The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ខេត្ត​កំពង់ធំ ​គ្រោង​ចុះ​អនុវត្ត​វិធានការ​តាម​សហគមន៍​នេសាទ ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ឃុំ-​សង្កាត់​ ដើម្បី​ប្រមូល​ឧបករណ៍​នេសាទ​ខុស​ច្បាប់

អាជ្ញាធរ​ខេត្ត​កំពង់ធំ ​គ្រោង​ចុះ​អនុវត្ត​វិធានការ​តាម​សហគមន៍​នេសាទ ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ឃុំ-​សង្កាត់​ ដើម្បី​ប្រមូល​ឧបករណ៍​នេសាទ​ខុស​ច្បាប់

Content image - Phnom Penh Post
អាជ្ញាធរខេត្តកំពង់ធំចុះបង្ក្រាបនិងរឹបអូសឧបករណ៍នេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ពីថ្ងៃទី ៨ ឧសភា។ រូប​ថត មន្ទីរបរិស្ថានខេត្តកំពង់ធំ

អាជ្ញាធរ​ខេត្ត​កំពង់ធំ ​គ្រោង​ចុះ​អនុវត្ត​វិធានការ​តាម​សហគមន៍​នេសាទ ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ឃុំ-​សង្កាត់​ ដើម្បី​ប្រមូល​ឧបករណ៍​នេសាទ​ខុស​ច្បាប់

កំពង់ធំៈ រដ្ឋបាល​ខេត្ត​កំពង់ធំ ​គ្រោង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​តាម​សហគមន៍​នេសាទ​នៅ​ទូទាំង​ខេត្ត ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខ​នេះ ​ដើម្បី​ប្រមូល​ទិន្នន័យ​ឧបករណ៍​នេសាទ ​ដែល​កំពុង​ត្រូវបាន​ប្រើ​ប្រាស់​និង​រក្សា​ទុក​នៅ​តាម​គ្រួសារ​នីមួយៗ​ឱ្យបាន​ច្បាស់​លាស់ ​ដើម្បី​កំណត់​ឱ្យបាន​នូវ​សហគមន៍​នេសាទ​មួយ​គ្មាន​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ នេះ​បើ​តាម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល។

លោក​ ជិន ស៊ីថា ​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ​យោងតាម​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ «ការដក​ហូត​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​គ្រប់​ប្រភេទ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ» ​ចុះ​ថ្ងៃទី ១២ ​ខែ ឧសភា ​ឆ្នាំ​ ២០២២ ​រដ្ឋបាល​ខេត្តបាន​តម្រូវឱ្យ​ប្រជានេសាទ​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ នាំយក​ឧបរណ៍​ខុស​ច្បាប់​ទាំងអស់​ ដែល​ពួកគេ​កំពុង​ប្រើប្រាស់​ក្នុង​ការប្រព្រឹត្ត​បទល្មើស​នេសាទ ​និង​កំពុង​រក្សាទុក​ដោយ​ខុស​ច្បាប់ ​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច។

លោក​បញ្ជាក់​តាម​សេចក្តី​ជូនដំណឹង​ថា ​ឧបករណ៍​ខុសច្បាប់​ទាំងនោះ ​រួម​មាន​អួន​អូស​ទឹក​សាប ​ឧបករណ៍​ឆក់ត្រី​ ម៉ាញ់ ​ឈិបយន្ត ​កន្ត្រក​អូស​លៀស​ដោយ​ម៉ាស៊ីន ​និង​ឧបករណ៍​នេសាទ​ដែល​បង្កើត​ថ្មី ​ឬ​ឧបករណ៍​នេសាទ ​ដែល​គ្មាន​កំណត់​ក្នុង​ប្រកាស​របស់​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ព្រម​ទាំង​ឧបករណ៍​ល្មើស​ច្បាប់​ដទៃ​ទៀត។ ឧបករណ៍​ទាំងនេះ ​ត្រូវ​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់​នៃ​ឱសាទវាទ ​ជាកំហិត​ (៣១-០៥-២០២២)។

លោក​ថ្លែងថា​៖ «ក្នុង​សេចក្ដី​ជូនដំណឹង​នោះ​រដ្ឋបាល​ខេត្តបាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា ​ក្នុង​ករណី​មិនអនុវត្ត​តាម​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជាធរមាន។ ឥឡូវ​នេះ​ថ្ងៃ​ផុត​កំណត់​ឱសាន​វាទ​បានចូល​មកដល់​ហើយ ​ប៉ុន្តែ​យើង​ពុំឃើញ​មាន​ប្រជា​នេសាទ​ណា​ម្នាក់​នាំយក​នូវ​ប្រភេទ​ឧបករណ៍​ល្មើស​ច្បាប់​ណា​មួយ​មក​ប្រគល់​ជូន​សមត្ថកិច្ច​យើង​នោះ​ទេ»។

លោក​ ស៊ីថា ​បន្ត​អំពាវនាវ​ដល់​ប្រជានេសាទ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់​ធំ ​ត្រូវ​ពិនិត្យ​មើល​ជាថ្មី​ ចំពោះ​ឧបករណ៍​នេ​សាទ​របស់​ខ្លួន​ថា ​តើ​ក្នុង​ចំណោម​ឧបករណ៍​នេសាទ​ទាំងនោះ ​មាន​ឧបករណ៍​ណាមួយ ​ដែល​ត្រូវបាន​ចាត់​ទុកជា​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ដែរ​ឬ​ទេ។ ក្នុង​ករណី​ពិនិត្យ​ឃើញ​មាន​ឧបករណ៍​នេ​សាទ​ល្មើស​ច្បាប់​ប្រភេទ​ណា​មួយ​នោះ ​ត្រូវ​ប្រញាប់​នាំ​យកមក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជំនាញ ​ដើម្បី​រួចផុត​ពី​ការផាក​ពិន័យ​ផ្សេងៗ​ ព្រោះ​បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ខាងមុខ​នេះ​រួច ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​កំពងធំ ​នឹង​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តាម​សហគមន៍​មូលដ្ឋាន​នីមួយៗ ​ដើម្បី​ប្រមូល​ទិន្នន័យ​អំពី​ឧបករណ៍​នេសាទ។

លោក​បញ្ជាក់ថា​៖ «ក្នុង​ករណី​រកឃើញ​គ្រួសារ​ណាមួយ ​បន្ត​រក្សាទុក ​ឬ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ប្រភេទ​ណាមួយ​នោះ ​កម្លាំង​សមត្ថកិច្ច​យើង​នឹង​ចាប់​រឹបអូស ​ហើយ​ផាក​ពិន័យ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​ស្ដីពី​ជល​ផល ​ឬ​ត្រូវ​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដោយ​គ្មាន​ការលើក​លែង​នោះ​ឡើយ»។

លោក​បន្ថែមថា​៖ «សមត្ថកិច្ច​យើង​មិនចង់​បង្ក​ការលំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ប្រកប​មុខរបរ​នេសាទ​នោះ​ទេ ​ប៉ុន្តែ​យើង​គ្មាន​ជម្រើស ​ក្រៅពី​ការអនុវត្ត​នីតិវិធី​ទៅតាម​ផ្លូវ​ច្បាប់​នោះ​ឡើយ»។

បើ​តាម​លោក ​ជិន ស៊ីថា ​ឃុំ​ផាត់​សណ្ដាយ ​នៃ​ស្រុក​កំពង់ស្វាយ ​និង​ឃុំ​ពាមបាង ​នៃ​ស្រុក​ស្ទោង ​គឺជា​គោលដៅ​ដំបូង ​ដែល​ក្រុម​អនុគណៈ​កម្មការ​ស្រាវជ្រាវ ​បង្ការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ជលផល​ខេត្ត​កំពង់ធំ ​គ្រោង​ចុះ​ធ្វើ​រដ្ឋបាល​ប្រមូល​ទិន្នន័យ​ឧបករណ៍​នេសាទ។ ប្រជាពលរដ្ឋ​នៅ​ភូមិសាស្ត្រ​នៃ​ឃុំ​ទាំង ២ ​នេះ ​ភាគច្រើន​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ​និង​ប្រកប​មុខរបរ​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ ជាញឹក​ញាប់​បទល្មើស​នេសាទ ​ក៏​ត្រូវបាន​គេ​រក​ឃើញ​មាន​ក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ​ទាំង២​នេះ​ផង​ដែរ។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បានអះអាង​ថា ​អ្នកប្រព្រឹត្ត​បទល្មើស​ភាគ​ច្រើន ​គឺជា​អ្នក​នេសាទ​ចល័ត​ដែល​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ។

លោក​ ហេង មនោ ​មេ​ឃុំផាត់​សណ្ដាយប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ឃុំ​ផាត់​សណ្ដាយ​ មាន​ចំនួន ​១ ២៥៨ គ្រួសារ ​ហើយ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ជាអ្នក​រស់​នៅ​លើ​ផ្ទះ​បណ្ដែតទឹក​ក្នុង​រដូវវស្សា ​និង​ជាអ្នក​ប្រកប​មុខរបរ​នេសាទ ​ដើម្បី​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ។ ដោយសារ​ពួកគាត់​ភាគច្រើន​គ្មាន​ដី​ស្រែ​ធ្វើ​កសិកម្ម​ដាំ​ដុះ​ក្នុង​រដូវ​ប្រាំង​ និង​គ្មាន​មុខរបរ​អ្វី​ផ្សេង​ក្រៅពី​មុខរបរ​នេសាទ ​ប្រជាពលរដ្ឋ​ទាំងនោះ​ភាគច្រើន​ពុំ​មាន​ជីវភាព​ធូរធារ​នោះ​ទេ​ ប៉ុន្តែ​ពួកគាត់​ក៏មិន​ប្រព្រឹត្ត​បទល្មើស​នេសាទ​នោះ​ដែរ។

លោក​ថ្លែងថា​៖ «ពិត​ណាស់ ​កន្លងមក​បទល្មើស​នេសាទ ​បានកើត​ឡើង​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្ដាយ​របស់​យើង​ខ្ញុំ។ ប៉ុន្តែ​ជន​ប្រព្រឹត្ត​បទល្មើស​ដែល​សមត្ថកិច្ច​ជំនាញ​ចាប់​បាន ​គឺជា​អ្នក​នេសាទ​ចល័ត ​ដែល​មកពី​ខេត្ត​ពោធិ៍​សាត់ ​កណ្ដាល ​ព្រៃវែង ​និង​ខេត្ត​កំពង់ឆ្នាំ»។

លោក​មេឃុំ​បន្តថា​៖ «រីឯ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ ដូចជា ​អួន​អូស​ទឹកសាប​ ម៉ាញ់ ​ឈិបយន្ត ​កន្ត្រក​អូស​លៀស​ដោយ​ម៉ាស៊ីន ​យ៉ាំងកាវ​នោះ ​គឺ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​យើង​ខ្ញុំ​គ្មាន​នោះ​ទេ ​ប៉ុន្តែ​មាន​ឧបករណ៍​ឆក់​ត្រី។ ព្រោះ​កន្លង​មក​សមត្ថកិច្ច​យើង​ធ្លាប់​ចាប់​រឹបអូស​បាន​ ២-៣ គ្រឿង​ដែរ ​ប៉ុន្តែ​បច្ចុប្បន្ន ​ខ្ញុំ​ជឿជាក់​ថា ​គ្មាន​នោះ​ទេ»។

ទន្ទឹម​នឹង​នេះ​លោក​និយាយថា ​អាជ្ញាធរ​ខេត្ត​កំពុង​សហការ​ជាមួយ​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ រួមនឹង​វិស័យ​ឯកជន​និង​អង្គការ​ជាដៃគូ​មួយចំនួន ​ដើម្បី​រក​មធ្យោបាយ​អភិវឌ្ឍ​តំបន់​ផាត់​សណ្ដាយ ​ទៅជា​តំបន់​អេកូទេសចរណ៍ ​ដើម្បី​បង្កើត​ការងារ​និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាសហគមន៍​នេសាទ​នៅ​តំបន់​នេះ ​តាមរយៈ​ការផ្ដល់​សេវា​ទូក​ទេស​ចរណ៍​ដឹក​អ្នក​ទេសចរ​ទស្សនា​កម្សាន្ត ​និង​ស្វែងយល់​ពី​ប្រពៃណី ​ទំនៀម​ទម្លាប់​ របស់​ប្រជាជន ​នៃ​ទីប្រជុំ​ជន​ភូមិ​ផ្ទះ​បណ្ដែត​ទឹក៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍