដាក់​អន្ទាក់​កម្ពុជា​តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ឱ្យ​កម្ពុជា​នោះទេ ហើយ​លោក​ក៏​មិន​គិត​ដែរ​ថា ជប៉ុន​ដាក់​អន្ទាក់​កម្ពុជា​លើ​បញ្ហា​ការខ្ចី​បុល​ពី​ជប៉ុន​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ នោះដែរ​។

លោក ហ៊ុន សែន​ថា៖ «​ខ្ញុំ​សុំ​បញ្ជាក់ថា កម្ពុជា​នឹងមិន​ដាក់ខ្លួន​ទៅជា​កូនបំណុល​របស់​អ្នក​ណាមួយ​នោះទេ ព្រោះ​យើង​មិនអាច​ខ្ចី​តែ​ពី​ចិន​តែមួយ​ទេ គឺ​យើង​អាច​ខ្ចី​ពី​ជប៉ុន កូរ៉េ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភពលោក និង​ខ្ចី​ពី​ធនាគារ​អឺរ៉ុប​ផងដែរ​»​។

ជាមួយ​គ្នានេះដែរ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា វា​ច្បាស់​ណាស់ ចិន​បាន​ផ្តល់​ជា​មូលដ្ឋាន​សម្រាប់​កម្ពុជា ដែល​នេះ​ជា​បញ្ហា​ពិតប្រាកដ ហើយ​លោក​ក៏បាន​លើកឡើង​ផងដែរ​កាលពី​ឆ្នាំមុន​ថា បើ​លោក​មិន​ពឹង​ចិន តើ​ឱ្យ​លោក​ពឹង​អ្នកណា​? លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​សម្ដី​ពិត​របស់ខ្ញុំ ហើយ​ខ្ញុំ​សុំ​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ថា យើងខ្ញុំ​មិនអាច​ក្លាយ​ទៅជា​កូនបំណុល​តែមួយគត់ ហើយ​ជា​អន្ទាក់​បំណុល ដែល​ចិន​ត្រូវដាក់ ហើយ​ចិន​ក៏​គ្មាន​បំណង​ដាក់​កម្ពុជា​ជា​អន្ទាក់​បំណុល​របស់​ចិន​នោះដែរ​»​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ចន្ទរឿន ថ្លែង​នៅ​ថ្ងៃទី​ ២៩ ​ឧសភា​ថា កម្ពុជា​ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ដែល​ត្រូវការ​នូវ​ធនធាន​គ្រប់​ប្រភេទ ដោយ​រួមទាំង​ធនធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ទម្រង់​ជា​ប្រាក់កម្ចី​ជាដើម ដើម្បី​យកមក​អភិវឌ្ឍ​ប្រទេស ប៉ុន្តែ​កម្ពុជា​ត្រូវ​មានការ​ប្រយ័ត្ន​ប្រយែង​ក្នុងការ​ខ្ចីបុល​នេះ​។ លោក​បាន​ថ្លែងថា​៖ «​ការប្រយ័ត្ន​ប្រយែង​នេះ ដើម្បី​ធានា​ថា បំណុល កម្ចី​ដែល​យើង​យកមក​នេះ​នឹងមិន​ក្លាយជា​អន្ទាក់​វ័ណ្ឌក សម្រាប់​ប្រទេសជាតិ​យើង ដែល​មិន​ត្រឹមតែ​មិនអាច​ជួយ​អភិវឌ្ឍ​សង្គមជាតិ​យើង​ឱ្យទៅ​មុខ​ទេ តែ​បែរជា​វា​អាច​ក្លាយទៅជា​សម្ពាធ​ ឬក៏​ជា​មហន្តរាយ​សម្រាប់​សង្គម​ទាំងមូល​»​។

លោក ប៉ា ចន្ទរឿន បន្ថែមថា កម្ពុជា​ត្រូវតែ​បញ្ចៀស​ឱ្យបាន​ក្នុង​ការដែល​អាច​ធ្លាក់ចូល​ទៅក្នុង​អន្ទាក់​បំណុល​របស់​ប្រទេស​ណាមួយ រួមទាំង​ប្រទេស​ចិន​ផងដែរ ដើម្បី​កុំឱ្យ​កើតមាន​មហន្តរាយ ឬក៏​ការ​ប្រឈម​ស្អេកស្កះ​ដូច​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក​ដែល​កំពុង​តែមាន​ការលំបាក​នៅក្នុង​ការសង​បំណុល​របស់​ចិន និង​ទាំង​ការដោះស្រាយ​បញ្ហា​ចាក់​ស្រែះ​នៅក្នុង​សង្គម​របស់ខ្លួន​ដែល​ខ្ចីបុល​ពី​បរទេស​ហួសប្រមាណ​៕