The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​បញ្ឈប់ការ​ចូលទៅ​បើកបរ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មុនពេល​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ

មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​បញ្ឈប់ការ​ចូលទៅ​បើកបរ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មុនពេល​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ

Content image - Phnom Penh Post
កំណាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ វ៉ន ដារ៉ា

មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​បញ្ឈប់ការ​ចូលទៅ​បើកបរ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មុនពេល​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ

​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​សហការ​បញ្ឈប់​ចូលទៅ​បើកបរ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មុនពេល​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ពីព្រោះ​ការ​រដ្ឋា​ន​ស្ថាបនា​ផ្លូវ​នេះ​ កំពុង​ធ្វើ​នៅឡើយ​ដែល​អាចមាន​លទ្ធភាព​មាន​គ្រោះ​ថ្នាក់ខ្ពស់​។

លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យក្រសួង​សាធារណការ និង​ដឹកជញ្ជូនថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ កាលពី​ថ្ងៃទី ​៣១ ខែឧសភា​នេះ​ថា បច្ចុប្បន្ន​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ សម្រេចបាន ៩២ ភាគរយ​ហើយ​។ ក្រុមការងារ​ស្ថាបនា កំពុង​ខិតខំ​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​ការស្ថាបនា​ផ្លូវ​នេះ​បាន​រួចរាល់​មុនពេល​វេលា​កំណត់ ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​សាកល្បង​បាន​ក្នុងឆ្នាំនេះ​។​

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ទាំងអស់​គ្នា ផ្លូវ​នេះ​គង់តែ​បាន​ប្រើ​ទេ​។ ហើយ​យើង​ក៏​គ្រោង​ស្នើសុំ​គោលការណ៍​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រជាពលរដ្ឋ​យើង​អាច​ប្រើប្រាស់​ផ្លូវ​នេះ សាកល្បង​ដោយ​ឥតគិតថ្លៃ​ដើម្បីឱ្យ​ពលរដ្ឋ​យើង​បាន​យល់​ពី​ផ្លូវ​ល្បឿន​លឿន​មុនពេល​ឈានទៅ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍​។ គម្រោង​ឱ្យប្រើ​ប្រាស់​ផ្លូវ​នេះ​សាកល្បង គឺ​ក្រោយពេល​បញ្ចប់​ការដ្ឋាន​សាងសង់​ទាំងស្រុង​ឆ្នាំនេះ អាច​នៅ​ត្រីមាស​ទី​៣ ​ឆ្នាំនេះ​»​។

លោក​បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមការងារ​ស្ថាបនា​ផ្លូវ​កំពុង​បន្ត​បំពាក់​សម្ភារ បរិក្ខា​ផ្សេងៗ ពិសេស​ត្រួត​ពិនិត្យមើល​ត្រង់ចំណុច​ស្ពាន និង​ចំណុច​ផ្លូវ​ប្រសព្វ ផ្លូវបំបែក​ជាដើម ដែលជា​ចំណុច​លំបាក​ជាងគេ​ចំពោះ​ការធ្វើ​ការដ្ឋាន​ផ្លូវថ្នល់​។

លោក​បញ្ជាក់ថា​៖ «​ជារួម​ឥឡូវនេះ​យើង​មិនទាន់​អនុញ្ញាតឱ្យ​មានការ​ធ្វើចរាច​រណ៍​ជា​សាធារណៈ​នៅលើ​ផ្លូវ​នេះ​នៅឡើយ​ទេ ទាល់តែ​មានការ​អនុញ្ញាត​ពិសេស ឬ​មាន​ករណី​ពិសេស​ចាំបាច់​ណាមួយ​ទើប​យើង​អនុញ្ញាតឱ្យ​ប្រើប្រាស់​បាន​។ ពីព្រោះ​កាលណា​ផ្លូវ​នៅ​កំពុង​ធ្វើ​ការដ្ឋាន​នៅឡើយ​បែបនេះ វា​អាចមាន​លទ្ធភាព​គ្រោះថ្នាក់​ខ្ពស់​។ កន្លែង​ខ្លះ​វា​អត់​ទាន់​មាន​របាំង កន្លែង​ខ្លះ​នៅមាន​ការ​រដ្ឋា​ន​ត្រូវ​ឆ្លងកាត់​ឆ្វេង​-​ស្ដាំ អ៊ីចឹង​ឥឡូវ​មិនទាន់​អនុញ្ញាតឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​ទេ​»​។​

លោក សុទ្ធា​យុ​ត្តិ បានឱ្យដឹងថា​កន្លងមក​មាន​ករណី​ប្រើប្រាស់​ផ្លូវ​នេះ​ខ្លះៗ គឺជា​ករណី​ចាំបាច់​ឬ​គោល​ការ​ពិសេស ដូចជា​ករណីខ្លះ​មាន​គណៈប្រតិភូ ជិះ​ឆ្លងកាត់​ទៅមក​ជាដើម​។​

​លោក​ថ្លែងថា​៖ «​យើង​មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ផ្លូវ​នេះ​ទេ បើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង អ្នកបើក​បរជា​អ្នកទទួលខុសត្រូវ​លើ​ការគ្រោះថ្នាក់​»​។

លោក​បញ្ជាក់ថា ​បច្ចុប្បន្ន​ក្រសួង​មិនទាន់​អនុញ្ញាតឱ្យ​ប្រើប្រាស់​ផ្លូវ​នេះ ដូច្នេះ​នៅតាម​ផ្លូវ​គឺមាន​របាំង ឬ​ប៉ា​រ៉ា​ស់បិទ​ផ្លូវ​។ ប៉ុន្ដែមាន​ករណីខ្លះ​ដោយសារ​ផ្លូវ​មិនទាន់​ធ្វើ​របង​បិទ​នៅតាម​សងខាង​ផ្លូវ​ចប់សព្វគ្រប់​ទើប​ពលរដ្ឋ​ខ្លះ​ចេះតែ​បំពាន​ឡើងមក​បើកបរ​លើផ្លូវ​នេះ គឺ​អាចមាន​ករណីបែបនេះ​កើតឡើង​។ ប៉ុន្តែ​ករណី​ពលរដ្ឋ​នៅតែ​ទទូច​ចូលទៅ​បើ​បបរ​លើផ្លូវ​នេះ បើ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ពលរដ្ឋ​ជា​អ្នកទទួលខុសត្រូវ​ខ្លួនឯង​ទាំង​បញ្ហា​បុគ្គល បញ្ហា​ទ្រព្យសម្បត្ដិ​សាធារណៈ​។​

បុរស​ជាម​ន្ដ្រី​យាម​ប៉ា​រ៉ា​ស់បិទ​ផ្លូវ នៅលើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​មួយ​នាក់ បាន​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះថា ទោះ​ផ្លូវ​នេះ​មាន​បា​រ៉ា​ស់បិទ​ផ្លូវ​ជាច្រើន​កន្លែង (៧-៨) កន្លែង ក៏​នៅតែមាន​ពលរដ្ឋ​មួយចំនួន​មក​ស្នើសុំ​ប្រើប្រាស់​ផ្លូវ​បានជា​បន្តបន្ទាប់​។ លោក​ថា​៖ «​មកពី​ចេះតែមាន​អ្នក​មកសុំ​បើកបរ​លើផ្លូវ​នេះ ទើប​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​រាល់ថ្ងៃ​លើផ្លូវ​នេះ​»​។

​ពលរដ្ឋ​ម្នាក់ឈ្មោះ​លោក រ៉េ​ន រុណ បានឱ្យដឹងថា ពេល​ថ្មីៗ​នេះ​ក្រោយ​ឮ​ព័ត៌មាន​ថា ​ផ្លូវ​ល្បឿន​លឿនមានការ​អនុញ្ញាត​ឱ្យប្រើ​ប្រាស់ និង​ឃើញ​ពលរដ្ឋ​មួយចំនួន​បង្ហោះ​រូបថត​នៅលើ​បណ្ដាញ​សង្គម ក្រោយពេល​ចូលទៅ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ដំបូង​នៅ​កម្ពុជា​នេះ ពេល​ត្រឡប់​មកពី​ខេត្ដ​ព្រះសីហនុ លោក​ក៏​សាកល្បង​ចូលទៅ​ស្នើសុំ​មន្ដ្រី​យាម​ប៉ា​រ៉ា​ស់​ចូលទៅ​បើកបរ​លើផ្លូវ​នេះ​ដោយ​ឆ្លងកាត់​ប៉ា​រ៉ា​ស់​ជាច្រើន​កន្លែង​។​

លោក​ប្រាប់ថា​៖ «​ពេល​ចូលទៅ​បើកបរ​លើផ្លូវ​នេះ​ដំបូង​អ្នកយាម​ប៉ា​រ៉ា​ស់​ហាមឃាត់​មិនឱ្យ​ចូលទៅ​ទេ ប៉ុន្ដែ​ពួ​ខ្ញុំ​បន្ត​សុំ និង​បង់ប្រាក់​ខ្លះ​ទើបបាន​ចូលទៅ​បើកបរ​លើផ្លូវ​នេះ​។ អ្នកយាម​ប៉ា​រ៉ា​ស់​ក៏​ប្រាប់​ដែរ​ថា ពេល​ក្រោយ​កុំ​ឱ្យមក​តាមផ្លូវ​នេះ​ទៀត​បើ​គ្មាន​ការអនុញ្ញាត​ពី​ថ្នាក់លើ​»​។​

លោក រុណ បានឱ្យដឹងថា ពេល​កុំ​ពុង​បើកបរ​លើផ្លូវ​ល្បឿន​លឿន​នេះ លោក​ក៏​ឃើញ​មាន​យានយន្ត​ទំនើបៗ​មួយចំនួន​បើកបរ​លើផ្លូវ​នេះដែរ​។ ប៉ុន្ដែ​ការបើកបរ​លើផ្លូវ​នេះ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ដោយសារ​ផ្លូវ​ថ្មី និង​មាន​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កំពុងធ្វើការ​ងារ​នៅលើ​ផ្លូវ​នេះ​ជា​ហូរហែ​។​

បើតាម​ក្រសួង​សាធារណការ «​ការសាងសង់​បណ្តាញ​ផ្លូវ​ល្បឿន​លឿន ជា​កត្តា​ដ៏​ធំជាងគេ​សម្រាប់​ពង្រឹងសមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា​ព្រោះ ផ្លូវ​ល្បឿន​លឿន អាច​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ល្អ​ជាង​ផ្លូវ​ធម្មតា និង​ត្រូវបាន​គេ​ចាត់ទុកជា​មូលដ្ឋាន​សម្រាប់​វិស័យ​ឧស្សាហកម្ម​ទំនើបៗ និង​សកម្មភាព​ដឹកជញ្ជូន​ធន់​ធ្ងន់​ផងដែរ​។​

ក្រសួង​ឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន គឺជា​ផ្លូវ​សម្រាប់​យានយន្ត​ធ្វើ​ចរាចរណ៍ មាន​បរិក្ខារ​បែងចែក​ទ្រូងផ្លូវ​ជា​ពីរ​ចំណែក​ខុស​ទិស​គ្នា​ឬ​ចែកជា​គន្លង​ផ្លូវ គ្មាន​កន្លែង​ផ្លូវ​ប្រសព្វ​លើ​ផ្ទៃរាប​មួយ ឬ​ត្រូវមាន​ផ្លូវ​ប្រសព្វ​តិច​បំផុត​ក្នុងករណី​ចាំបាច់ និង​បំពាក់​គ្រប់គ្រាន់​នូវ​បរិក្ខារ​ផ្លូវថ្នល់ ដើម្បី​ធានា​លំហូរ​ចរាចរណ៍ សុវត្ថិភាព និង​ដើម្បី​បន្ថយ​ពេលវេលា​ធ្វើដំណើរ និង​មាន​កន្លែង​កំណត់​សម្រាប់​ឱ្យ​យានយន្ត​ចេញ​និង​ចូល​ផ្លូវ​ល្បឿន​លឿន​។​

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង ដែលមាន​ប្រវែង​សរុប​ប្រហែល ១៩០,៦៣៣ គីឡូម៉ែត្រ​។ ផ្លូវ​នេះ​ត្រូវ​សាងសង់​ជា ៤ គន្លង តួ​ផ្លូវ​មាន​ទទឹង ២៤ ម៉ែត្រ ក្រាល AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល ចេញពី​ភ្នំពេញ​នៅ​ចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​៣ មាន​ផ្លូវបំបែក​ប្តូរ​ទិស (Inter-Change) ភ្ជាប់​មក​ផ្លូវជាតិ​លេខ​ ៤ ចំនួន ៧ កន្លែង មាន​ស្ពាន​វែង​-​មធ្យម ៥៦ កន្លែង ប្រវែង ៤.៤១៧ ម៉ែត្រ ស្ពាន​ខ្លី ៣៣ កន្លែង ប្រវែង ៧៥០ ម៉ែត្រ ស្ពាន​រំលង ៣២១ កន្លែង កន្លែង​ឈប់សម្រាក ៣ កន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។ ការវិនិយោគ​លើ គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ត្រូវ​អនុវត្តតាម​ទម្រង់​សាងសង់​-​ប្រតិបត្តិ​-​ផ្ទេរ (BOT) ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤៨ ខែ​។​

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សម្បទាន​កាលពី​ថ្ងៃទី​ ១១ ខែ មករា ឆ្នាំ​ ២០១៨ ក្រោម​អធិបតីភាព លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងលោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​។ បច្ចុប្បន្ន​គម្រោង​នេះ ឈានដល់​ដំណាក់កាល​បង្កើត គណៈកម្មការ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ដែលមាន​សមាសភាព​ចូលរួម​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕

អត្ថបទគួរចាប់អារម្មណ៍