
បុរសជាតិជប៉ុនពេលនាំមកតុលាការកំពូលពីថ្ងៃទី ៣០ ឧសភា។ រូបថត គឹម សារុំ
ភ្នំពេញៈ តុលាការកំពូលនៅថ្ងៃទី ៣០ ឧសភា បានបើកសវនាការជំនុំជម្រះបុរសជនជាតិជប៉ុនចំណាស់ម្នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនមេតំហ្វេតាមីនជាង ១ គីឡូក្រាម ប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២០ រួចត្រូវបានតុលាការថ្នាក់ក្រោមផ្ដន្ទាទោស ២៥ ឆ្នាំ និងពិន័យប្រាក់ ៤០ លានរៀល។
តាមអង្គហេតុរបស់តុលាការកំពូលបង្ហាញថា កាលពីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ជនជាប់ចោទឈ្មោះ NONAKA SHUNICHI អាយុ ៧៣ ឆ្នាំជាជនជាតិជប៉ុនបានយួរវ៉ាលិសចំនួន ២ ចូលក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញបម្រុងជិះយន្តហោះទៅប្រទេសជប៉ុន។ ពេលនោះដោយមានការសង្ស័យ សមត្ថកិច្ចគយ និងនគរបាលប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញបានហៅជនជាប់ចោទ ដើម្បីសុំពិនិត្យវ៉ាលិសរបស់គាត់។ គ្រានោះ សមត្ថកិច្ចបានរកឃើញគ្រឿងញៀន ៥ ដុំ ទម្ងន់ ១ ៧០៥,៨៥ ក្រាមដាក់សៀតក្នុងវ៉ាលិស។ បន្ទាប់មក ជនជាប់ចោទត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរបន្ត។
បើតាមលោកចៅក្រម ១ រូប ក្នុងចំណោម ៥ រូប ដែលត្រូវបានផ្ទេរសិទ្ធិឱ្យដោយលោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានអង្គហេតុនៅចំពោះមុខជនជាប់ចោទនៅថ្ងៃទី ៣០ ឧសភាថា សំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ និងប្រកាសសាលក្រមនៅថ្ងៃទី ១៥ កញ្ញាឆ្នាំ ២០២០ ផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ២៥ ឆ្នាំ និងពិន័យប្រាក់ចំនួន ៤០ លានរៀលចូលថវិការដ្ឋចោទពីបទជួញដូររក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។
លោកចៅក្រមរូបនោះបន្តថា ដោយមិនសុខចិត្តនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ជនជាប់ចោទបានប្តឹងឧទ្ធរណ៍ភ្នំពេញ ហើយត្រូវបានសាលាឧទ្ធរណ៍បើកសវនាការ និងប្រកាសសាលដីកានៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ សម្រេចតម្កល់ទោសដដែល។
ជនជាប់ចោទ NONAKA SHUNICHI បានប្រាប់ចៅក្រមតាមរយៈអ្នកបកប្រែភាសាក្នុងអង្គសវនាការនៅថ្ងៃទី ៣០ ឧសភាថា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២០ គាត់បានធ្វើដំណើរពីជប៉ុនមកកម្ពុជា ដើម្បីជួបជាមួយជនបរទេសម្នាក់។ លុះមកដល់កម្ពុជា គាត់បានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ហើយគាត់ត្រូវបានបុរសជនជាតិថៃម្នាក់ផ្ញើវ៉ាលិស ១ ឱ្យគាត់ ដើម្បីយកទៅឱ្យសាច់ញាតិរបស់គេរស់នៅប្រទេសជប៉ុន តែពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏ត្រូវសមត្ថកិច្ចឆែកវ៉ាលិស និងឃាត់ខ្លួនគាត់តែម្តង។
ជនជាប់ចោទថា៖ «កាលពីនគរបាលឃាត់ខ្ញុំដំបូងគ្មានអ្នកបកប្រែភាសាត្រឹមត្រូវ ខ្ញុំមិនដឹងគេសរសេរថាម៉េចទេ ហើយឱ្យខ្ញុំផ្តិតមេដៃ ខ្ញុំក៏ផ្តិតទៅ។ វ៉ាលិសនោះមិនមែនជារបស់ខ្ញុំទេ ខ្ញុំស្នើសុំតុលាការកំពូលបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ភ្នំពេញជម្រះឡើងវិញ»។
លោក ជុំ អ៊ៀក ជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទបានសន្និដ្ឋានក្នុងបន្ទប់សវនាការថា នៅដំណាក់កាលនគរបាលសាកសួរ កូនក្តីលោក គឺគ្មានអ្នកបកប្រែត្រឹមត្រូវទេ ហើយគាត់ក៏មិនបានដឹងថាក្នុងវ៉ាលិសនោះមានគ្រឿងញៀនដែរ៖ «ខ្ញុំសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះពិនិត្យ និងពិចារណាលើការស្នើសុំរបស់កូនក្តីខ្ញុំ»។
លោក ប៊ូ ប៊ុនហាង តំណាងមហាអយ្យការបានសន្និដ្ឋានថា ការជួញដូរគ្រឿងញៀននេះ សមត្ថកិច្ចបានឆែកឃើញជាក់ស្តែង។ ហេតុដូច្នេះសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញសម្រេចត្រឹមត្រូវតាមច្បាប់ហើយ៖ «ខ្ញុំស្នើសុំតម្កល់សាលដីកាទុកជាបានការដដែល»។
ក្រោយជំនុំជម្រះប្រមាណជិត ១ ម៉ោង លោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកានៃសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី ៦ មិថុនា ខាងមុខនេះ៕