ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​លិខិត​ដាក់​កំហិត​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ស្ថិតនៅក្នុង​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប​ឱ្យ​អនុវត្ត​បែបបទ ស្តីពី​សហគ្រាស លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ លក្ខខណ្ឌ​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​លក្ខខណ្ឌ​ទំនាក់ទំនង​វិជ្ជាជីវៈ​។

យោងតាម​លិខិត​ដាក់​កំហិត​ដែល​ចុះហត្ថលេខា​ដោយ លោក ខេម ប៊ុនឈាន អធិការ​ការងារ និង​ជា​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី ២៧ ខែឧសភា បញ្ជាក់​ថា ក្នុងករណី​ល្មើ​សនឹង​ចំណុច​អាទិភាព​ណាមួយ​នឹងត្រូវ​រង​ការ​ផាកពិន័យ​ភ្លាមៗ​ពី​អធិការ​ការងារ យោងតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បានទេ​ពី​លោក ខេម ប៊ុនឈាន អធិការ​ការងារ និង​ជា​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច ការងារ នៅ​ថ្ងៃទី​ ៣០ ខែឧសភា នេះ ដោយ​លោក​អះអាង​ថា កំពុង​ជាប់រវល់​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៣០ ខែឧសភា​ថា ការចេញ​លិខិត​ដាក់​កំហិត​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស គឺជា​នីតិវិធី​នៅក្នុង​ការធ្វើ​អធិការកិច្ច​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់ធ្វើ​កន្លង​មកហើយ និង​គ្រាន់តែ​ជា​ការ​ក្រើនរំឭក​នោះទេ ព្រោះ​អ្វីៗ​មានចែង​នៅក្នុង​ច្បាប់​រួចទៅហើយ​។

លោក​ពន្យល់ថា កាលពី​មុន​ក្រសួង​ការងារ និង​បណ្តុះបណ្តា​វិជ្ជាជីវៈ​ចុះទៅ​តាម​រោងចក្រ​សហគ្រាស​ផ្ទាល់​ក្នុង​ការធ្វើ​អធិការកិច្ច ប៉ុន្តែ​បច្ចុប្បន្ននេះ​ក្រសួង​ធ្វើ​ទំនើបកម្ម តាមរយៈ​អនឡាញ​របស់​ក្រសួង ដើម្បី​មាន​ភាពងាយស្រួល​ដល់​បណ្តា​រោងចក្រ​សហគ្រាស និង​មន្ត្រី​ក្រសួង​។

លោក​ថ្លែងថា​៖ «​អានេះ វា​ជា​នីតិវិធី​សម្រួល​ទេ មិនមែន​ជា​ការដាក់កំហិត​ទៅលើ​ការ​អនុវត្ត​ចំណុច​អ្វី​ថ្មី​បន្ថែមទៀត​នោះទេ​។ ចំណុច​លក្ខខណ្ឌ​ទាំងនេះ គឺ​គ្រាន់តែ​ជាការ​ក្រើនរំឭក​ទេ មិនមែន​ជា​ការដាក់ពិន័យ​។ អ្វី​ទាំងអស់​នេះ​មាន​ចែង​នៅក្នុង​ច្បាប់​ស្តីពី​ការងារ​រួច​អស់​ទៅហើយ​»​។

បើតាម​លោក កាំង ម៉ូនីកា នៅក្នុង​ការត្រួតពិនិត្យ​អនុលោម​ផ្នែក​ច្បាប់ ក្រសួង​ស្ថាប័ន​ផ្សេងៗ​មាន​ភារកិច្ច​ចុះទៅ​ធ្វើ​អធិការកិច្ច​នៅតាម​រោងចក្រ​សហគ្រាស​នានា​នៅក្នុង​ប្រទេស​ដោយមាន​ការដាក់​លិខិត​សុំ​ការចុះ​ត្រួតពិនិត្យ ប៉ុន្តែ​បច្ចុប្បន្ន​ក្រសួង​ធ្វើ​ទំនើបកម្ម ដោយ​តម្រូវឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ស្វ័យ​ប្រកាស​ខ្លួនឯង ដោយ​ភាពសុចរិត​។ ទោះជា​យ៉ាងណា ក្រសួង​ក៏​មិន​ជឿ​ទាំងស្រុង​នោះដែរ​។ ក្រសួង​ត្រួតពិនិត្យ​លើ​ហានិភ័យ បើ​រោងចក្រ​សហគ្រាស​ណា​មាន​ប្រវត្តិ​ល្អ​នឹង​ទទួល​បាន​ការទុកចិត្ត​ពី​ក្រសួង​ច្រើន បើ​រោងចក្រ​សហគ្រាស​ណាមួយ​មាន​ប្រវត្តិ​មិនល្អ កម្រិត​ស្តង់ដា​ក៏​ធ្លាក់​ទៅតាម​នោះដែរ​។

លោក អាត់ ធន ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ការងារ និង​វិជ្ជាជីវៈ នៅពេល​នេះ ព្រោះ​កន្លងមកនេះ ការអនុវត្ត​ច្បាប់​របស់​ម្ចាស់​រោងចក្រ​សហគ្រាស​មួយចំនួន​នៅមាន​ភាព​ធូររលុង​ច្រើន​។ បើទោះបី​ច្បាប់​មាន​ច្រើន​ក៏ដោយ​។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​រូបនេះ​ថ្លែងថា​៖ «​ក្រសួង​ចេញ​លិខិត​នេះ គឺជា​រឿង​ល្អ​ហើយ ដើម្បី​រំឭក​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស ប៉ុន្តែ​ក្រសួង​ចុះទៅ​តាមដាន បិទ​ក្រុមហ៊ុន ឬ​ពិន័យ​ឬ​អត់ នៅពេល​ដែល​ឃើញ ខុស ឬ​គ្រាន់តែ​ចេញ​លិខិត​។ បើ​គ្រាន់តែ​ចេញ​លិខិត វា​គ្មាន​ន័យ​អ្វី​ទេ​»៕