ពោធិ៍សាត់ៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កែសម្រួល​ផ្ទៃដី​ទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពី​តំបន់​ ៣ បញ្ចូលមក​តំបន់​ ២ នៃ​តំបន់​បឹង​ទន្លេសាប​ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​ពោធិ៍សាត់ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ ១ ៦៥៨ គ្រួសារ​សម្រាប់​ប្រើប្រាស់ និង​អាស្រ័យផល​។

យោងតាម​អនុក្រឹត្យ​លេខ ១១១ អនក្រ.បក ចុះហត្ថលេខា​ដោយ​លោក នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ២៧ ខែឧសភា បាន​សម្រួល​ផ្ទៃដី​ទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​ចេញពី​តំបន់​ ៣ នៃ​បឹង​ទន្លេសាប ដែល​កំណត់ដោយ​អនុក្រឹត្យ​លេខ​ ១៩៧ អនក្រ.បក ចុះ​ថ្ងៃទី​ ២៩ ខែសីហា ឆ្នាំ​ ២០១១ បញ្ចូលមក​តំបន់​ ២ ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន​ ១ ៦៥៨​គ្រួសារ​ប្រើប្រាស់ និង​អាស្រ័យផល​។

អនុក្រឹត្យ​នេះ​បន្តថា ផ្ទៃដី​ដែល​នឹងត្រូវ​កាត់​ឆ្វៀល​នោះ​រួមមាន ១​ នៅ​ស្រុក​ក្រគរ ដី​ទំហំ ១ ១២២ ហិកតា ៤៥ អា ជូន​ប្រជាពលរដ្ឋ​ចំនួន ៧០៦​ គ្រួសារ​។ ២ ស្រុក​កណ្តៀង ដី​ទំហំ ១ ១៦៩ ហិកតា ៧២ ​អា ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៨៥​ គ្រួសារ និង ​៣ ស្រុក​បាកាន ដី​ទំហំ​ ១ ១៥៦​ ហិកតា ៦០ ​អា ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៦៧ ​គ្រួសារ​។

លោក ហ៊ុន សែន គូសបញ្ជាក់​នៅក្នុង​អនុក្រឹត្យ​ថា បឹង​ទន្លេសាប​ជា​បឹង​ដ៏ធំ​មួយ ហើយ​ជា​បឹង​ដែលមាន​ប្រភព​ត្រី​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការយក​ចិត្ត​ទុកដាក់​ថែរក្សា និង​អភិរក្ស​។ តំបន់​បឹង​ទន្លេសាប​ចែកចេញជា​ ៤ ​តំបន់ ហើយ​តំបន់​ទី ​៤ ជា​តំបន់​ដែល​ទាមទារ​ឱ្យមាន​ការអភិរក្ស​ជាដាច់ខាត​។

លោក​បន្តថា តំបន់​បឹង​ទន្លេសាប​នេះ​ចែកជា ​២ ​កត្តាចាំបាច់ ដែល​កត្តា​ទី​ ១ ការអភិរក្ស និង​កត្តា​ទី​ ២ គឺ​ត្រូវតែ​គិតដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​នោះ​។ បញ្ហា​បឹងទន្លេសាប​ត្រូវ​គិត​លើ​គោលការណ៍​សំខាន់​ ៣ ហើយ​គោលការណ៍​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​នោះ គឺ​គោលការណ៍​ថ្លឹងថ្លែង​ជាមួយ​ការអភិរក្ស និង​គោលការណ៍​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាក់ស្តែង​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ទៅដល់​ខេត្ត​ទាំង​ ៦ ដែល​ស្ថិត​នៅជាប់​នឹង​បឹង​ទន្លេសាប​ត្រូវយក​ចិត្ត​ទុកដាក់​ទៅលើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​។

ជាមួយ​គ្នានេះ លោក​ក៏បាន​ណែនាំ​ឱ្យ​ពិនិត្យ​ពិចារណា​ស្ថានភាព​ជាក់ស្តែង​ដោយ​កាត់​ឆ្វៀល​ដី​ពី​តំបន់​ ២ និង​តំបន់​ ៣ ជូនទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាក់ស្តែង និង​ឱ្យ​កែសម្រួល​ព្រំប្រទល់​តំបន់​ ២ និង​តំបន់​ ៣​ ឡើងវិញ ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​អាស្រ័យផល​របស់​ប្រជាពលរដ្ឋ​។

លោក​ក៏បាន​ណែនាំ​ឱ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដឹកនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងការ​កែសម្រួល​ព្រំប្រទល់​តំបន់​ ២ និង​តំបន់​ ៣​ នេះ ជាពិសេស​បាន​ណែនាំ​ឱ្យ​រៀបចំ​ជា​បង្គោល​ធំៗ​នៅតាម​ព្រំប្រទល់​ដែល​ត្រូវ​បែងចែក​តំបន់​បឹង​ទន្លេសាប​នេះ​។

លោក​ថា​៖ «​ទីតាំង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាស្រ័យផល​រាប់សិប​ឆ្នាំ​មកហើយ​នោះ​គឺ​ត្រូវ​រក្សា​ និង​ចេញ​កម្មសិទ្ធិ​ជូន​ពួកគាត់​ហើយ រាជរដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នកមាន​អំណាច និង​អ្នកមាន​លុយ ហើយ​ទៅ​ជ្រក​ក្រោមរូបភាព​ជា​ពលរដ្ឋ ហើយ​បាន​កាប់​ទន្ទ្រាន​ដី​ដែល​ត្រូវបាន​ហាមឃាត់​នៅ​បឹង​ទន្លេសាប​។ ភូមិឋាន តាំងទី​លំនៅ​របស់​ប្រជាពលរដ្ឋ ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​នោះ មិនអាច​រុះរើ​ចេញ​បាន​នោះឡើយ ដូច្នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួង​ធនធានទឹក ក្រសួង​កសិកម្ម និង​អាជ្ញាធរខេត្ត​ត្រូវធ្វើ​ការពិនិត្យ​មើល​ថា តើ​កន្លែង​ណា​គោក​រាក់ ហើយ​ត្រូវ​បូម​ស្តារ​ឡើងវិញ​»​។

លោក​បញ្ជាក់ថា ផ្ទៃដី​ដែល​កាត់​ឆ្វៀល​គឺ​សំដៅ​អ្នក​អាស្រ័យផល​យូរ​ឆ្នាំ មិន​រាប់​អ្នក​ទើប​ទៅកាន់​កាប់​ត្រឹមតែ​ ២ ឬ​ ៣​ ឆ្នាំ​នោះទេ​។ លោក​ក៏បាន​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​កាត់ឆ្វៀល​ដី​ជូន​ហើយ​នោះ សូមកុំ​បន្ត​កាប់​ទន្ទ្រាន​ដី​ដែល​ត្រូវបាន​អភិរក្ស​បន្តទៅទៀត​។ ដី​ដែល​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ គឺជា​ដី​ដែល​ពលរដ្ឋ​អាស្រ័យផល យ៉ាងតិច​បំផុត​ ១០​ ឆ្នាំ​ ឬ​ដី​ដែល​មិនមែន​ជា​ដី​លិច​ទឹក​ដែល​អាចឱ្យ​ប្រកប​មុខរបរ​កសិកម្ម​បាន​យ៉ាង​ងាយស្រួល​។

បន្ទាប់ពី​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​នេះ លោក ជា សុផារ៉ា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អំពី​ដី​នៅ​ជុំវិញ​បឹង​ទន្លេសាប​នៅ​សាលប្រជុំ​ខេត្ត​ពោធិ៍សាត់ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ជុំវិញ​រឿងនេះ កាលពី​ថ្ងៃទី​ ២៨ ខែឧសភា​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស អង្គការ​លីកាដូ លោក អំ សំអាត បាន​គាំទ្រ​ចំពោះ​ការកាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ និង​អាស្រ័យផល​ជាយូរ​ឆ្នាំ និង​ការផ្តល់​បណ្ណ​កម្មសិទ្ធិ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​រស់នៅ និង​បង្កបង្កើនផល​វិញ​។

ប៉ុន្តែ​លោក​សម្តែង​ការ​ព្រួយបារម្ភ​ថា ដី​ដែល​កាត់​ឆ្វៀល​នោះ​បាន​ទៅលើ​អ្នកមាន​លុយ មានអំណាច មិនបាន​ទៅលើ​ពលរដ្ឋ​ពិតប្រាកដ ខណៈ​លោក​ជំរុញ​អាជ្ញាធរ​ធ្វើ​រឿងនេះ ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​។

លោក​ថា​៖ ​​«​បានន័យថា ដី​នោះ​ត្រូវបាន​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​កាន់កាប់ និង​អាស្រ័យ​ផល​ពិតប្រាកដ គឺ​មិនត្រូវ​ឱ្យមាន​ឈ្មួញ ឬ​អ្នក​មានអំណាច ឬ​អ្នកមាន​លុយ​ទទួល​បាន​ដី​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ពលរដ្ឋ​នោះទេ​»​។

លោក​បាន​បន្តថា ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ទប់ស្កាត់​ការទន្ទ្រាន ឬ​ការកាន់កាប់​ដីព្រៃ​លិច​ទឹក​បន្ថែម ទោះបី​ប្រជាពលរដ្ឋ​ក៏ដោយ ឬ​អ្នកមាន​លុយ​មានអំណាច​ក៏ដោយ ព្រោះ​កន្លងមក អ្នកមាន​ដី​កាន់កាប់​ច្រើនៗ​រាប់រយ​រាប់ពាន់​ហិកតា ច្រើនតែ​ជា​អ្នកមាន​អំណាច​។

លោក​បាន​បញ្ជាក់ថា​៖ ​​«​ទន្ទឹមនឹងនោះ ដើម្បី​រក្សា​បឹង​ទន្លេសាប​ត្រូវតែ​មាន​ការទប់ស្កាត់​នូវ​ការនេសាទ​ខុសច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​កុំ​ចាំតែ​ប្រមុខ​រាជរដ្ឋាភិបាល​ស្រែក ទើប​អាជ្ញាធរ​មូលដ្ឋាន​ប្រឹងប្រែង​ធ្វើការ​នោះទេ ពីព្រោះ​វា​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន​»​។

ជាមួយ​គ្នានេះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាល​ខេត្ត អភិបាលស្រុក និង​មេឃុំ ត្រូវតែ​ទទួល​ខុសត្រូវ និង​យកចិត្ត​ទុកដាក់​ទៅលើ​ប្រជាពលរដ្ឋ​របស់ខ្លួន ដែល​រស់នៅ និង​អាស្រ័យផល​នៅ​លើដី​ជុំវិញ​បឹង​ទន្លេសាប​នេះ ដោយ​លោក​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​នឹងចូលរួម​អនុវត្ត​នូវ​កិច្ចការងារ​នេះ​ប្រកប​ដោយ​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព​ ដើម្បី​ផលប្រយោជន៍​ប្រជាជន​៕