ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែឧសភា ឆ្នាំ​ ២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប )​បាន​ដឹកជញ្ជូន​សម្ភារ​ និង​បរិក្ខារ​ផ្សេងៗ សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ៥ ​ទៅដល់​ខេត្ត​ចំនួន​ ២៣ ដើម្បី​ត្រៀម​ដឹក​បន្តទៅ​កាន់​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ដឹក​បន្តទៅ​កាន់​ការិយាល័យ​បោះឆ្នោត លើកលែង​តែ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ព្រោះ​រាជធានី​-​ខេត្ត​ទាំង​ ២ ​នេះ​នៅ​ជិត​ជាងគេ​។

លោក សោម សូរីដា អ្នក​នាំពាក្យ គជប ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០ ខែឧសភា ថា សម្ភារ ឯកសារ​សំខាន់​សម្រាប់​បម្រើ​នៅតាម​ការិយាល័យ​បោះឆ្នោត ដែល​បាន​ដឹក​ទៅដល់​ ២៣ ​ខេត្ត​នោះ​មាន​សន្លឹកឆ្នោត​ផ្លូវការ បញ្ជី​បោះឆ្នោត ទឹកខ្មៅ​លុប​មិន​ជ្រះ ត្រា​សម្ងាត់ ហិប​ឆ្នោត បន្ទប់សម្ងាត់ និង​ឯកសារ​សំខាន់ៗ​ផ្សេងទៀត ដើម្បី​ឱ្យ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ទាំងនោះ ដឹកបញ្ជូន​បន្តទៅ​ឱ្យ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត និង​ដឹក​បន្តទៅ​ការិយាល័យ​បោះឆ្នោត​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ការិយាល័យ​បោះឆ្នោត គឺ​សម្ភារ​ទាំងអស់​នោះ​នឹង​ត្រូវ​ផ្តល់ទៅឱ្យ​គ្រប់​ការិយាល័យ​បោះឆ្នោត​យ៉ាងយូរ​ ៣៦ ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។ អ៊ីចឹង​ទេ​! តាម​កម្មវិធី​នៃ​ការដឹកជញ្ជូន គឺ គជប បាន​អនុវត្ត​កិច្ចការ​នេះ​រលូន​ល្អ និង​ការរក្សា​ទុកដាក់​ទៀតសោត​ក៏បាន​ល្អ ពីព្រោះ​យើង​មាន​ឃ្លាំង​ ដើម្បី​រក្សាទុក ដើម្បី​ធានា​ទាំង​គុណភាព និង​សុវត្ថិភាព និង​មានការ​យាមកាម​ពី​កម្លាំង​មាន​សមត្ថកិច្ច​»​។

បើតាម​លោក សោម សូរីដា ក្នុងករណី​ដែលមាន​ការ​ឆកល្វែង​ណាមួយ ចំពោះ​ការ​គ្រប់គ្រង សមាសភាព ឬ​បុគ្គល​អ្នកគ្រប់គ្រង​នោះ​នឹង​ទទួលរង​នូវ​ទណ្ឌកម្ម ដែល​មានចែង​នៅក្នុង​បទបញ្ជាផ្ទៃក្នុង​របស់ គជប​។

លោក គិន ជាន ប្រធាន​គណៈកម្មការ ខេត្ត​មណ្ឌលគិរី​រៀបចំ​ការបោះឆ្នោត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែឧសភា​ថា គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​បានទទួល​សម្ភារ​សម្រាប់​រៀបចំ​ការបោះឆ្នោត​កាលពី​យប់​ថ្ងៃទី ២៩ ខែឧសភា និង​បាន​រក្សាទុក​នៅក្នុង​ឃ្លាំង ដោយ​មាន​កងកម្លាំង​នគរបាល​ខេត្ត យាមកាម និង​បន្ត​បែងចែក​ទៅកាន់​ឃុំ​ទាំង​ ២១ និង ១៣៧ ​ការិយាល័យ​។

គណៈកម្មការ​ខេត្ត​មណ្ឌលគិរី​រៀបចំ​ការបោះឆ្នោត​នឹង​បន្ត​ដឹក​ចេញ​ទៅ​តាម​ឃុំ សង្កាត់​ដែល​នៅ​ឆ្ងាយ​មុន​ចាប់ពី​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ​២០២២ ដោយមាន​កងកម្លាំង​ទៅជា​មួយ ដើម្បី​ការពារ​សម្ភារ​ទាំងអស់​នេះ​។ លុះ​ទៅដល់​គណៈកម្មការ​-​ឃុំ សង្កាត់ ក៏មាន​កម្លាំង​ការពារ​សន្តិសុខ​យាមកាម​រហូត​ទៅដល់​ថ្ងៃ​ដែល​ត្រូវ​ដឹកចេញ​ទៅ​តាម​ការិយាល័យ​បោះឆ្នោត​។

ទោះយ៉ាងណា លោក គិន ជាន បញ្ជាក់ថា តាមរយៈ​ការដឹកជញ្ជូន​សម្ភារ​សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ក៏មាន​ការលំបាក​មួយ​ចំនួន​ផងដែរ ព្រោះ​ហេដ្ឋារចសម្ព័ន្ធ មានតែ​ពី​ខេត្ត​ទៅ​ស្រុក ប៉ុន្តែ​ពី​ស្រុក​ទៅកាន់​បណ្តា​ឃុំ​មួយចំនួន មាន​ការ​លំបាក​។ មួយទៀត ខេត្ត​មណ្ឌលគិរី​មាន​ទំហំ​ធំ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​រស់នៅ​តិច និង​រប៉ាត់រប៉ាយ​បាន​ធ្វើឱ្យ​ការិយាល័យ​បោះឆ្នោត​ខ្លះ​នៅ​ឆ្ងាយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​ការិយាល័យ​ ៥ ដែល​នៅ​ឆ្ងាយ និង​ពិបាក​ជាងគេ ព្រោះ​មាន​ផ្លូវ​ឆ្ងាយ​។ ការិយាល័យ​ ៤ ដែល​ទើប​បង្កើត​ថ្មី​នៅ​តំបន់​ព្រៃគី​ជាប់​ខេត្តស្ទឹងត្រែង យើង​អត់​មាន​ផ្លូវ​ចេញពី​មណ្ឌលគិរី​ទេ​យើង​ចេញពី​កោះ​ញែក​ទៅ​រតនគិរី​ចេញពី​រតនគិរី​ទៅដល់​ស្ទឹងត្រែង​ក្បាល​រមាស​បាន​យើង​ចូល​មកក្នុង​វិញ​»​។ មួយទៀត​នៅជាប់​ឯ​ខេត្តក្រចេះ ឯណោះ​វិញ អត់​មាន​ផ្លូវ​ដើរ​ខាងក្នុង​ទេ គឺ​ត្រូវ​ដើរ​ចេញពី​ស្រុក​ស្នួល​ចូលមក​វិញ​។ បើ​មាន​ភ្លៀង​គឺ​លំបាក​កាន់តែខ្លាំង ព្រោះ​មាន​ភក់ និង​ឆ្លង​អូរ​ទៀត​។

លោក សុខ ហីង ប្រធាន​លេខាធិការដ្ឋាន គណៈកម្មការ​ខេត្ត​បាត់ដំបង​រៀបចំ​ការបោះឆ្នោត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែឧសភា​ថា សម្រាប់​ខេត្ត​បាត់ដំបង​បាន​ទទួល​សម្ភារ និង​បរិក្ខារ​បម្រើ​ឱ្យ​ការបោះឆ្នោត​កាលពី​យប់​ថ្ងៃទី​ ២៩ ខែឧសភា ដោយមាន​ការត្រួតពិនិត្យ​គ្រប់​ជ្រុងជ្រោយ និង​គ្រប់​ចំនួន​ឃុំ សង្កាត់​ទាំង​ ១០៣​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ពិនិត្យមើល​ឱ្យ​គ្រប់ ១០៣ ​ដុំ ជាមុនសិន ដោយឡែក​នៅ​ខាងក្នុង គឺ​មិនមាន​សិទ្ធិ​ក្នុង​ការ​ហែក​នោះទេ​។ ជាមួយ​គ្នានេះ គណៈកម្មការ​ខេត្ត​ស្នើសុំ​កងកម្លាំង​ពី​ស្នងការ​ខេត្ត​ចំនួន​ ២​ នាក់​យាម​ប្រចាំ​ការចាប់​ពីថ្ងៃ​ដែល​ទទួលបាន​រហូត​ទាល់តែ​ដឹកបញ្ជូន​ចេញ​អស់​ទៅតាម​ឃុំ សង្កាត់​តាម​កម្មវិធី និង​ពេលវេលា​ខុសគ្នា​»​។

បើតាម លោក សុខ ហីង ក្នុង​ការដឹកជញ្ជូន​ទៅតាម​ឃុំ​សង្កាត់​នេះ​ក៏មាន​ការលំបាក​ខ្លះ​ដែរ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព និង​សន្តិសុខ ដោយ​ក្នុងនោះ លេខាធិការដ្ឋាន គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្តបាត់ដំបង​ស្នើសុំ​កងកម្លាំង​ពី​ស្នងការ​ខេត្ត​ចំនួន ២ ​រូប អមដំណើរ​រថយន្តរ​ហូត​ដល់​ឃុំ​។ ដោយឡែក នៅពេល​ដែល​សន្លឹកឆ្នោត និង​សម្ភារ​សំខាន់​ទៅដល់​គណៈកម្មការ​ឃុំ​សង្កាត់ រៀបចំ​ការបោះឆ្នោត គណៈកម្មការ​ឃុំ​សង្កាត់​ត្រូវតែ​សហការ​ជាមួយ​អធិការ​ស្រុក និង​មេប៉ុស្តិ៍​ឃុំ ដើម្បី​ចាត់​កម្លាំង​យាមកាម ការពារ​រហូតដល់​សន្លឹក​ឆ្នោត និង​សម្ភារ​ទាំងនោះ​ដឹក​ទៅដល់​ការិយាល័យ​បោះឆ្នោត​។

ទោះជា​យ៉ាងណា លោក​ថា បញ្ហា​សំខាន់​មួយទៀត គឺ​ឃុំ​ចំនួន​ ២ នៅ​ស្រុក​ឯកភ្នំ គឺ​ស្ថិតនៅលើ​ដែនទឹក​បឹង​ទន្លេសាប​ដែល​ធ្វើឱ្យមាន​ការលំបាក​ក្នុងការ​ដំណើរការ​តាមផ្លូវ​ទឹក ដោយសារ​តែមាន​រុក្ខជាតិ កំប្លោក​កកកុញ​ពេញ​ផ្ទៃ​ទឹក ដែល​ពេលខ្លះ​មិនអាច​បើកកាណូត​ទៅរួច​។

លោក លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព (PDP-Center) ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែឧសភា​ថា ជាទូទៅ​ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ដែរ គឺមាន​ការលំបាក​សម្រាប់​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​បណ្តា​ឃុំ សង្កាត់​នៅ​តំបន់​ដាច់ស្រយាល ព្រោះ​វា​ពាក់ព័ន្ធ​ទៅនឹង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មិនសូវ​ល្អ និង​ឃុំ​ខ្លះទៀត​នៅលើ​ទឹកជា​ដើម​។

ទោះជា​យ៉ាងណា លោក​ថា គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ធានា​ឱ្យបាន​នូវ​ដំណើរការ​បោះឆ្នោត​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រជាពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​បោះឆ្នោត និង​មិនមាន​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ការខ្វះ​​សន្លឹកឆ្នោត ឬ​សម្ភារ​បម្រើឱ្យ​ការបោះឆ្នោត​។ ជាពិសេស​ទាំង​ការការពារ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក៏ត្រូវ​បាន​ធានា​ក្នុង​មុនពេល និង​អំឡុងពេល​បោះឆ្នោត​។

លោក​បញ្ជាក់ថា​៖ «​ការបោះឆ្នោត វា​ជា​អាទិភាព​បំផុត គជប ត្រូវតែ​ធានាថា សន្លឹកឆ្នោត​ទៅដល់​ទីតាំង​បោះឆ្នោត ទាន់​ម៉ោង និង​ពេលវេលា​។ ទោះបី​ប្រើប្រាស់​មធ្យោបាយ​ណាក៏ដោយ បើ​កន្លែង​ណា​លំបាក គជប ក៏​គួរ​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ ជាដើម​។ បើសិនជា​មានការ​យឺតយ៉ាវ វា​ជា​បញ្ហា​ប្រឈម​មួយ សម្រាប់​ការបោះឆ្នោត​»៕