ភ្នំពេញៈ ​ក្រសួង​អប់រំ គ្រឹះស្ថាន​សិក្សា និង​អង្គការ​ដៃគូ​នា​ថ្ងៃទី​ ៣០ ខែឧសភា បានរួម​គ្នា​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​ស្តីពី​ការហាមឃាត់​ការប្រើប្រាស់ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការតាំង​លក់​ផលិតផល​ថ្នាំជក់ ដល់​និស្សិត​សាកល​វិទ្យាល័យ​ប៊ែលធី​ជាង​ ៣០០​ នាក់ ដើម្បី​កាត់បន្ថយ និង​ឈប់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ និង​គ្រឿងញៀន​។ នេះ​បើ​យោងតាម​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​(NACD)​។

NACD បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​នៅ​សាកលវិទ្យាល័យ​ប៊ែលធី​អន្តរជាតិ ក្រសួង​អប់រំ គ្រឹះស្ថានសិក្សា អង្គការ​ដៃគូ រួមគ្នា​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​ស្តីពី​ការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការតាំង​លក់​ផលិតផល​ថ្នាំជក់ និង​កិច្ចសហការ​ជាមួយ​ឧស្សាហករ​ថ្នាំជក់​តាម​គ្រឹះស្ថាន​ឧត្តមសិក្សា ដើម្បី​កាត់បន្ថយ និង​ឈប់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ និង​គ្រឿងញៀន សំដៅ​រក្សាបាន​នូវ​សុខភាព​ល្អ​ជូន​សិស្ស និង​ក្រុមគ្រួសារ​»​។

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​នេះ អ្នកជំនាញ​បាន​លើក​យកមក​បង្ហាញ​នូវ​បញ្ហា និង​គ្រោះថ្នាក់​នៃ​ផលិតផល​ថ្នាំជក់ និង​គ្រឿងញៀន​ដែល​តែងតែ​បំផ្លាញ​សុខភាព​មនុស្ស និង​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​លើ​សកល​លោក និង​កលល្បិច​របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​យុទ្ធសាស្ត្រ​ទប់ស្កាត់​។

NACD បាន​ដកស្រង់​សម្ដី លោក លឹម តុងហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា​នៃ​ NACD ថា និស្សិត ប៊ែលធី​ មិនមែន​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំជក់ និង​គ្រឿងញៀន​ទេ តែ​ពួកគេ​ជា​មុខសញ្ញា​ត្រូវ​បង្ការ អប់រំ ដើម្បី​ក្លាយជា​ជន​សកម្ម​ជួយ​ផ្សព្វផ្សាយ​បន្តទៅ​គ្រួសារ និង​មនុស្ស​ជា​ទីស្រឡាញ់​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន និង​ថ្នាំជក់​។

NACD បញ្ជាក់ថា លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន អង្គភាព និង​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក (WHO) ​និង​សាកលវិទ្យាល័យ​ប៊ែលធី ដែល​បានរួម​សហការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​នេះ ដែលជា​ការងារ​សំខាន់​ចាំបាច់​សម្រាប់​សុខភាព​សិក្សា គឺ​ការមិន​ប៉ះពាល់ មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្នាំជក់ និង​គ្រឿងញៀន​។

លោកស្រី​ត្រូវបាន​ស្រង់​សម្ដី​ថា​៖ «​និស្សិត​គ្រប់រូប​ជា​ទំពាំង​ត្រូវ​ស្នង​ឫស្សី ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​មើលថែ​ ដើម្បី​ឱ្យ​ទំពាំង​លូតលាស់​ល្អ​ទើប​ឫស្សី​មាន​គុណភាព​ល្អ​»​។

ក្រសួង​អប់រំ កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ បាន​ចេញ​សេចក្ដី​ណែនាំ​ហាម​មិនឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ចាប់​ដៃគូ​សហការ​ជាមួយ​ឧស្សាហករ​ថ្នាំជក់​ទទួល​ការឧបត្ថម្ភ​គាំទ្រ ឬ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ឧស្សាហករ​ថ្នាំជក់ ផ្ដល់​ទីកន្លែង ឬ​ទីធ្លា​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ ឬ​ពិព័រណ៍​ដែលជា​កម្មវិធី​របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​ត្រូវ​ចូលរួម​លុបបំបាត់​សកម្មភាព​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​តាម​គ្រប់​រូបភាព​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៣០ ខែឧសភា​ថា អវត្តមាន​គ្រឿងញៀន​ខុសច្បាប់ និង​គ្រឿង​ស្រវឹង​នៅក្នុង​គ្រឹះស្ថានសិក្សា​គឺជា​ការចូលរួម​លើកកម្ពស់​សុខភាព​បុគ្គល គុណភាព​អប់រំ និង​គុណភាព​ជីវិត​។ ក្រសួង​អប់រំ ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ការលើកទឹកចិត្ត និង​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​លើក​កម្ពស់​សុខភាព​របស់​អ្នកសិក្សា និង​ភាគី​ពាក់ព័ន្ធ​តាមរយ:​គ្រប់​រូបភាព​។

លោក​បាន​ថ្លែងថា គ្រឿងញៀន និង​គ្រឿង​ស្រវឹង​អាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត​របស់​អ្នកសិក្សា និង​ភាគី​ពាក់ព័ន្ធ​។ ក្រសួង​អប់រំ បាននិងកំពុង​បន្ត​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ ដើម្បី​លើក​កម្ពស់​ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​។ លោក​បញ្ជាក់ថា​៖ «​ក្រសួង​អប់រំ​សហការ​ជាមួយ​ដៃគូ​ការងារ​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់ និង​វិធានការ​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់ បណ្ដាល​មកពី​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​គ្រឿង​ស្រវឹង​»​។

លោក រស់ សុវាចា បន្ថែមថា ការ​អភិវឌ្ឍ​សម្ភារ​ឧបទេស​សម្រាប់​ការអប់រំ បង្ការ ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅតាម​គ្រឹះស្ថាន​សិក្សា​មាន​គោលដៅ​ធ្វើឱ្យ​លែងមាន​ការប្រើប្រាស់​គ្រឿងញៀន​នៅ​គ្រឹះស្ថាន​សិក្សា​ដោយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការបង្ការ ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន តាមរយ:​ការពិនិត្យ​វឌ្ឍនភាព​ការងារ​តាក់តែង​ឯកសារ​មេរៀន​។

លោក​បញ្ជាក់ថា​៖ «​ជារួម ការងារ​នេះ​ស្ថិតក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​ ២០១៩-២០២៣ និង​ឆ្ពោះទៅ​ឆ្នាំ​ ២០៣០ ដែល​ក្រសួង​អប់រំ ប្តេជ្ញា​សម្រេច​ឱ្យបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​ ៤ ស្តីពី​ការអប់រំ ដោយ​ឈរលើ​គោលការណ៍​គុណភាព សមធម៌ បរិយាប័ន្ន ការសិក្សា​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់​គ្នា​»៕