សៀមរាបៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ​ដែលជា​ស្ថាប័ន​ជំនាញ​លើ​វិស័យ​មីន​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​សកម្មភាព​កម្ចាត់មីន​នៃ​ប្រទេស​កូឡុំប៊ី ចំនួន ១៥​ រូប ដើម្បី​បង្កើន​ចំណេះ​ជំនាញ និង​ការគ្រប់គ្រង​ប្រតិបត្តិការ​លើ​វិស័យ​ដោះមីន​។

អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​លោក ហេង រតនា បានឱ្យ​ដឹងថា ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មាន​ភាពល្អប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​កូឡុំប៊ី​មក រដ្ឋាភិបាល​កូឡុំប៊ី​បាន​សម្រេច​ចាត់​បញ្ជូន​សិក្ខាកាម​មក​ទទួល​ការហ្វឹកហ្វឺន​ជាមួយ​អង្គភាព CMAC នៅ​ខេត្តសៀមរាប​។ ក្នុង​វគ្គ​ហ្វឹកហ្វឺន​លើក​នេះ​ក៏មាន​វត្តមាន​របស់​លោក Andres Pastrana អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូឡុំប៊ី ចូលរួម​ផងដែរ​។ លោក​ថា​៖ «​វគ្គ​ហ្វឹកហ្វឺន​នេះ​ផ្តោតលើ​ប្រធានបទ​ស្តីអំពី “​ការគ្រប់គ្រង​គុណភាព និង​បទដ្ឋាន​ប្រតិបត្តិការ​” ដែលមាន​រយៈពេល​ ២ ​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​ ៣០ ​ឧសភា ដល់​ថ្ងៃទី​ ៩ ខែមិថុនា ឆ្នាំ​ ២០២២»​។

វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​សិក្ខាកាម​សរុប​ចំនួន​ ១៥ ​រូប ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ ២​ នាក់ ទ័ពជើងគោក​ ១០​ នាក់ ទ័ពជើងទឹក ​២ ​នាក់ ទ័ពអាកាស​ម្នាក់ និង​តំណាង​ស្ថាប័ន​ផ្នែក​រក្សា​សន្តិភាព​ក្នុង​វិស័យ​កម្ចាត់មីន​ចំនួន ​២ ​នាក់ មកពី​ក្រសួង​ការពារជាតិ និង​ការិយាល័យ​បេសកកម្ម​រក្សា​សន្តិភាព​ជាន់ខ្ពស់​។

លោក ហេង រតនា បាន​គូសបញ្ជាក់ថា ប្រទេស​កូឡុំប៊ី​គឺជា​ប្រទេស​ដំបូង​គេ​ដែល​ទទួល​ការហ្វឹកហ្វឺន សហប្រតិបត្តិការ ត្បូង​-​ត្បូង ក្នុង​វិស័យ​សកម្មភាព​មីន​ជាមួយ​អង្គភាព​ស៊ីម៉ាក់​ដែល​គិត​មកដល់​ពេលនេះ មាន​សិក្ខាកាម​សរុប​ចំនួន​ ១៧៣ ​នាក់ និង​វគ្គ​ហ្វឹកហ្វឺន​សរុប​ចំនួន​ ១០ ​វគ្គ​។

លោក​បន្ថែមថា គម្រោង​ផ្តល់​ការហ្វឹកហ្វឺន ត្បូង​-​ត្បូង​នេះ គឺ គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន តាមរយ:​ទីភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​របស់​ជប៉ុន (JICA)​។

លោក ចេង សេងឃីម អនុប្រធាន​កងឯកភាព​កម្ចាត់​មីន​​ទី ​៦ ប្រចាំខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ មាន​ប្រសាសន៍​ថា លោក​ពិតជា​មាន​មោទនភាព ដែល​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​គេ​ទទួលស្គាល់​លើ​ជំនាញ​កម្ចាត់មីន និង​បាន​បញ្ជូន​សិក្ខាកាម​បរទេស​មក​ហ្វឹកហ្វឺន​ជា​បន្តបន្ទាប់​។

លោក​ថា​៖ «​ព្រោះ​យើង​មាន​បទពិសោធ​យូរ​ឆ្នាំ​ហើយ និង​មានការ​ហ្វឹកហ្វឺន​បាន​ខ្ពស់ ឥឡូវ​យើង​មានចំណេះ​ជំនាញ​គ្រប់គ្រាន់ សម្រាប់​ហ្វឹកហ្វឺន​គេ​វិញ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មិនមែន​មានតែ​ប្រទេស​កូឡុំប៊ី​ទេ ដែល​មក​សិក្សា​ស្វែងយល់​នៅ​ស្រុក​ខ្មែរ​ពាក់ព័ន្ធ​វិស័យ​មីន​នេះ​»​។

លោក​បន្តថា កន្លងទៅ​មាន​ប្រទេស​អ៊ីរ៉ាក់ ឡាវ និង​ប្រទេស​មួយចំនួន​ទៀត ក៏​មក​ទទួល​ការហ្វឹកហ្វឺន​នៅ​កម្ពុជា​ដែរ ខណៈ​​រូបលោក​ផ្ទាល់ និង​មន្ត្រី​ជំនាញ​ផ្សេងទៀត ធ្លាប់​ចេញទៅ​ក្រៅ​ប្រទេស ​ដើម្បី​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​បរទេស​ផងដែរ​លើ​វិស័យ​មីន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏​ធ្លាប់​ចេញទៅ​បង្រៀន​នៅ​ប្រទេស​កូឡុំប៊ី​ដែរ នៅ​ខែធ្នូ ឆ្នាំ​ ២០២១ ដែល កាលនោះ​ទៅ​មាន​គ្នា​ ៣​ នាក់​ទៅ​បង្រៀន​មេទាហាន​គេ​តែម្តង យើង​បង្រៀន​ពី​ការគ្រប់គ្រង​កិច្ចប្រតិបត្តិការ និង​ការគ្រប់គ្រង​ព័ត៌មានវិទ្យា និង​គ្រប់គ្រង​ការហ្វឹកហ្វឺន​»​។

ជា​បទពិសោធ​ក្នុងនាម​ជា​គ្រូបង្រៀន​គឺ​ការបណ្តុះបណ្តាល​នោះ​អាស្រ័យ​ទៅលើ​កាលវិភាគ ដោយ​បង្រៀន​ទៅតាម​វគ្គ​នីមួយៗ ដូចជា​វគ្គ​គ្រប់គ្រង វគ្គ​បច្ចេកទេស ហើយ​ក្នុងនោះ​ក៏មាន​ចុះ​កម្មសិក្សា​ផងដែរ​។

ដោយឡែក​ទាក់ទង​វិស័យ​មីន​នៅ​កម្ពុជា​វិញ លោក​ឱ្យដឹងថា ដោយសារ​កម្ពុជា​បាន​ផ្លាស់ប្តូរ​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​រុករក និង​កម្ចាត់មីន ដូច្នេះ​ខាង​ស៊ីម៉ាក់​កំពុង​រៀបចំ​បច្ចេកទេស​ថ្មីៗ និង​ពន្លឿន​កិច្ចសហប្រតិបត្តិការ​ផងដែរ​៕