ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ចាប់ផ្តើម​ធ្វើការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ ​២០២២ ចាប់ពី​ដើមខែ​មិថុនា​រហូត​ដល់​ចុងខែ​វិច្ឆិកា​ឆ្នាំនេះ រីឯ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​នឹង​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ និង​ពិន័យ​អ្នក​ដែល​មិនបាន​ប្រកាស​បង់ពន្ធ​ពីថ្ងៃ​ទី ​១ ខែមករា ឆ្នាំ​ ២០២៣ ផងដែរ​។

អគ្គនាយកដ្ឋាន​ពន្ធដារ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ ឧសភា ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២២ ថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២២ នឹងត្រូវ​ដាក់ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែមិថុនា រហូតដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ តទៅ​។

ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវដាក់​លិខិត​ប្រកាស ឬ​យកមក​ជាមួយ​នូវ​បណ្ណ​សម្គាល់​ការបង់ពន្ធ​លើ​មធ្យោបាយ ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ និង​ធ្វើការ​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត​ខណ្ឌ ឬ​នៅតាម​ធនាគារ​មួយចំនួន​ដែលមាន​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

ធនាគារ​ដែល​ម្ចាស់​យានយន្ត​អាច​បង់ពន្ធ​បាន​មានដូចជា​នៅ​ធនាគារ​កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា ធនាគារ​វឌ្ឍនៈ ធនាគារ​កម្ពុជា​សាធារណៈ ធនាគារ​ជេត្រាស់​រ៉ូយ៉ាល់ ធនាគារ​ស្ថាបនា ធនាគារ​ប្រៃសណីយ៍​កម្ពុជា ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​អាច​បង់​តាមរយៈ​កម្មវិធី​ «GDT Taxpayer App»​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជាក់ថា​៖ «​ចំពោះ​យានយន្ត​ដែលជា​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា​ត្រូវ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួលបាន​នូវ​លតាបត្រ​បង់ពន្ធ​ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​)»​។

ប្រភព​ដដែល​បាន​បន្តថា ចំពោះ​យានយន្ត​របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែល​ត្រូវ​ទទួលបាន​លតាបត្រ​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ឬ​បង់​តាម​អាណត្តិ​បើកប្រាក់​) ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ជី​សារពើភណ្ឌ​យានយន្ត ទ្រព្យសម្បត្តិ​រដ្ឋ​ (​តារាង​កើនឡើង​ និង​ថយចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​) ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង-​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

ចំពោះ​យានយន្ត​ឯកជន​ជ្រកក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ.ម និង​ ន.ប ពុំ​អនុញ្ញាត​ឱ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២២​ ទេ​។ ម្ចាស់​យានយន្ត​ទាំងនេះ​អាច​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២២ ​បាន លុះត្រាតែ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ស្របតាម​ច្បាប់​ និង​បទប្បញ្ញត្តិ ស្តីពី​គយ​ និង​ចុះបញ្ជី​យានយន្ត​នៅ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ឱ្យបាន​រួចរាល់​ជាមុនសិន​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជាក់ថា​៖ «​ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៣​ តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​ចុះ​ត្រួតពិនិត្យ ការប្រកាស​បង់ពន្ធ និង​ធ្វើការ​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា​ដែល​មិនទាន់​បាន​ប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំ​កន្លងមក តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​»​។

ការប្រមូល​ពន្ធ​លើ​យានយន្ត​ក្នុង​ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​បាន​ប្រមាណ​ ៩៣​ លាន​ដុល្លារ​ពី​យានយន្ត​ជិត​ ៨០ ​ម៉ឺន​គ្រឿង ស្មើនឹង​ ១៧៤,២ ​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ ២០២១ កើន​ជិត​ ៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ ​២០២០​។

ប្រធាន​នាយកដ្ឋាន​ពន្ធ​ចលនទ្រព្យ និង​អចលនទ្រព្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​ ខឹម តុលា ធ្លាប់បាន​និយាយថា ចំនួន​អ្នក​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​បាន​កើនឡើង​លើស​ផែនការ​នេះ ដោយសារ​តែ​ការដាក់ឱ្យ​ដំណើរការ​បង់​តាម App GDT Taxpayer គួបផ្សំ​នឹង​អ្នក​បង់ពន្ធ​មាន​ការភ្ញាក់រឭក​៕