ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ដែល​ព្រឹទ្ធសភា​បានអនុម័ត​កាលពី​ពាក់កណ្ដាល​ខែឧសភា មាន​សារៈសំខាន់​សម្រាប់​ការពារ សុខភាព​ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការទទួល​ទាន​អាហារ​ប្រកប​ដោយ​គុណភាព អនាម័យ​ល្អ និង​ចៀសវាង​នូវ​ការកើត​ជំងឺ​ផ្សេងៗ​ផងដែរ​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ «​សុវត្ថិភាព​ម្ហូបអាហារ​» របស់​ក្រសួង​ពាណិជ្ជកម្ម ដែលមាន​ ១១ ​ជំពូក និង​ ៤៣ ​មាត្រា ត្រូវបាន​ព្រឹទ្ធសភា អនុម័ត​គាំទ្រ​ទាំងស្រុង​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា ឆ្នាំ​ ២០២២​។

លោក ប៉ែន សុវិជាតិ អនុ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​៣០ ខែឧសភា ថា ច្បាប់​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការធានា​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​តាមរយៈ​ការទទួល​ទាន​អាហារ​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​អនាម័យ ជាហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ និង​ចៀសវាង​ការកើត​ជំងឺ​ផ្សេងៗ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ច្បាប់​នេះ ក៏​ជួយ​ធានា​ឱ្យមាន​ការប្រកួត​ប្រជែង​ប្រកបដោយ​តម្លាភាព ការពារ​ការ​ក្លែងបន្លំ​ផលិតផល និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ផលិតផល​ម្ហូបអាហារ​របស់​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ការជំរុញ​ដល់​ការនាំចេញ​»​។

លោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បានលើកឡើង​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា ក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​តំណាង​រាជរដ្ឋាភិបាល​ចូលរួម​កិច្ចប្រជុំ​ការពារ​សេចក្តីព្រាង «​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​» ថា​ច្បាប់​នេះ​ផ្តល់​សារៈសំខាន់​ក្នុងការ​កំណត់​គោលការណ៍​ជា​មូលដ្ឋាន ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​ម្ហូបអាហារ​មាន​សុវត្ថិភាព និង​អនុលោម​តាមច្បាប់ និង​លិខិត​បទដ្ឋាន​ជាតិ​ជា​ធរមាន សំដៅ​លើក​កម្ពស់​សុខុមាលភាព និង​ប្រសិទ្ធភាព​នៃ​ការការពារ​ផលប្រយោជន៍​អ្នក​ប្រើប្រាស់ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​ថ្លែងថា​៖ «​ច្បាប់​នេះ​នឹង​បង្កលក្ខណៈ​ឱ្យ​ប្រទេស​កម្ពុជា​រៀបចំ​នូវ​ប្រព័ន្ធ​សុវត្ថិភាព ម្ហូបអាហារ​ដែលមាន​លក្ខណៈ​ទំនើប តាមរយៈ​ការកសាង​វិធីសាស្ត្រ​ទប់ស្កាត់​ជាមុន និង​ការត្រួតពិនិត្យ​ខ្សែចង្វាក់​ផលិតកម្ម​ជាជាង​ការត្រួតពិនិត្យ និង​វិភាគ​លើ​ផលិតផល​សម្រេច​»​។

ជាមួយ​គ្នានេះដែរ លោក ប៊ុន សិទ្ធី ពលរដ្ឋ​រស់នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​វិញ បាន​ប្រាប់​ដែរ​ថា លោក​តែងតែ​ទិញ​អាហារ​ពី​ក្រៅ​ជា​ញឹកញាប់ ព្រោះ​ក្រោយពេល​ចេញពី​ធ្វើការ​ល្ងាច​ពេក លោក​ហេវ ធ្វើ​ម្ហូប​មិនទាន់​ក៏​ទិញ​តាមផ្លូវ​ក្បែរ​ផ្សារ​តែម្ដង​។

លោក​បាន​ប្រាប់ថា​៖ «​តាមពិត ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព​ដែរ តែ​អត់​មាន​ជម្រើស ដោយសារ​តម្លៃ​នៅតាម​ផ្លូវ​ហ្នឹង​វា​ធូរ​ថ្លៃ​។ តាមពិត​នៅក្បែរ​ក្រុមហ៊ុន​ក៏មាន​អាហារដ្ឋាន​ដែរ ប៉ុន្ដែ​ថ្លៃ​ពេក ម្ហូប​តាមផ្លូវ​តែ​ ៤ ​ពាន់​រៀល បាយ ១ ​ប្រអប់ និង​ម្ហូប ១ ​ថង់ តែ​នៅ​អាហារដ្ឋាន​តម្លៃ​ដល់​ ៨​ ពាន់​រៀល​ ឬ​លើស​នេះ​»​។

បើ​សួរថា តើ​លោក ប៊ុន សិទ្ធី ធ្លាប់​ឈឺ​ដោយសារ​អាហារ​តាមផ្លូវ​ឬ​អត់ សម្រាប់​លោក​គឺ​ពិបាក​ឆ្លើយថា​មកពី​អាហារ​តាមផ្លូវ​ឬ​យ៉ាងណា​នោះទេ​ ប៉ុន្តែ​ពេទ្យ​ធ្លាប់​ប្រាប់​លោក​ថា សុខភាព​លោក​ខ្សោយ​ដោយសារ​ខ្វះ​ជីវជាតិ ខ្វះ​វីតាមីន​ជាដើម​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​ឧស្សាហ៍​ទិញ​អាហារ​តាមផ្លូវ​ញឹកញាប់​ណាស់ តែ​ខ្ញុំ​ក៏បាន​ពិនិត្យ​មើល​កន្លែង​លក់​ដែរ បើ​មានការ​សម្អាត​ល្អ ទើប​ទៅ​ទិញ បើ​កន្លែង​ហាក់​រញ៉េរញ៉ៃ សំរាម រាយប៉ាយ អត់​ទិញ​ទេ ហើយ​មកដល់​ថ្ងៃនេះ មិន​ធ្លាប់​ជួប​បញ្ហា​ញ៉ាំ​ហើយ​ពុល ឬក៏​រាករូស​ដែរ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​នៅ​ទិញ​បន្ត​រហូតមក​»​។

យ៉ាងណាមិញ​ទាក់ទង​នឹង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​នេះ លោក ប៊ុន សិទ្ធី ថ្លែង​ដោយ​យល់ថា ល្អ​ដែល​កម្ពុជា​មានច្បាប់​បែបនេះ ដើម្បី​ឱ្យ​អាហារ​កាន់​តែមាន​សុវត្ថិភាព និង​ស្ដង់ដា តែ​ក៏​លោក​នៅតែ​បារម្ភ​ថា ច្បាប់​នឹង​រឹតត្បិត​ដល់​អ្នកលក់​តូចតាច មិនអាច​បន្ត​អាជីវកម្ម​បាន ព្រោះ​ពួកគាត់​មិនអាច​គោរព​បាន​ទាំងស្រុង​តាមច្បាប់​ទេ ដោយសារ​ពួកគាត់​លក់​តាម​កម្រិត​ជីវភាព​អ្នកទិញ​ដែរ​។

អ្នកលក់​បាយ និង​ម្ហូប​នៅមុខ​ផ្សារចាស់ អ្នកស្រី ឡូន រី បាន​ប្រាប់​ឱ្យដឹងថា អ្នកស្រី​មិនទាន់​ដឹង​ពី​ច្បាប់​នេះ​ទេ ហើយ​អ្នកស្រី​ក៏​មិនទាន់​ដឹង​ដែរ​ថា តើ​ច្បាប់​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់គាត់​ឬ​អត់​នោះទេ​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​សាទរ​ដែល​ប្រទេស​យើង​មានច្បាប់​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​នៅពេល​ច្បាប់​នេះ​ចេញ​ហើយ អ្នកលក់​អាហារ​តូចតាច​តាម​ចិញ្ចើម​ផ្លូវ​នឹងមិន​មាន​បញ្ហា​។ សម្រាប់​ខ្ញុំ គឺ​អនាម័យ​ល្អ ម្ហូបអាហារ​មាន​សុវត្ថិភាព គឺជា​ចំណុច​សំខាន់​ដែល​ខ្ញុំ​អនុវត្ត​ជាប្រចាំ ទាំង​ទៅលើ​អតិថិជន និង​គ្រួសារ​ខ្ញុំ​ផ្ទាល់ ដោយសារ​ពួកខ្ញុំ​ក៏​ហូបបាយ និង​ម្ហូប​ដែល​ខ្ញុំ​លក់​រាល់ថ្ងៃ​នេះដែរ​»​។

អ្នកស្រី ឡូន រី បាន​បញ្ជាក់ថា អ្នកស្រី​មិន​បារម្ភ​ពី​ការផាកពិន័យ​ ឬ​ការចុះពិនិត្យ​ការធ្វើ​ម្ហូប ឬ​ការ​ទុកដាក់​អាហារ​នៅក្នុង​តូប​អ្នកស្រី​ឡើយ ដោយសារ​គាត់​ទុកចិត្ត​ថា​អ្វីដែល​គាត់​ធ្វើ​គឺមាន​អនាម័យ​ល្អ សុវត្ថិភាព​សម្រាប់​អ្នក​ហូប​។

ទាក់ទង​នឹង​ការបារម្ភ​នេះ លោក ប៉ែន សុវិជាតិ បាន​លើកឡើងថា អ្នកលក់​នៅតាម​ទីផ្សារ និង​នៅតាម​ផ្លូវ គឺជា​គោលដៅ​របស់​ក្រសួង ដោយ​ជំរុញ​ឱ្យ​ពួកគាត់​មាន​អនាម័យ​ល្អ ហើយ​ជា​បណ្តើរៗ​ជំរុញ​ឱ្យមាន​គុណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។

លោក​បាន​ថ្លែងថា​៖ «​គោលដៅ​ម្ហូបអាហារ​ដែល​បម្រើ​វិស័យ​ទេសចរណ៍ និង​បម្រើ​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​កម្រិត​ប្រាក់ចំណូល​មធ្យម និង​កម្រិត​ទាប គឺ​ម្ហូបអាហារ​នៅតាម​ផ្លូវថ្នល់ និង​តាម​ផ្សារ​នេះ​ដែល​ត្រូវ​រក្សា​អនាម័យ ដោយសារ​អនាម័យ​ឆ្លុះបញ្ចាំង​ការធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​»​។

ក្រសួង​ពាណិជ្ជកម្ម​ចាត់ទុក​ការងារ​អាទិភាព​សំខាន់​គឺ​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ការលក់ដូរ​ម្ហូបអាហារ​នៅតាម​ទីផ្សារ និង​តាម​ចិញ្ចើមផ្លូវ​ត្រូវមាន​អនាម័យ គុណភាព និង​សុវត្ថិភាព​ជា​ចម្បង​។ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ហើយ​ថា ជា​រៀងរាល់ឆ្នាំ​កុមារ ២២០ ​លាន​នាក់​កើត​ជំងឺ​រាករូស​ហើយ ៩៦ ០០០ ​នាក់​បាន​ស្លាប់ ដោយ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​។ ចំណីអាហារ​គ្មាន​សុវត្ថិភាព​បាន​បង្កើត​វដ្ត​ដ៏​កាចសាហាវ​នៃ​ជំងឺ​រាករូស និង​កង្វះ​អាហារូបត្ថម្ភ ដែល​គំរាមកំហែង​ដល់​ស្ថានភាព​អាហារូបត្ថម្ភ​របស់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​។

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក សុខ ស៊ីឡូ ធ្លាប់បាន​លើកឡើងថា តាម​របាយការណ៍​របស់​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​របស់​ក្រសួងសុខាភិបាល​បង្ហាញ​ថា ចាប់​តាំងពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០២១ មាន​មនុស្ស ១១៩ ​នាក់​បាន​ស្លាប់​ក្នុងករណី​ពុល​ចំណីអាហារ និង​មាន​អ្នករងគ្រោះ​សរុប​មាន​ចំនួន ៤ ៦៩៩ នាក់​។

លោក​បាន​ថ្លែងថា​៖ «​អាហារ​គ្មាន​សុវត្ថិភាព​បង្ក​ការគំរាមកំហែង​ដល់​សុខភាព​ជា​សកល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់រូប ក្នុងនោះ​ក៏មាន​ទារក កុមារ​តូច ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ចាស់ និង​អ្នក​ដែលមាន​ជំងឺ​គឺ​ងាយ​រងគ្រោះ​ជាមួយនឹង​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​»៕