ស្ទឹងត្រែងៈ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ស្ទឹងត្រែង​សហការ​ជាមួយ​ការិយាល័យ​កសិកម្ម ក្រុង​ស្រុក និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​បាន​ចុះ​អន្តរាគមន៍​ចាក់​ថ្នាំ​ការពារ​​ជំងឺសា​ទឹក​សត្វ​គោក្របី​បាន​ចំនួន ៧ ៧៩៤​ ក្បាល ចាប់ពី​ថ្ងៃទី​ ២៣ ខែមីនា ដល់​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​ ២០២២ ស្រប​​ពេលដែល​ខេត្ត​ផ្សេងៗ​ទៀត​កំពុង​ចុះ​ពិនិត្យ​ព្យាបាល និង​ចាក់​វ៉ាក់សាំង​ជំងឺ​នេះ​ផងដែរ​។

លោក ​សៀង ម៉េងហ័ង ប្រធាន​​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តស្ទឹងត្រែង​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៣០ ខែ​​ឧសភា ថា មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​ការិយាល័យ​កសិកម្ម ក្រុង ស្រុក និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​បាន​ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺ​សាទឹក​គោក្របី​បាន​ចំនួន ៧ ៧៩៤ ​ក្បាល គិត​ចាប់ពី​ថ្ងៃទី​ ២៣ ខែមីនា ដល់​ថ្ងៃទី​ ៣០ ខែឧសភា ឆ្នាំ​ ២០២២​។

លោក​បាន​បញ្ជាក់ថា ក្នុង​អំឡុងពេល​ចាក់​ថ្នាំ​ការពារ​នេះ​នៅ​ស្រុក​សៀមប៉ាង ចាក់​បាន​គោ​ចំនួន ៧១៤ ​ក្បាល ក្របី​ចំនួន​ ១ ១២៦ ​ក្បាល​, ស្រុក​សេសាន​ចាក់​បាន​គោ​ចំនួន ៤ ៦១៧ ​ក្បាល​ក្របី​ចំនួន​ ១១៦ ​ក្បាល​, ស្រុក​ថាឡាបរឺវ៉ាត់​ចាក់​បាន​គោ​ចំនួន​ ៣២៧ ​ក្បាល ក្របី​ ៣៧ ​ក្បាល​, ស្រុក​បុរី​អូរស្វាយ​សែនជ័យ ចាក់​បាន​គោ​ចំនួន ៣២៧ ​ក្បាល ក្របី​ ២៨ ​ក្បាល និង​ក្រុង​ស្ទឹងត្រែង​ចាក់​បាន​គោ​ចំនួន​ ៤៦៧ ​ក្បាល ក្របី​ ៣៥​ ក្បាល​។

លោក​ប្រាប់ថា​៖ «​ស្ថានភាព​ជំងឺ​សត្វ​ពុំទាន់​មាន​បញ្ហា​កើត​ឡើង​ដែល​គួរឱ្យ​កត់សម្គាល់​នោះទេ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក៏​​ដោយ មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ក៏ដូចជា មន្ត្រី​ការិយាល័យ​កសិកម្ម​ក្រុង ស្រុក​នៅតែ​យកចិត្ត​ទុកដាក់​តាមដាន​ស្ថានភាព​ជំងឺ​សត្វ​ជាប្រចាំ​»​។

លោក ឌី វិចិត្រ ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​សៀមប៉ាង​ថ្លែង នៅ​ថ្ងៃទី​ ៣០ ខែ​ឧសភា​ថា ចាប់ពី​មាន​ភ្លៀង​ធ្លាក់​​ក្នុងអំឡុង​ខែមីនា មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​សៀមប៉ាង និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​បាន​ចុះ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​សាទឹក និង​បាន​ប្រាប់​ឱ្យ​​ពួកគាត់​យក​គោក្របី​មកចាក់​វ៉ាក់សាំង​ការពារ​ឱ្យបាន​គ្រប់ៗ​គ្នា​។ ​លោក​បន្តថា​​គិត​មកដល់​ថ្ងៃទី​ ៣០ ខែឧសភា ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​សាទឹក​លើ​គោក្របី​ពលរដ្ឋ​បានជា​ច្រើន​ក្បាល បន្ទាប់ពី​មាន​ករណី​​ងាប់​តិចតួច​។

លោក​ប្រាប់ថា មាន​ពលរដ្ឋ​មួយចំនួន​បាន​ស្នើសុំ​ថ្នាំ​វ៉ាក់សាំង​យកទៅ​ចាក់​ដោយ​ខ្លួនឯង ខណៈ​ពលរដ្ឋ​មួយចំនួន​ទៀត​មិនទាន់បាន​យក​គោក្របី​មកចាក់​ ដោយសារ​តែ​លែងឱ្យ​ដើរ​ស៊ី​ស្មៅ​ហើយ​​ចាប់​មិនទាន់​បាន​។ ​ក្រៅពី​ជំងឺ​សាទឹក​​មិនមាន​ជំងឺ​ប្រឈម​អ្វី​ផ្សេងៗ​ទៀត​កើតឡើង​ទេ​។

លោក​ថ្លែងថា​៖ «​ក្រៅពី​ជំងឺសា​ទឹក​អត់​មាន​ជំងឺ​អី​ផ្សេងទៀត កើតឡើង​គួរឱ្យ​បារម្ភ​ទេ មាន​តែ​សាទឹក ហើមពោះ​ហ្នឹងហើយ ដែល​ប្រឈម​យើង​ជួយ​មិនទាន់​ក្រៅពីនេះ ជំងឺ​ផ្សេងទៀត​ដូចជា​ដុំ​ពក​ស្បែក​គោ​អី​គឺ​ស្ងាត់​វិញ​អស់ហើយ​ចំណែក​អុតក្តាម​អី​មាន​មួយៗ​ទេ​»​។

ដោយឡែក លោក លឹម សៀងហេង អភិបាលក្រុង​បាវិត​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៣០ ខែឧសភា​ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​អំពី​សត្វ​គោក្របី​ងាប់ ដោយសារ​ជំងឺ​សាទឹក​មួយចំនួន មន្ត្រី​កសិកម្ម​ក្រុង​បាន​ចុះទៅពិនិត្យ និង​ធ្វើការ​ចាក់​ថ្នាំ​បង្ការ​ដល់​​ទីកន្លែង​។ លោក​បានឱ្យ​ដឹងថា មាន​សត្វ​គោក្របី​ចំនួន ៣៨ ​ក្បាល​បានកើត​ជំងឺសា​ទឹក ក្នុងនោះ​ ២៣ ​ក្បាល​នៅក្នុង​សង្កាត់​បាវិត ងាប់​អស់​ ៧ ​ក្បាល រីឯ ១៥ ​ក្បាល​ទៀត កើតឡើង​នៅ​សង្កាត់​ប្រាសាទ ងាប់​អស់​ ៣ ​ក្បាល ។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​ក្រុង​បាវិត​បន្ត​ត្រៀម​ថ្នាំ​បង្ការ​សម្រាប់​គោក្របី​ចំនួន​ ១ ៥០០ ​ក្បាល​ទៀត ហេតុនេះ​បើ​ពលរដ្ឋ​មាន​គោក្របី​នៅ​មិនទាន់​បាន​ចាក់​ថ្នាំ​បង្ការ​អាចទាក់ទង​ទៅ​អាជ្ញាធរ​ក្រុង​បាវិត និង​ពេទ្យសត្វ​ក្រុង​បាវិត​បាន​»​។

លោក ប៉ែន ចាន់ធី ប្រធាន​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ស្វាយរៀង​ថ្លែង​នៅ​ថ្ងៃទី​ ៣០ ខែឧសភា​ថា លោក​បាន​ចុះទៅ​មូលដ្ឋាន​ភូមិ​កោះក្បាន​ខាងជើង ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដើម្បី​តាមដាន​ស្ថានភាព​សត្វ​ឈឺ​ជាក់ស្តែង​ដោយមាន​គោ-​ក្របី​ចំនួន​ ១៦​ ក្បាល​កំពុង​ព្យាបាល​។

ចំណែក​ចំនួន​សត្វ​ដែល​បាន​ចាក់​វ៉ាក់សាំង​​មាន​ច្រើន ប៉ុន្តែ​នៅ​មិនទាន់​បាន​បូកសរុប​ទេ​។ ​ការចុះទៅ​មូលដ្ឋាន​នោះ​មន្ត្រី​ជំនាញ​បានផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​មួយចំនួន​ទៅដល់​ភ្នាក់ងារ​សត្វ​ភូមិ​ចាក់​បន្ត​ ​និង​មាន​ចែកជូន​ថ្នាំ​សម្លាប់​មេរោគ​ដល់​ពលរដ្ឋ​យកទៅ​បាញ់សម្លាប់​មេរោគ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ប្រជុំ​ផ្សព្វផ្សាយ ហើយ​ចែក​ថ្នាំ​សម្រាប់​ឱ្យ​គាត់​បាញ់​តាម​ផ្ទះ យើង​គ្រាន់តែ​បាញ់​ជា​គំរូ​ ១២ ​ផ្ទះ​អ៊ីចឹងទៅ ក្រៅពី​ហ្នឹង​នៅសល់​ប៉ុន្មាន​ឱ្យ​គាត់​យកទៅ​បាញ់​ខ្លួនឯង ទៅ បាញ់​តាម​ទ្រុង​ហ្នឹង​ណា អាហ្នឹង​ជា​ថ្នាំ​សម្លាប់​មេរោគ មិនមែន​ថ្នាំ​ព្យាបាល​ទេ​។ ខ្ញុំ​បាន​ជូន​ម្ជុល​ស៊ីរ៉ាំង ថ្នាំ​មួយ​ចំនួន​ឱ្យ​ពេទ្យសត្វ​ភូមិ​ដើរ​ចាក់​បន្តទៀត ដើម្បី​ជួយ​ព្យាបាល​សត្វ​របស់​ពលរដ្ឋ​» ។

លោក​ ព្រំ វិច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​សៀមរាប​ថ្លែង​នៅ​ថ្ងៃទី​ ៣០ ខែឧសភា ថា ស្ថានភាព​សត្វ​ឈឺ​ជំងឺសា​ទឹក​នៅ​ខេត្ត​នេះ​មិនមាន​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ ដោយសារ​កន្លងមក​មាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​បាន​គ្រប់គ្រាន់​ដោយ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​បានល្អ​។ ចំណែក​ជំងឺ​ផ្សេងៗ​ទៀត ដូចជា ដុំ​ពក​ស្បែក​គោ និង​ជំងឺ​អុតក្តាម​ជាដើម កើតឡើង​មួយៗ​នៅ​ដោយ​កន្លែង ប៉ុន្តែ​ពលរដ្ឋ​មាន​ភាពឆ្លាត​វៃ យល់ដឹង​ជាង​មុន​ច្រើន ហើយ​ថែមទាំង​ចេះ​ចាក់​ថ្នាំ និង​ធ្វើការ​ព្យាបាល​ដោយ​ខ្លួនឯងបាន​ទៀតផង​។ លោក​បញ្ជាក់ថា បើ​មានការ​ខ្វះខាត​ថ្នាំ​ព្យាបាល​ ​ឬ​ថ្នាំ​វ៉ាក់សាំង មន្ត្រី​ជំនាញ​កសិកម្ម​នឹង​ផ្តល់ជូន​ភ្លាម​៕