
យុវជន ១៦ នាក់ ដែលត្រូវបានឃាត់ខ្លួនករណីបង្ហោះម៉ូតូ។ រូប ប៉ូលិស
ពោធិ៍សាត់ៈ ក្មេងទំនើងបង្ហោះម៉ូតូ និងកែច្នៃម៉ូតូខុសពីសភាពដើម ចំនួន ១៦ នាក់ត្រូវបាននគរបាលស្រុកបាកាន ខេត្តពោធិ៍សាត់ ឃាត់ខ្លួនបណ្តោះអាសន្ន នាព្រលប់ថ្ងៃទី ២៩ ឧសភា តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។
លោក ចាន់ សុភី អធិការរងទទួលផែនសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានឱ្យដឹងនៅថ្ងៃទី ៣០ ឧសភា ថា កម្លាំងនគរបាលសណ្តាប់ធ្នាប់ កាលពីព្រលប់ថ្ងៃទី ២៩ ឧសភា បានចុះទៅឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ១៦ នាក់ដែលសុទ្ធតែជាយុវជន។ ការឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចធ្វើតាមបណ្តឹងផ្ទាល់មាត់របស់ប្រជាពលរដ្ឋដែលរងការរំខានពីពួកគេ។
លោកប្រាប់ថា៖ «ការឃាត់ខ្លួននេះដោយសារពួកគេបង្កភាពអនាធិបតេយ្យក្នុងសហគមន៍មានការបង្ហោះម៉ូតូ ការកែច្នៃម៉ូតូខុសសភាពដើម។ ពលរដ្ឋគាត់ប្តឹងមកសមត្ថកិច្ចរបស់យើង»។
លោកថា ក្រុមក្មេងទំនើងទាំង ១៦ នាក់មានអ្នកខ្លះនៅរៀន ខ្លះឈប់រៀន និងមានអាយុពី ១៦-២៥ ឆ្នាំ។ ទោះយ៉ាងណា សមត្ថកិច្ចគ្រាន់តែឃាត់ខ្លួនពួកគេ ដើម្បីបង្អាក់សកម្មភាពគ្មានសណ្តាប់ធ្នាប់នេះ ហើយអញ្ជើញឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេមកធ្វើកិច្ចសន្យា។ រីឯក្រុមក្មេងទំនើងទាំងនេះ សមត្ថកិច្ចអប់រំណែនាំកុំឱ្យប្រព្រឹត្តអនាធិបតេយ្យតទៅទៀត។ បើពួកគេនៅតែប្រព្រឹត្តទង្វើដដែលៗទៀតនឹងចាត់វិធានការតាមផ្លូវច្បាប់។
លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិតប្រាប់នៅថ្ងៃទី ៣០ ឧសភា ថា លោកបានសង្កេតឃើញថា បញ្ហាចោរកម្ម ឬក៏ការបង្ហោះម៉ូតូ ក៏ដូចជាការបង្កភាពអនាធិបតេយ្យរបស់ក្មេងទំនើងនៅតាមតំបន់ប្រជុំជន ឬនៅតាមមូលដ្ឋានសហគមន៍មានការកើតឡើងច្រើន។ ពិសេសគ្មានការគ្រប់គ្រងច្បាស់លាស់ ហើយវិធានការក្នុងការចាត់ចែង ឬក៏ទប់ស្កាត់បញ្ហាក្មេងទំនើងនៅតាមសហគមន៍ ក៏ដូចជាអំពើលួចឆក់ប្លន់នៅតាមដងផ្លូវឃើញថា សមត្ថកិច្ចអនុវត្តមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
បញ្ហានេះលោកថា សមត្ថកិច្ចខ្លះហាក់ដូចជាខ្លាចក្មេងៗទំនើងទាំងអស់នោះ ដោយសារក្មេងទំនើងមួយចំនួនគឺជាកូនរបស់អ្នកមានឥទ្ធិពល ហើយជាកូនអ្នកមានទ្រព្យសម្បត្តិផង។ ហេតុដូច្នេះ អ្វីដែលលោកមើលឃើញពេលនេះ ក្មេងទំនើងមានខ្នងបង្អែកទាំងនោះជាបញ្ហាធំ ដែលកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានមួយចំនួន មិនហ៊ានចាត់វិធានការ ព្រោះខ្លាចបាត់បង់មុខតំណែង ដោយសារអ្នកមានឥទ្ធិពលក្នុងសហគមន៍។
លោកថា៖ «ដើម្បីដោះស្រាយបញ្ហានេះមានតែការពង្រឹងការអនុវត្តច្បាប់ ដោះស្រាយបញ្ហាបក្ខពួកនិយម និងបញ្ហាពុករលួយ។ ដូច្នេះការពង្រឹងការអនុវត្តច្បាប់ពីថ្នាក់លើទៅថ្នាក់ក្រោមគឺជារឿងសំខាន់»។
លោកបន្តថា មន្ត្រីគួរតែចាប់ក្រុមក្មេងដែលបង្កបញ្ហាដល់សង្គម ហើយអនុវត្តច្បាប់ស្មើភាពគ្នា គ្មានការរើសអើងដែលនេះគឺជាគោលការណ៍នីតិរដ្ឋ។ សម្រាប់កងកម្លាំងមានសមត្ថកិច្ចគួរតែឈប់ទទួលសំណូក ឬក៏ឈប់ទុកឱកាសឱ្យក្មេងៗទាំងនោះអាចធ្វើអ្វីបានតាមចិត្ត ហើយក៏សូមឱ្យមានការចូលរួមពីអាណាព្យាបាល ឬក៏ឪពុកម្តាយរបស់ក្មេងទំនើងទាំងនោះ។
លោកបញ្ជាក់ថា៖ «ឪពុកម្តាយធ្វើយ៉ាងណាជួយណែនាំ និងតម្រង់ទិសកុំឱ្យដើរផ្លូវខុសប៉ះពាល់ដល់អនាគតរបស់ពួកគេ និងធ្វើឱ្យមជ្ឈដ្ឋានទូទៅមើលឃើញថា សង្គមរបស់យើងពោរពេញដោយភាពអនាធិបតេយ្យ»៕