ត្បូងឃ្មុំៈ ជន ៣ នាក់ក្នុងចំណោម ៤ នាក់ដែលបាននាំជ្រូករស់ពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាតត្រូវបានតុលាការខេត្តត្បូងឃ្មុំធ្វើការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅថ្ងៃទី ៣០ ខែឧសភា បន្ទាប់ពីសមត្ថកិច្ចបានចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី ២៩ ខែឧសភា ខណៈពួកគេបានព្យាយាមបើករថយន្តដឹកជ្រូករត់គេច ហើយបុករថយន្តរបស់កម្លាំងសមត្ថកិច្ច ដែលកំពុងចតត្រួតពិនិត្យបទល្មើស ។
លោក ហ៊ុន ពិសិដ្ឋ នាយរងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែកបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅល្ងាចថ្ងៃទី ៣០ ខែឧសភា ថា ជន ៣ នាក់ ដែលរួមមានឈ្មោះ កុសល ឧត្តម អាយុ ២៥ ឆ្នាំ រ៉ាន់ ធារិទ្ធ អាយុ ១៧ ឆ្នាំ និងផាត សុខសាន អាយុ ២៥ ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ ដោយចោទពីបទ «ប្រឆាំងបទបញ្ជាមន្ត្រីរាជការសាធារណៈ»។ ចំណែកជនដែលត្រូវបានដោះលែងមានឈ្មោះ កុសល ឆៃហ៊ី អាយុ ៣១ ឆ្នាំ ។
លោកបានបន្តថា ដោយសារស្ថានភាពផ្លូវពីតុលាការទៅពន្ធនាគារនៅឆ្ងាយពេក និងដោយសារខាងពន្ធនាគារបានជូនដំណឹងថា ឈប់ទទួលអ្នកទោស ឬជនសង្ស័យមកឃុំខ្លួននៅពេលយប់ ព្រោះប៉ះពាល់ដល់សុវត្ថិភាពសន្តិសុខនៅពន្ធនាគារ ទើបចៅក្រមស៊ើបសួរបង្គាប់ឱ្យកម្លាំងរបស់លោកនាំជនសង្ស័យទាំង ៣ នាក់ទៅឃុំនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកមួយយប់សិន។ «យើងត្រៀមបញ្ជូនបន្តទៅពន្ធនាគារខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃអង្គារ (៣១ ឧសភា) តាមដីកាបង្គាប់របស់ចៅក្រម»។
លោក ហ៊ុន សារ៉ាត់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាប្រធានក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា កាលពីវេលាម៉ោង ១២ និង ៣០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ កម្លាំងរបស់លោកបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងមានការសម្របសម្រួលផ្នែកច្បាប់ពីព្រះរាជអាជ្ញាបានធ្វើការចាប់ឃាត់ខ្លួនបុរស ៤ នាក់ បន្ទាប់ពីពួកគេបានបើករថយន្តដឹកសត្វជ្រូករស់នាំចូលពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាតហើយថែមទាំងបុករថយន្តរបស់សមត្ថកិច្ចបណ្ដាលឱ្យខូចខាតថែមទៀត។
លោកថ្លែងថា៖ «ក្រុមការងារយើងខ្ញុំបានសម្រេចចាប់យកសត្វជ្រូករស់ ៣២ ក្បាលដែលពួកគេនាំចូលពីប្រទេសវៀតណាមបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៃមន្ទីរបសុសត្វ ខេត្តត្បូងឃ្មុំ ដើម្បីបូមយកសំណាកឈាមរបស់ជ្រូកទាំងនោះទៅពិសោធដើម្បីឱ្យប្រាកដថា ពួកវាមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកឬអត់?»។
បើតាមលោក សារ៉ាត់ បើជ្រូកទាំងនោះរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវសម្លាប់ និងដុតកម្ទេចចោល ហើយជនសង្ស័យនឹងត្រូវចោទប្រកាន់ក្នុងបទល្មើសស្ដីពីការធ្វើចលនាសត្វ ដែលមានជំងឺឆ្លងមកចម្លងនៅក្នុងសហគមន៍ថែមទៀត៕