
សមត្ថកិច្ចសាកសួរបុរសសង្ស័យ ដែលចាប់រំលោភសេពសន្ថវៈកូនស្រីខ្លួនឯងវ័យ ១២ ឆ្នាំ។ រូបថត នគរបាល
មណ្ឌលគិរីៈអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ៣១ ឧសភា កំពុងបន្ត សាកសួរបុរសម្នាក់ ពាក់ព័ន្ធចាប់កូនស្រីបង្កើតរបស់ខ្លួន តាំងពីអាយុ ១២ ឆ្នាំ រំលោភសេពសន្ថវៈ បន្ទាប់ពីសមត្ថកិច្ចស្រុកកែវសីមា បានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ២៨ ឧសភា។
ជននេះបានចាប់រំលោភសេពសន្ថវៈកូនស្រីខ្លួនឯងនៅខេត្ត រតនគិរី ក្នុងអំឡុងឆ្នាំ ២០១៩-២០២០ ប៉ុន្តែជនសង្ស័យបានធ្វើចំណាកស្រុកមករស់នៅ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោក ស៊ាវ ងីឈាន់ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ឱ្យដឹងនៅថ្ងៃទី ៣១ ឧសភាថា ជនសង្ស័យឈ្មោះ រិន្ទ កុសល អាយុ ៣៨ ឆ្នាំ ត្រូវបាននគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តមណ្ឌលគិរី ចាប់បញ្ជូនដល់តុលាការ នៅថ្ងៃទី ៣១ ឧសភា និងកំពុងត្រូវបានតំណាងអយ្យការសាកសួរ។
លោកប្រាប់ថា៖ «ដូច្នេះចំពោះលទ្ធផលនៃការចោទប្រកាន់យ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ»។
លោក ផេង សាវួន នាយនគរបាលប៉ុស្តិ៍ឃុំស្រែខ្ទុមប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ឧសភាថា ជនសង្ស័យឈ្មោះ រិន្ទ កុសល រស់នៅខេត្ត រតនគិរី ហើយបច្ចុប្បន្នជនសង្ស័យ បានចំណាកស្រុកនាំប្រពន្ធកូនមករស់នៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមពិតទៅជនសង្ស័យ បានលែងប្រពន្ធមុន ហើយមកយកស្ត្រីម្នាក់ទៀតជាស្ត្រីមេម៉ាយ ដែលមានកូនជាមួយប្តីមុន ៤ នាក់។
បន្ទាប់ពីបានរួមរស់ជាមួយគ្នាបានជាង ១០ ឆ្នាំមក ពួកគេក៏មានកូនជាមួយគ្នា ២ នាក់បន្ថែមទៀត គឺប្រុសមួយស្រីមួយ ហើយក្មេងរងគ្រោះ ជាកូនច្បងបច្ចុប្បន្នអាយុ ១៤ ឆ្នាំ។
លោកបន្តថា កាលពីរស់នៅឯស្រុកកំណើតនៅ ខេត្តរតនគិរី ក្នុងអំឡុងឆ្នាំ ២០១៩-២០២០ គឺជនសង្ស័យបានចាប់កូនស្រីខ្លួនរំលោភបានសម្រេចចំនួន ៣ លើក ខណៈដែលប្រពន្ធខ្លួន និងកូនៗមិននៅផ្ទះ ហើយកាលនោះក្មេងស្រីរងគ្រោះ ទើបតែមានអាយុ ១២ ឆ្នាំប៉ុណ្ណោះ។
ចំណែកឯក្មេងស្រីរងគ្រោះ បើទោះជានាងទទួលរងនូវអំពើព្រៃផ្សៃពីសំណាក់ឪពុកបង្កើតរបស់ខ្លួនក្តី ក៏មិនហ៊ានទម្លាយរឿងដ៏សោកសៅនេះ ប្រាប់ម្តាយ ឬបងប្អូនបង្កើតរបស់នាងឱ្យដឹងឡើយ។
លោកបន្តទៀតថា បន្ទាប់មកក្នុងអំឡុងឆ្នាំ ២០២១ ជនសង្ស័យ បាននាំប្រពន្ធកូន មករស់នៅស៊ីឈ្នួលចៀរជ័រ កៅស៊ូឱ្យគេនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ហើយក្មេងរងគ្រោះក៏ចូលរៀននៅសាលាបឋមសិក្សាមួយក្នុងភូមិ-ឃុំខាងលើ ដោយរៀនថ្នាក់ទី៥។
ប៉ុន្តែរយៈពេលរស់នៅស៊ីឈ្នួលចៀរជ័រកៅស៊ូឱ្យគេនេះ ជនសង្ស័យគ្រាន់តែបានស្ទាបអង្អែលប្រដាប់ភេទកូន (ក្មេងរងគ្រោះ) តែប៉ុណ្ណោះ ដោយមិនបានរួមភេទជាមួយនាងទេ ព្រោះឱកាសមិនបានអំណោយផលដល់ជនសង្ស័យ។
បើតាមលោក សាវួន នៅថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២២ ក្មេងស្រីរងគ្រោះ បានសរសេរនៅលើក្រដាសដោយរៀបរាប់ពីការរស់នៅយ៉ាងវេទនាផ្លូវចិត្តរបស់នាង ហើយថា នាងបានប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនពី ២ ទៅ ៣ ដងមកហើយ ដោយយកឡាមអាដៃប៉ុន្តែមិនបានសម្រេច។
ពេលខ្លះម្តាយនាងឃើញមានហូរឈាមប្រឡាក់ដៃនាង ហើយសួរនាង ប៉ុន្តែក្មេងរងគ្រោះមិនប្រាប់ម្តាយត្រង់ទេ សូម្បីតែបងប្អូនបង្កើតរបស់នាង ក៏មិនប្រាប់ផង ដោយសុខចិត្តលាក់ទុកនៅក្នុងចិត្ត។
លោកបញ្ជាក់ថា នៅថ្ងៃទី ២៨ ឧសភា ដដែលនេះ ក្មេងរងគ្រោះ បានទៅសាលារៀនហើយបានយកសំបុត្រដែលខ្លួនសរសេរនោះ បោះចោលទៅក្នុងធុងសំរាមក្នុងសាលារៀន។
ពេលនោះមិត្តភក្តិរបស់នាង បានរើសសំបុត្រនោះយកមកអាន ហើយក៏ដឹងពីសាច់រឿងរបស់នាង។ នៅពេលនោះ មិត្តរួមថ្នាក់របស់នាង បានណែនាំឱ្យទៅប្រាប់គ្រូ ហើយគ្រូក៏នាំនាងមករាយការណ៍ប្រាប់សមត្ថកិច្ចរបស់លោកតែម្តង។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានមក លោកបានរាយការណ៍ទៅលោកអធិការស្រុកកែវសីមា ដើម្បីសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យ។
លោកបញ្ជាក់ទៀតថា៖ «ខ្ញុំអញ្ជើញជនសង្ស័យ មកសាកសួរ តែគាត់មិនប្រាប់ត្រង់ទេ លុះសមត្ថកិច្ចខ្ញុំឃុំគាត់ ១ យប់ ស្អែកឡើងថ្ងៃទី ២៩ ឧសភា ទើបគាត់សារភាពថា គាត់បានចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់មែន»៕