
រូបភាពយុទ្ធនាការស្វែងរកការបរិច្ចាគថវិកានៃមន្ទីរពេទ្យគន្ធបុប្ផាជួយដល់កុមារ។ រូបថត មូលនិធិគន្ធបុប្ផា
ភ្នំពេញៈ មូលនិធិគន្ធបុប្ផាចាប់ផ្តើមបើកយុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» ក្នុងថ្ងៃទិវាកុមាអន្តរជាតិ ១ មិថុនា ដើម្បីបំផុសស្មារតីខ្មែរជួយខ្មែរចូលរួមបរិច្ចាកថវិកាជួយដល់កិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត។ តាមរយៈយុទ្ធនាការនេះ មន្ទីរពេទ្យគន្ធបុប្ផាធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមដោយសហការជាមួយធានាគារ និងស្ថានប័នផ្សេងៗជាដៃគូរ។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាលេខាធិការរដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាថ្លែងនៅថ្ងៃទី ៣១ ខែឧសភាថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងបំផុសឲ្យមានអ្នកចូលរួមបរិច្ចាគថវិកាឲ្យបាន ១ ម៉ឺននាក់ ក្នុងម្នាក់ ១ ម៉ឺនរៀល ហើយយុទ្ធនាការនេះមានរយៈពេល ១ ខែ ដោយធ្វើឡើងជាពិសេសក្នុងថ្ងៃទិវាកុមារអន្តរជាតិតែម្តង។
លោកថ្លែងថា៖ «យុទ្ធនាការនេះមិនមែនមានរយៈពេលតែមួយថ្ងៃទេ ប៉ុន្តែយើងចាប់ផ្តើមបើកយុទ្ធនាការណ៍ហ្នឹងនៅថ្ងៃទី ១ មិថុនា ដើម្បីអបអរសាទរ [ទិវាកុមារអន្តរជាតិ] បើករយៈពេលពេញតែម្តងគឺ ១ ខែ តែផុសផុលខ្លាំងទៅលើថ្ងៃទី ១ ខែមិថុនាហ្នឹងឯង»។
តាមហ្វេសប៊ុករបស់មូលនិធិគន្ធបុប្ផាកម្ពុជាបានឲ្យដឹថា តាមរយៈយុទ្ធនាការ “១ ម៉ឺនរៀល ១ ម៉ឺននាក់”នេះ អ្នកបរិច្ចាកអាចចូលរួមថវិកាតាមរយៈតំណភ្ជាប់នេះ https://bit.ly/3jEtL8I។ ហ្វេសប៊ុកមូលនិធិនេះសរសេរថា៖ «មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលតែងតែបានចូលរួមបរិច្ចាគជួយកុមារកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ ”។ ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។
លោកប្រធានលេខាធិការរដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានឲ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបានបង្កើតឡើងវិញនៅឆ្នាំ ១៩៩២ និងបច្ចុប្បន្ន មាន វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងបុគ្គលិកជាជនជាតិខ្មែរ ប្រកបដោយវិជ្ជាជីវៈជាង ២ ៥០០ នាក់។ ជាមធ្យមប្រើប្រាស់ថវិកាប្រមាណ ៤០ លានដុល្លារអាមេរិកក្នុង ១ ឆ្នាំៗ។ មួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា បានជួយកុមារជាង ២ ពាន់នាក់។ តាំងពីបង្កើតឡើងវិញមកដល់បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្គ្រោះអាយុជីវិតកុមារសរុបជាង ១៧លានករណីហើយ។
លោកបន្តថា មន្ទីរពេទ្យគន្ធបុប្ផា ចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារ និងស្ត្រីមានផ្ទៃពោះមកពីគ្រប់មជ្ឈដ្ឋាន ដោយមិនគិតថ្លៃ។ និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបម្រើដល់គោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គម និងចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកដោយពង្រឹង និងពង្រីកប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពសេវាសុខាភិបាល។
លោក ស៊ុន ឆេកូ ពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញថ្លែងនៅថ្ងៃទី ៣១ ខែឧភាថា លោកនឹងចូលរួមបរិច្ចាកថវិកាក្នុងយុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» នេះ ដើម្បីរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសគឺជួយដល់កុមារកម្ពុជាដែលរងទុក្ខលំបាក ដោយជីវភាពខ្វះខាត ហើយមកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះ។ លោកថា ១ ម៉ឺន បើទិញកាហ្វេបានតែ ១ កែវទេ ១០ នាទី គឺទទួលទានអស់ហើយ តែបើចូលរួមមូលនិធិនេះអាចជួយជិវិតកុមារកម្ពុជាបាន។
លោកបញ្ជាក់ថា «សម្រាប់ខ្ញុំ គឺនឹងចូលរួម នេះជាមូលនិធិសប្បុរសធម៌ យើងគួរចូលរួមព្រោះមិនច្រើនទេ ហើយគួរលើកទឹកចិត្តអ្នកផ្សេងផងដែរ ទោះបីខ្ញុំមិនឃើញពីទិន្នន័យពិតផ្សព្វផ្សាយ ក៏ពិតមែន តែខ្ញុំក៏ធ្លាប់មានកូនក្មួយបានទទួលការព្យាលបាលពីមន្ទីរពេទ្យមួយនេះដែរ»។
លោក សុង កុសល ប្រធានអង្គការស្ម័គ្រចិត្តដើម្បីមនុស្សធម៌ ថ្លែងនៅថ្ងៃទី ៣១ ខែឧសភាថា លោកគាំទ្រចំពោះយុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» ដែលរៀបចំឡើងដោយមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកថា យុវជនគួរភ្ញាក់ស្មារតីចូលរួមកិច្ចការសង្គម មានដូចជាការងារមនុស្សធម៌នេះជាដើម គឺមានប្រយោជន៍ជាង ការប្រើពេលវេលាដ៏មានតម្លៃបោះចោលដោយឥតប្រយោជន៍ ទៅលើការដើរលេង លេងល្បែងភ្នាល់ លេងហ្គេម ឬមើលហ្វេសប៊ុកច្រើនពេក។
លោកថ្លែងថា៖ «ខ្ញុំអំពាវនាវជាពិសេសយុវជនផ្នែកខាង TikTok ជួយផ្សព្វផ្សាយ ឬក៏យកកម្មវិធីហ្នឹងផ្សព្វផ្សាយកម្មវិធីមនុស្សធម៌នេះក៏ជារឿងល្អបំផុតដែរ ព្រោះអី TikTok ហ្នឹងយុវវ័យយើងផ្តោតលើអាហ្នឹងច្រើន អ៊ីចឹងយុវវ័យគួរបញ្ជូលសកម្មភាពមនុស្សធម៌ចូលតាមហ្នឹងខ្លះ»៕