ភ្នំពេញៈ ជប៉ុន​ប្រគល់​បទចម្រៀង​មាន​ចំណងជើង​ថា​ «​ឥន្ទធនូ សម្រាប់​ថ្ងៃ​ស្អែក​» ដែល​និពន្ធ និង​ច្រៀង​ដោយ​តារាចម្រៀង និង​តារាសម្ដែង​ដ៏ល្បី​របស់​ជប៉ុន គឺ​លោកស្រី មីណា​មី​ណុ យ៉ូ​កុ​(Minamino Yoko) ដល់​កម្ពុជា​ដែល​ពិធី​ប្រគល់​-​ទទួល​ធ្វើឡើង​រវាង​លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​លោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ៣០ ​ឧសភា​។

លោកស្រី Minamino គឺជា​តារាចម្រៀង និង​ជា​តារាសម្ដែង​ជប៉ុន​ដ៏​ល្បី​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា​។ លោកស្រី​បានមក​កម្ពុជា​ជា​លើកដំបូង​ក្នុង​ឆ្នាំ​ ១៩៨៩ មុនពេល​ស្ថានទូត​ជប៉ុន បាន​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទូរទស្សន៍ ហើយ​លោកស្រី​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តងទៀត​ក្នុង​ឆ្នាំ​ ២០១៣​។

លោកស្រី ទួត បញ្ញា ថ្លែង​ក្នុង​ពិធី​ប្រគល់-​ទទួល​នា​ថ្ងៃទី​ ៣០ ខែឧសភា នៅឯ​ទីស្តីការ​ក្រសួង​ការបរទេស​ថា «​បទចម្រៀង​ដ៏​ពីរោះ​នេះ​» បាន​ចាក់​ចំ​បេះដូង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅពេល​ដែល​បទចម្រៀង​នេះ​ត្រូវបាន​បង្ហាញជូន​លោក​នៅក្នុង​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​ដែល​រៀបចំ​ដោយ​លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​ថ្ងៃទី​ ២៣ ខែមេសា​នៅ​ទីក្រុង Kumamoto ប្រទេស​ជប៉ុន​ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី៤ ស្តីពី​បញ្ហា​ទឹក​នៅ​អាស៊ីប៉ាស៊ីហ្វិក​។

លោកស្រី​ថ្លែងថា ជាការ​ឆ្លើយតប​លោក ហ៊ុន សែន បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ដល់​លោកស្រី ណាមីណុ យ៉ូកុ ចំពោះ​បទចម្រៀង «​ដែលមាន​អត្ថន័យ​បំផុត​» របស់​លោកស្រី​។ លោក Mikami និង​សហការី​របស់លោក​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការទទួល​បាន​សិទ្ធិ​ចម្លង​បទ​ចម្រៀង​នេះ​។

បើតាម​លោកស្រី ទួត បញ្ញា លោកស្រី Minamino និង​ក្រុមហ៊ុន​ទូរទស្សន៍​ជប៉ុន បាន​អនុញ្ញាត​ឱ្យ​វីដេអូឃ្លីប​បទចម្រៀង​នេះ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ចាក់ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​​ដែល​បាន​ចុះបញ្ជី​ជាមួយ​រាជរដ្ឋាភិបាល​។

លោកស្រី​បញ្ជាក់ថា បទចម្រៀង​នេះ​ពិតជា​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​នៃ​ប្រទេស​កម្ពុជា នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ និង​ការផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ចំពោះ​ការអភិវឌ្ឍ​ប្រទេស ក៏ដូចជា​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

លោកស្រី ទួត បញ្ញា ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា ប្រជាជន​កម្ពុជា​ជាច្រើន​ក៏​នឹង​មានការ​រំជួលចិត្ត​យ៉ាងខ្លាំង ចំពោះ​បទ​ចម្រៀង​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​នឹង​ជួយ​លើកកម្ពស់ ចំណង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រជាជន​កម្ពុជា និង​ជប៉ុន​ផងដែរ​»​។

លោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​ថា បទ​ចម្រៀង​នេះ​ត្រូវបាន​ចាក់បញ្ចាំង​ជា​លើកដំបូង​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​វប្បធម៌​ជប៉ុន​ប្រចាំឆ្នាំ​ ដែល​រៀបចំ​ដោយ​ស្ថានទូត​ជប៉ុន​នៅក្នុង​ខែកុម្ភៈ​ឆ្នាំនេះ គឺ​ពិធី Kizuna​។

លោក​បន្តថា ជាច្រើន​ឆ្នាំ​មកនេះ លោកស្រី Minamino បានគិត​អំពី​ការធ្វើ​អ្វីមួយ​ដោយ​ផ្អែកលើ​ការចងចាំ​ដ៏មាន​តម្លៃ​របស់លោក​ស្រី​ចំពោះ​កម្ពុជា ដើម្បី​លើកកម្ពស់ មិត្តភាព​រវាង​កម្ពុជា និង​ជប៉ុន ហើយ​រួមជាមួយ​មិត្តភក្តិ​មួយចំនួន​ដែល​យល់ស្រប​នឹង​គំនិត​របស់​លោកស្រី​។

លោក​ថា​៖ «​លោកស្រី Minamino បាន​ស្ម័គ្រចិត្ដ​ផលិត​បទចម្រៀង​នេះ ហើយ​ផ្ញើ​មកកាន់​ពួកយើង​។ បទ ឥន្ទធនូ​សម្រាប់​ថ្ងៃស្អែក រំឭក​យើង​អំពី​មិត្តភាព​របស់​យើង និង​របៀប​ដែល​មិត្តភាព​នេះ​នឹង​បន្តទៅ​អនាគត​។ ដូច្នេះហើយ ខ្ញុំ​សង្ឃឹមថា ប្រជាជន​កម្ពុជា​ជាច្រើន នាក់​នឹង​ទស្សនា និង​ស្តាប់ ហើយ​រីករាយ​ជាមួយ​នឹង​វីដេអូ​ចម្រៀង​នេះ​»​។

លោក Mikami ថ្លែងថា នៅ​ឆ្នាំក្រោយ កម្ពុជា និង​ជប៉ុន នឹង​ប្រារព្ធ​ខួប​លើក​ទី​ ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​។ លោក​ជឿជាក់ថា ប្រវត្តិសាស្ត្រ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ​២ គឺ​ផ្អែកលើ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន និង​អារម្មណ៍​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក​។

តាមរយៈ​សារ​ផ្ញើ​ទៅ​លោក​ ហ៊ុន សែន លោកស្រី Minamino ថ្លែងថា​៖ «​ខ្ញុំ​បានមក​ប្រទេស​កម្ពុជា​ ២ ​ដង ក្នុង​ឆ្នាំ ១៩៨៩ និង​ឆ្នាំ​ ២០១៣​។ វា​ជា​កម្មវិធី​ទូរទស្សន៍​។ ឆ្នាំ​ ១៩៨៩ មិនមាន​ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញ​ទេ​។ ខ្ញុំ​បាន​ទៅ​សាលា​បឋមសិក្សា មណ្ឌលកុមារ​កំព្រា មន្ទីរពេទ្យ​ជាដើម​ក្នុងប្រទេស​កម្ពុជា​។ ខ្ញុំ​បាន​រៀន​ច្រើន ហើយ​មាន​អារម្មណ៍​ផ្សេងៗ​។ ខ្ញុំ​បាន​ទទួល​ថាមពល​យ៉ាងច្រើន​ពី​ប្រជាជន​កម្ពុជា​»​។

លោកស្រី​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា ប្រជាជន​កម្ពុជា​ជាច្រើន​នឹង​បាន​ស្ដាប់​បទ​នេះ​។ ខ្ញុំ​ឮថា ឆ្នាំក្រោយ​ជា​ខួប​លើក​ទី​ ៧០​ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​មក​ប្រទេស​កម្ពុជា ហើយ​ច្រៀង​បទ​ឥន្ទធនូ​សម្រាប់​ថ្ងៃស្អែក​ជាមួយ​ប្រជាជន​កម្ពុជា​។ ខ្ញុំ​ស្រលាញ់​កម្ពុជា​»៕