ភ្នំពេញៈ ពលករ​ខ្មែរ​ជិត​ ៧០ ​នាក់ ត្រូវ​បាន​សមាគម​មិត្តភាព​កម្មករនិយោជិត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ហៅ​កាត់​ថា ស៊ីហ្វាត​-CFAT ក្នុង​តំបន់​បាន​កៅ ស្រុក​ផាន់ថង ខេត្ត​ឈុនបុរី ជួយ​ដោះស្រាយ​បញ្ហា​ដល់​ពួកគាត់​ដែល​ក្នុងនោះ​មាន​ពលករ​ជិត​ ៤០​ នាក់​បាន​ចាញ់បោក​មេខ្យល់​។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ (​សង់ត្រាល់​) ​ឱ្យដឹង នា​ថ្ងៃទី​ ៣០ ឧសភា ថា តំណាង​អង្គការ​សង់ត្រាល់​ប្រចាំ​នៅ​ប្រទេស​ថៃ​សហការ​ជាមួយ​សមាជិកសមាគម​មិត្តភាព​កម្មករនិយោជិត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ហៅ​កាត់​ថា ស៊ីហ្វាត-CFAT ក្នុង​តំបន់​បានកៅ ស្រុក​ផាន់ថង ខេត្ត​ឈុនបុរី កាលពី​ថ្ងៃទី​ ២៩ ឧសភា បាន​ចុះជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលករ​ចំនួន​ ៦៧​ នាក់ ក្នុងនោះ​មាន​ពលករ ៣៨ ​នាក់​បាន​ចាញ់បោក​មេខ្យល់​។

មន្ត្រី​ទទួល​បន្ទុក​ការពារ​សិទ្ធិ​ពលករ​ប្រចាំ​ប្រទេស​ថៃ​របស់​អង្គការ​សង់ត្រាល់​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ឱ្យដឹងថា កិច្ចសហការ​ចុះទៅ​អន្តរាគមន៍​ និង​ដោះស្រាយ​បញ្ហា​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ បន្ទាប់ពី​មាន​ការ​ស្នើសុំ​ជំនួយ​អន្តរាគមន៍​របស់​ពលករ​ខ្មែរ​ជាង​ ២០​ នាក់​។ ពួកគេ​បានស្នើ​សុំ​មក​អង្គការ​សង់ត្រាល់ ប្រចាំ​ប្រទេស​ថៃ ស្វែងរក​ដំណោះស្រាយ​ឱ្យបាន​សមរម្យ​សម្រាប់​ពួកគេ​។

លោក​បន្តថា​៖ «​ក្នុងចំណោម​ពលករ​ ៦៧​ នាក់​ដែល​អង្គការ​សង់ត្រាល់​បាន​ចុះ​អន្តរាគមន៍​នោះ គឺមាន​ពលករ​ខ្មែរ​ចំនួន​ ៣៨ ​នាក់​បាន​ចាញ់បោក​មេខ្យល់​អស់ប្រាក់​រហូតដល់​ ៧ ០០០​ បាត​ក្នុង​ម្នាក់ៗ​ដោយ​មេខ្យល់​របស់​ពួកគេ​បាន​សន្យាថា​នឹង​ស្វែងរក​ការងារ​ឱ្យនៅ​រោងចក្រ​ផលិត​នំបុ័ង ព្រមទាំង​រត់ការ​ធ្វើ​ឯកសារ​បន្ត​សុពលភាព​ទិដ្ឋាការ ធ្វើ​បណ្ណ​ការងារ​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ការងារ​របស់​ប្រទេស​ថៃ​ក្នុង​តំបន់​ឧស្សាហកម្ម​ស្រុក​ផាន់ថង ខេត្ត​ឈុនបុរី នោះ​»​។

ពលករ​ខ្មែរ​ទាំង​ ៣៨​ នាក់ ដែល​ចាញ់បោក​មេខ្យល់​បាន​រង់ចាំ​ធ្វើ​ការងារ​តាម​ការសន្យា​របស់​មេខ្យល់​រយៈពេល​ជិត​ ៣ ​ខែ​ហើយ​។ ប៉ុន្តែ​មេខ្យល់​មិន​ទទួល​ខុសត្រូវ​ និង​មិនបាន​រក​ការងារ​ឱ្យដល់​ពលករ​ដូចជា​ការសន្យា​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក លឹង សុផុន​។

ជាមួយ​គ្នា​នោះ តំណាង​អង្គ​ការសង់ត្រាល់ និង​ក្រុម​បណ្តេញ​ស៊ីហ្វាត-CFAT នឹង​សហការ​ជាមួយ មូលនិធិ LPN (​មូលនិធិ​ការពារ​សិទ្ធិ​ពលករ​អន្តោប្រវេសន៍​) ​ក្នុង​ប្រទេស​ថៃ​បាន​ចុះជួយ​ពលករ​ទាំងនេះ​ដល់​កន្លែង​ពលករ​ស្នាក់​នៅក្នុង​តំបន់​នោះ​ផងដែរ ហើយ​បាន​សហការ​ជាមួយ​មេការ​ដែល​ធ្វើការ​ប្រចាំ​រោងចក្រ​ផលិត​នំប៉័ង ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​របស់​ពលករ​ខ្មែរ ដែល​ពាក់ព័ន្ធ​។

បើតាម​អង្គ​ការសង់ត្រាល់ បន្ទាប់ពី​ប្រជុំ​រក​ដំណោះស្រាយ​រួច មេការ​ដែល​តំណាង​រោងចក្រ​ផលិត​នំបុ័ង​នេះ បាន​សន្យា​ទទួល​យក​ការទាមទារ​របស់​ពលករ​ខ្មែរ ដោយ​ដក​ប្រាក់​គ្រប់​ចំនួន​ដែល​បាន​បង់​ទៅឱ្យ​មេខ្យល់​កន្លងមក​នោះ យកមក​វិញ​។ ប្រភព​ដដែល​បាន​បន្តថា តាមរយៈ​មេការ​ជា​អ្នកបកប្រែ​តំណាង​រោងចក្រ​នំប៉័ង ក៏បាន​សន្យា​សងលុយ​ត្រឡប់​មកវិញ​គ្រប់​ចំនួន​ក្នុង​រយៈពេល​ ១ ​សប្តាហ៍ និង​ហៅ​មេខ្យល់​មក​ដោះស្រាយ​នៅ​រោងចក្រ​ផងដែរ​។

លោកស្រី​ រស់ សុផានី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ថ្លែង​នា​ដើមខែ​ឧសភា ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ធនធាន​ពលករ​ទេសន្តរប្រវេសន៍​ហៅ​កាត់​ថា MRC ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ថា ប្រជាពលរដ្ឋ ក៏ដូចជា​ពលករ​ខ្មែរ កុំ​ឆាប់​ជឿ​លើ​មេខ្យល់​ក្នុង​ការ​នាំទៅ​ធ្វើការ​នៅក្រៅ​ប្រទេស ព្រោះ​វា​ជាការ​ខុសច្បាប់ ហើយ​កិច្ច​ការងារ​អ្វី​ក៏ដោយ គឺ​ត្រូវតែ​ធ្វើ​ដោយ​ស្របច្បាប់​ត្រឹមត្រូវ​ទើប​មាន​សុវត្ថិភាព​។

យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យ​ដឹងថា ប្រជាជន​កម្ពុជា​ជាង ​១,៣ ​លាននាក់ បាននិង​កំពុង​បម្រើ​ការងារ នៅក្រៅ​ប្រទេស​ដែល​ក្នុងនោះ​ពលករ​ខ្មែរ​ធ្វើការ​ច្រើនជាងគេ មាន​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ ហើយក៏​បាន​ផ្ញើ​ប្រាក់​ប្រមាណ​ជិត ៣ ​ប៊ីលាន​ដុល្លារ​​អាមេរិក ក្នុង​ ១ ​ឆ្នាំៗ​មកកាន់​ប្រទេស​កំណើត​ផងដែរ​៕