
ក្រុមអ្នកជំនាញឈរមើលប៉ាណូគម្រោងផលិតជីសរីរាង្គ។ រូបថត រដ្ឋបាលខេត្ត
សៀមរាបៈ លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ជីសរីរាង្គដែលបានមកពីអគារផលិតជីសរីរាង្គ ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជាគម្រោងក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាបនឹងត្រូវលក់ចេញក្នុងតម្លៃថោក សំដៅលើកកម្ពស់ជីវភាពពលរដ្ឋក្នុងវិស័យកសិកម្ម ចៀសវាងការនាំចូលជីពីក្រៅប្រទេស និងដើម្បីបន្តនិរន្តរភាពក្រោយគម្រោងនេះបញ្ចប់ទៅ។
លោក សុខ ថុល ថ្លែងនៅថ្ងៃទី ៣០ ខែឧសភាថា គម្រោងផលិតជីសរីរាង្គក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាបត្រូវបានបើកដ្ឋានសាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២។ គម្រោងនេះមានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកស្អុយធ្វើជីកសិកម្មជីមមោក ដោយបង្កើតខ្សែចង្វាក់ផលិតជីសរីរាង្គ ជីមមោកឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យកសិកម្ម។
លោកថ្លែងថា៖ «ជីហ្នឹងយើងនឹងលក់ ព្រោះយើងបានសហការជាមួយក្រុមហ៊ុនដើម្បីរកទីផ្សារដែរ ប៉ុន្តែយើងលក់ក្នុងតម្លៃធូរថ្លៃ ព្រោះអាហ្នឹងយើងត្រូវចំណាយដែរ។ សំខាន់គេជួយមកមែន ប៉ុន្តែពេលដែលជំនួយចប់ទៅយើងត្រូវបន្តនិរន្តរភាពនៃការគ្រប់គ្រងហ្នឹង អ៊ីចឹងត្រូវមានការលក់ឱ្យកសិករ ដើម្បីគាត់យកជីហ្នឹងទៅប្រើប្រាស់ចៀសវាងការនាំចូលជីពីខាងក្រៅ»។
លោកនាយករដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងទៀតថា គម្រោងជីសរីរាង្គនេះបានចាប់ផ្តើមដំណើរការជាផ្លូវការដោយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថា AIMF សហជីពអន្តរខេត្តសម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស ហៅកាត់ថា SIAAP និងទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថា ASEN រួមគ្នាអនុវត្តនូវគម្រោងនេះ ក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី ២៥ ឧសភាថា គម្រោងនេះប្រើប្រាស់ថវិកាហិរញ្ញប្បទានសម្រាប់អនុវត្តមានចំនួន ១ ៧០០ ០០០ អឺរ៉ូ ហើយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង។ ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះមានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់ និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន ៤៥ ម៉ែត្រគុបក្នុង ១ ថ្ងៃ អាចផលិតជីមមោកតាមការប៉ាន់ប្រមាណបាន ១ ០០០ ម៉ែត្រគុបក្នុង ១ ឆ្នាំ និងមិនមានផលប៉ះពាល់អវិជ្ជមានដល់គុណភាពទឹក ដែលហូរចេញពីអាងចម្រោះនោះឡើយ។
លោក សុខ ថុល បញ្ជាក់ថា ចំពោះការវិវឌ្ឍនៃគម្រោងនេះបានចំនួនប៉ុន្មានភាគរយគិតមកត្រឹមថ្ងៃទី ៣០ ខែឧសភានេះលោកមិនទាន់ទទួលបានព័ត៌មានទេ ដោយលោកបង្វែរសំណួរឱ្យសួរទៅខាងមន្ទីរសាធារណការ និងដឹកជញ្ជូន។ យ៉ាងណាក៏ដោយ ភ្នំពេញប៉ុស្តិ៍មិនអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីលោក គី វិរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានទេនៅថ្ងៃទី ៣០ ខែឧសភា។
លោកប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា គម្រោងនេះមានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាបក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែចង្វាក់នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។ ជីមមោកនេះមានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេសសម្រាប់ដីដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជីនេះនឹងធ្វើឱ្យដីនោះមានជីវជាតិអាចធ្វើឱ្យកសិករបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ សម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល ៥ ឆ្នាំ៕