
ពលរដ្ឋនិងព្រះសង្ឃដែលពុលអាហារពេលកំពុងសម្រាកនៅមន្ទីរពេទ្យពីថ្ងៃទី៣១ ឧសភា ។ រូបថត FN
បាត់ដំបងៈប្រជាពលរដ្ឋនិងព្រះសង្ឃចំនួន ៥២ នាក់/អង្គ ដែលពុលអាហារកាលពីថ្ងៃទី ៣០ ឧសភា នៅវត្តសំរោងលើ ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចេញពីមន្ទីរពេញត្រឡប់មកផ្ទះវិញបណ្តើរហើយមកទល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២២។
លោក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានឱ្យដឹងនៅថ្ងៃទី ៣១ ឧសភាថា ប្រជាពលរដ្ឋដែលពុលអាហារបាញ់ហយបានចេញពីមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្រុកគាស់ក្រឡត្រឡប់មកផ្ទះវិញជាបណ្តើរៗហើយ ប៉ុន្តែលោកមិនទាន់ដឹងពីចំនួនអ្នកចេញពីពេទ្យទាំងនោះថាមានប៉ុន្មាននាក់ទេ ដោយគ្រាន់តែប្រាប់ថា ក្នុងនោះមានព្រះសង្ឃ១អង្គផង ក្នុងចំណោមព្រះសង្ឃដែលបានពុលចំនួន ៥ អង្គ។
លោកបន្តថា ចំពោះអ្នកជំងឺដែលមិនទាន់ចេញពីមន្ទីរពេទ្យនោះ គឺពួកគាត់នៅមានសុខភាពខ្សោយតែសភាពពុលនេះបើតាមគ្រូពេទ្យរាយការណ៍ប្រាប់សមត្ថកិច្ច គឺមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ប៉ុន្តែគ្រាន់តែធ្វើឱ្យអ្នកជំងឺអស់កម្លាំងនិងមានអាការធេងធោងតែប៉ុណ្ណោះ។តែ២ទៅ៣ថ្ងៃខាងមុខទៀតប្រហែលជាពួកគេចេញពីមន្ទីរពេទ្យអស់ហើយ។
លោកថ្លែងថា៖ «រឿងនេះខ្ញុំបានតាមដាននិងទទួលព័ត៌មានពីគ្រូពេទ្យរហូតហើយគ្រូពេទ្យបានយកសំណាករួមមាន នំបាញ់ហយ បន្លៃទឹកត្រីទៅពិនិត្យតាំងពីថ្ងៃកើតហេតុតែខ្ញុំមិនទាន់ទទួលបានលទ្ធផលទេ»។
លោក ច្រែង ចំរើន នាយនគរបាលប៉ុស្តិ៍ឃុំ ឆ្នាលមាន់ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ៣១ ឧសភាថា នៅថ្ងៃកើតហេតុថ្ងៃទី ៣០ ឧសភា ឆ្នាំ ២០២២ ដែលជាថ្ងៃសីល មានប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗក្នុងស្រុកគាស់ក្រឡ បាននាំយកនំបាញ់ហយដែលមានបន្លែ ទឹកត្រីជ្រលក់ ជាចង្ហាន់មកប្រគេននៅវត្តសំរោងលើ ឃុំឆ្នាលមាន់ ស្រុក គាស់ក្រឡ។ពេលនោះមានទាំងព្រះសង្ឃរួមនឹងពុទ្ធបរិស័ទបាននាំគ្នាហូបនិងឆាន់់នំបាញ់ហយនោះ ហើយមួយសម្ទុះក្រោយមកក៏មានអាការក្អួតចង្អោរ ឈឺក្បាល ហើយពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចរបស់លោកដើម្បីសុំជួយធ្វើអន្តរាគមន៍។
លោកបន្តថា ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍របស់លោករួមនឹងកម្លាំងនគរបាលស្រុកគាស់ក្រឡ បានចុះទៅដឹកអ្នកជំងឺទៅកាន់មណ្ឌលសុខភាពឃុំប៉ុស្តិ៍ឆ្នាលមាន់ រីឯអ្នកជំងឺខ្លះត្រូវបានក្រុមគ្រួសាររបស់ពួកគាត់ដឹកទៅព្យាបាលនៅតាមគ្លីនិកឯកជន។ ចំពោះអ្នកពុលទាំងអស់ដែលបូកទាំងព្រះសង្ឃ៥អង្គផងមាន ៥២ នាក់/អង្គ៕