
ជនជាប់ចោទ ដែលត្រូវបានតុលាការកំពូល សម្រេចឱ្យដោះលែង។ រូបថត នគរបាល
ភ្នំពេញៈ តុលាការកំពូលនៅថ្ងៃទី ៣១ ឧសភា បានប្រកាសសាលដីកាភ្លាមៗ ដោយបង្គាប់ឱ្យដោះលែង លោកឧកញ៉ា ប៉ែន នួន ពីពន្ធនាគារខេត្ត កំពតវិញ ពាក់ព័ន្ធបទឆបោក និងបទរំលោភលើទំនុកចិត្ត បន្ទាប់ពីត្រូវបានជំនុំជម្រះជិតមួយម៉ោងមក។
លោកចៅក្រម យូរ ឧត្តរា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងចំណោមសមាសភាពចៅក្រម ៥ រូប នៃតុលាការកំពូល និងដែលមានតំណាងមហាអយ្យការ លោក អ៊ុក គឹមសិទ្ធិ នៅថ្ងៃទី ៣១ ឧសភា បានប្រកាសសាលដីកានៅចំពោះមុខជនត្រូវចោទថា ក្រោយពីក្រុមប្រឹក្សាជំនុំជម្រះបានស្តាប់ចម្លើយរបស់ជនត្រូវចោទឈ្មោះ ប៉ែន នួន និងក្រោយពីបានស្តាប់សេចក្តីសន្និដ្ឋាន របស់តំណាងមហាអយ្យការមកក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ប្រកាសចេញសេចក្តីសម្រេចដែលក្រុមប្រឹក្សាជំនុំជម្រះបានពិភាក្សាគ្នា។
លោកថ្លែងថា៖ «ហេតុដូច្នេះ តុលាការកំពូល សម្រេចបដិសេធសាលដីការបស់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុទុកជាឥតចាត់ការ និងបង្គាប់ឱ្យដោះលែងឈ្មោះ ប៉ែន នួន ឱ្យមានសេរីភាពឡើងវិញ ចាប់ពីថ្ងៃប្រកាសសាលដីកានេះតទៅ បើមិនមានទោសផ្សេងទៀតទេ»។
តាមអង្គហេតុបង្ហាញថា កាលពីអំឡុងខែមិថុនា ខែកក្កដា និងខែ កញ្ញា ឆ្នាំ ២០២១ ជនត្រូវចោទឈ្មោះ ប៉ែន នួន បានប្រមូលទិញដី និងយកឯកសារកាន់កាប់ដី ពីប្រជាពលរដ្ឋចំនួន ២២៦ គ្រួសារ ដែលមានផ្ទៃដី ១ ១៨៣ ហិកតា នៅភូមិព្រៃពាយ និងភូមិដុំផ្តៅ ក្នុងឃុំ ត្រពាំងផ្លាំង ស្រុកឈូក ខេត្តកំពត យកទៅលក់ឱ្យក្រុមហ៊ុនបន្តទៀត។
ប៉ុន្តែក្រោយមកក៏បាត់ដំណឹងលោក ប៉ែន នួន ហើយស្រាប់តែឈ្មោះ ស៊ិន ប៊ុល ជាអ្នកប្តឹងលោកឧកញ៉ា ប៉ែន នួន ហើយក៏ជាម្ចាស់ដើមបណ្តឹងរដ្ឋប្បវេណីផង។
អង្គហេតុបន្តថា ក្រោយមកលោក ប៉ែន នួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកំពត ពាក់ព័ន្ធបទឆបោក និងរំលោភទំនុកចិត្ត តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។
ក្នុងបន្ទប់សវនាការនៅតុលាការកំពូល នៅថ្ងៃទី ៣១ ឧសភា លោក អ៊ុក គឹមសិទ្ធិ តំណាងមហាអយ្យការបានថ្លែងយ៉ាងខ្លីថា សំណុំរឿងនេះ លោកទុកជូនក្រុមប្រឹក្សាជំនុំជម្រះពិចារណា និងសម្រេចតាមច្បាប់។
ជនត្រូវចោទ ប៉ែន នួន បានឆ្លើយប្រាប់តុលាការ ដោយគ្មានមេធាវីការពារសិទ្ធិ នៅក្នុងបន្ទប់សវនាការនៅថ្ងៃទី ៣១ ឧសភាថា គាត់បានប្រមូលទិញដីពីពលរដ្ឋមែន ហើយគាត់លក់ឱ្យគេបន្តទៀត តែភាគីម្ខាងទៀតមិនបានទូទាត់លុយឱ្យគាត់ក៏កើតមានបញ្ហានេះទៅ។
លោក ប៉ែន នួន និយាយថា៖ «ខ្ញុំបានជាប់ឃុំជិត ៥ ខែមកហើយ ហើយខ្ញុំប្តឹងសារទុក្ខមកតុលាការកំពូលដើម្បីសុំនៅក្រៅឃុំ ព្រោះខ្ញុំមានប្រពន្ធ និងមានកូន ៤ នាក់ទៀតត្រូវមើលថែ»៕