
បុរសម្នាក់អារកសម្លាប់ប្រពន្ធ ព្រោះតែប្រចណ្ឌ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២៧ ឧសភា។ រូបថត ប៉ូលិស
ភ្នំពេញៈ បុរសម្នាក់ដែលអារកសម្លាប់ប្រពន្ធ ពីព្រោះតែរឿងប្រចណ្ឌដែលគ្មានភ័ស្តុតាងនៅសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោកកាលពីយប់ថ្ងៃទី ២៧ ឧសភា ហើយត្រូវចាប់ខ្លួនបាន ១ ថ្ងៃក្រោយមកនោះនឹងត្រូវសមត្ថកិច្ចនគរបាលបញ្ជូនទៅតុលាការនៅថ្ងៃទី ៣០ ឧសភា ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងនៅថ្ងៃទី ២៩ ឧសភាថា ជនសង្ស័យឈ្មោះ ភួង រដ្ឋា អាយុ ២៧ ឆ្នាំ ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៣០ ឧសភា។ ជនសង្ស័យពាក់ព័ន្ធបទល្មើសអារកសម្លាប់ប្រពន្ធរបស់ខ្លួន។ លោកថ្លែងថា៖ «ករណីជនសង្ស័យម្នាក់នេះ កម្លាំងសមត្ថកិច្ចត្រូវចាប់បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញប្រហែលនៅថ្ងៃចន្ទ ពេលព្រឹកស្អែក (៣០ ឧសភា)។ តែនៅថ្ងៃនេះ(ថ្ងៃទី ២៩ ឧសភា) កម្លាំងជំនាញកំពុងធ្វើការសាកសួរបន្ថែមបន្តិចទៀតសិន»។
លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់នៅថ្ងៃទី ២៩ ឧសភាថា ការចាប់ខ្លួនជនសង្ស័យឈ្មោះ ភួង រដ្ឋា រូបនេះគឺនៅវេលាម៉ោងប្រមាណ ៣ រសៀល ថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២២ នៅចំណុចមុខអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ។ ការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យក៏ទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវរួមទាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅផងដែរ។
ទោះយ៉ាងណាលោក សោភា មិនបានបញ្ជាក់លម្អិតពីដំណើររឿងយ៉ាងណានោះទេ ក៏ប៉ុន្តែបើតាមឃ្លីបវីដេអូមួយ គឺជនសង្ស័យ ភួង រដ្ឋា បានឆ្លើយប្រាប់សមត្ថកិច្ចក្រោយចាប់ខ្លួនថា មូលហេតុដែលសម្លាប់ប្រពន្ធ គឺដោយសារគាត់ប្រចណ្ឌហើយមុនអារកសម្លាប់នាងគឺគាត់មិនបានវាយដំនាងទេ។
ជនសង្ស័យប្រាប់សមត្ថកិច្ចថា៖ «ខ្ញុំប្រចណ្ឌព្រោះខ្ញុំឃើញប្រពន្ធខ្ញុំ មានអារម្មណ៍ប្លែកៗ តែមុនសម្លាប់ ខ្ញុំមិនបានវ៉ៃនាងទេ។ ខ្ញុំយកកាំបិតប៉័ងតោពណ៌ស មកអារបំពង់កពីមុខ ហើយពីមុនខ្ញុំធ្លាប់ប្រើគ្រឿងញៀន តែឥឡូវនេះអត់បានប្រើទេ»។
មន្ត្រីនគរបាលប៉ុស្តិ៍បឹងកក់ទី ១ មួយរូបស្នើសុំមិនឱ្យបញ្ចេញឈ្មោះបាននិយាយប្រាប់តាមសាក្សីនៅថ្ងៃទី ២៩ ឧសភា ថា ករណីនេះលោកមិនអាចប្រាប់ពីឈ្មោះស្ត្រីរងគ្រោះបានទេ ដោយសារតែខុសវិជ្ជាជីវៈ តែជនសង្ស័យ និងប្រពន្ធដែលជាស្ត្រីរងគ្រោះនោះមានកូនប្រុសម្នាក់អាយុប្រមាណ ៣ ឆ្នាំ មកស្នាក់នៅបណ្តោះអាសន្នដោយជួលបន្ទប់លេខ ១៥ ក្នុងភូមិ ៤ សង្កាត់ បឹងកក់ទី ១ ខណ្ឌទួលគោក។ ប៉ុន្តែកូនប្រុសម្នាក់នោះត្រូវបានស្ត្រីរងគ្រោះយកទៅផ្ញើម្តាយឪពុកបង្កើតរបស់នាងឱ្យជួយមើលថែនៅឯស្រុកកំណើតខេត្តតាកែវ។
ចំណែកឯស្ត្រីរងគ្រោះបម្រើការជាអ្នកធ្វើអនាម័យនៅបុរីសាន់វ៉េ។ មន្ត្រីនគរបាលរូបនេះបន្តថា ហេតុការណ៍សម្លាប់នេះអាចកើតឡើងមុនម៉ោង ៧ យប់ថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២២ ហើយសមត្ថកិច្ចរបស់លោកទទួលបានដំណឹងនៅម៉ោង ៧ យប់ថ្ងៃ-ខែ-ឆ្នាំដដែល បន្ទាប់ពីអ្នករស់នៅក្បែរបន្ទប់ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់មានប្រឡាក់ឈាមនៅក្នុងបន្ទប់ម្នាក់ឯង។ បន្ទាប់មកអ្នកភូមិបានទូរស័ព្ទរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍បឹងកក់ទី ១ ហើយសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍បន្តទៅជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង។
មន្ត្រីនគរបាលដដែលបានថ្លែងថា៖ «ស្ត្រីរងគ្រោះឃើញមានស្នាមអារដាច់បំពង់ក ហើយដេកផ្កាប់មុខលើកម្រាលឥដ្ឋការ៉ូ។ នៅក្នុងបន្ទប់នោះរស់នៅតែ ២ នាក់ប្តីប្រពន្ធទេ»៕