
ដើមកញ្ឆាដែលសមត្ថកិច្ចស្រុកភ្នំក្រវាញបង្ក្រាបកាលពីថ្ងៃ៣០ ឧសភា ។ រូបថត ប៉ូលិស
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ខែឧសភា លោក តាន់ គារិទ្ធ បានឲ្យដឹងទៀតថា ដើមកញ្ឆាចំនួន ៥៥០ ដើម ដែលជនខិលខូចលួចដាំជាទ្រង់ទ្រាយតូចនៅក្នុងព្រៃត្រូវបាននគរបាលស្រុកភ្នំក្រវាញសហការជាមួយកងរាជអាវុធហត្ថចុះទៅកម្ទេចចោលកាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ នៅក្នុងភូមិក្សេតបុរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកបន្តថា ការចុះបង្ក្រាបកម្ទេចចោលដើមកញ្ឆាទាំងនេះធ្វើឡើងក្រោយពីទទួលព័ត៌មានថា នៅទីតាំងខាងលើ មានជនខិលខូច លួចដាំដើមកញ្ឆាខុសច្បាប់ ដោយលោកបានដឹកនាំកម្លាំងសហការសរុបចំនួន ១៤ នាក់ ចុះទៅដកនិងប្រមូលដុតកម្ទេចចោល ដើមកញ្ឆានៅនឹងកន្លែងតែម្ដង។
លោកថ្លែងថា៖ «ការដាំដុះដើមកញ្ឆានេះមានរយៈពេលប៉ុន្មានថ្ងៃ ប៉ុន្មានខែ យើងមិនអាចស្មានបានទេ ប៉ុន្តែតាមការពិនិត្យជាក់ស្តែងកញ្ឆាមានកម្ពស់ស្មើក្បាល និងលិចក្បាលយើងទៅហើយមានទាំងផ្កាមួយៗទៀតផង» ។
លោកអធិការរូបនេះបានបញ្ជាក់ថា ទីតាំងដាំដើមកញ្ឆានោះស្ថិតលើដីបណ្ដោយ ១៤ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ដោយដាំដើមកញ្ឆាបានចំនួន១១ជួរ ដែលក្នុងមួយជួរមាន ៥០ ដើម ហើយបើសរុបទាំងអស់មានចំនួន ៥៥០ ដើម។
លោក តាន់ គារិទ្ធ បានប្រាប់ថា នេះជាករណីលើកដំបូងក្នុងឆ្នាំ ២០២២ ដែលសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានចុះទៅបង្ក្រាបទីតាំងដើមកញ្ឆាជាង ៥០០ ដើម។ លោកថា កាលពីអំឡុងចុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញធ្លាប់បានចុះទៅបង្ក្រាបទីតាំងដាំដើមកញ្ឆាទ្រង់ទ្រាយធំ ១ កន្លែង នៅឃុំរកាត ដោយបានដកដើមកញ្ឆាកម្ពស់ត្រឹមជង្គង់មកកម្ទេចចោលបានចំនួនជាង ៤ ០០០ ដើម និងបានផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឲ្យចូលរួមសហការរាយការណ៍ផងដែរ។
លោកថ្លែងថា៖ «យើងក៏បានធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋយើងឲ្យមានការចូលរួមសហការក្នុងការផ្តល់ព័ត៌មានពីការដើរប៉ះចម្ការប្រភេទកញ្ឆាហ្នឹង ហើយយើងបានផ្សព្វផ្សាយឲ្យពលរដ្ឋយើង បើសិនមានមុខសញ្ញាខិលខូចមកជួលដីដាំដំណាំប្រភេទនេះ គឺមិនអនុញ្ញាតឲ្យសហការជួលទេសុំឲ្យផ្តល់ព័ត៌មានមកសមត្ថកិច្ចដើម្បីតាមចាប់ខ្លួនយកទៅផ្តន្ទាទោស» ៕